ភ្នំពេញ៖ នៅឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា គ្រោងដាំ និងចែកកូនឈើ១១ម៉ឺនដើម ដល់ពលរដ្ឋ ដែលមានបំណងដាំកូនឈើនៅតំបន់អង្គរ ទីវត្តអារាម សហគមន៍ និង សាលារៀន ដើម្បីបន្តអភិរក្សដើមឈើនៅកម្ពុជា។ នេះបើតាមការផ្សាយព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា។
កូនឈើទាំង១១ម៉ឺនដើមនោះ ភាគច្រើនជាប្រភេទដើមរំដួល ដើមសេមាន់ ដើមគុយ ដើមផ្ញៀវ ដើមផ្កាត្របែកព្រៃ ដើមផ្កាអ៊ិនតាណែល និង ប្រភេទដើមឈើមួយចំនួនទៀត។ កូនឈើទាំង១១ម៉ឺនដើម ជាប្រភេទដើមឈើព្រៃដែលមានផ្លែអាចហូបបាន និងជាឈើលម្អ។
រូបភាពដែលថតដោយអ្នកស្រី អ៊ីសា រ៉ហានី អ្នកសារព័ត៌មាននៅថ្មីៗ
អាជ្ញាធរជាតិអប្សរា បានដកស្រង់សំដីរបស់លោកស្រី ថៃ ប៊ុនធា បុគ្គលិកនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាថា ពលរដ្ឋដែលមានបំណងស្នើសុំកូនឈើយកទៅដាំ អាចទាក់ទងទៅស្នាក់ការអាជ្ញាធរជាតិអប្សរា។ បន្ទាប់ពីទទួលបានការស្នើសុំរួចហើយ មួយសប្តាហ៍ក្រោយមក ពលរដ្ឋអាចទទួលកូនឈើយកទៅដាំបាន។
បើតាមលោកស្រី ថៃ ប៊ុនធា កូនឈើភាគច្រើន ក្រុមការងារអាជ្ញាធរជាតិអប្សរាបានដើររើសគ្រាប់ពូជនៅតាមព្រៃក្នុងរមណីដ្ឋានអង្គរ ហើយពូជដើមឈើខ្លះអាជ្ញាធរក៏ទិញពីគេដែរ ដោយសារប្រភេទឈើខ្លះជាដើមឈើដ៏កម្រ និងជាដើមដែលខ្សត់ផ្លែ។
លោក ឡី គឹមស៊ី មន្ត្រីបច្ចេកទេសទទួលបន្ទុកការងារដាំ និងបណ្តុះកូនឈើនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗថា អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមដាំកូនឈើនារដូវវស្សា ពីខែកក្កដាតទៅ។
លោក បញ្ជាក់ថាថា៖«ចំពោះកូនឈើដែលបណ្ដុះទាំងអស់មាន២ គឺទី១ សម្រាប់ផ្គត់ផ្គង់ក្នុងឧទ្យានអង្គរ និង ទី២សម្រាប់ចែកចាយដល់អង្គភាពផ្សេងៗ ហើយប្រជាពលរដ្ឋមានបំណងយកទៅដាំដើម្បីភាពបៃតង ឬបង្កើតគម្របព្រៃ»។
លោក បន្តថា ដោយសារបរិបទជំងឺកូវីដ១៩ ធ្វើឲ្យគម្រោងរៀបចំយុទ្ធនាការដាំដើមឈើដូចឆ្នាំកន្លងមកក្នុងព្រៃឧទ្យានអង្គរ នៅជាប់គាំង។ លោក ពន្យល់ថា ប្រសិនបើស្ថានភាពល្អប្រសើរ ក្រុមការងារព្រៃឈើ នឹងបន្តរៀបចំយុទ្ធនាការតូចធំ ដើម្បីឲ្យមហាជនចូលរួមដាំ តែបើមិនដូច្នោះទេ គឺការដាំឆ្នាំនេះ នឹងធ្វើជាលក្ខណៈផ្ទៃក្នុងតាមគោលដៅដែលបានត្រៀមរួចរាល់។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា មានស្ថានីយបណ្តុះកូនឈើចំនួន៤ទីតាំង។ ទីតាំងទី១ ជាស្ថានីយបណ្តុះកូនឈើ៨ហិកតា ដែលបណ្តុះកូនឈើប្រណិត៤ប្រភេទរួមមានដើមរបេង គ្រញូង ច្រេះ និងធ្នង់។ ទីតាំងទី២ គឺស្ថានីយបណ្តុះកូនឈើប្រាសាទតាកែវ ដែលបណ្តុះប្រភេទកូនឈើលេខ១ លេខ២ លេខ៣ និងក្រៅលំដាប់ថ្នាក់។ ទីតាំងទី៣ ស្ថានីយបណ្តុះកូនឈើប្រាសាទតាកែវ ដែលបណ្តុះប្រភេទឈើលម្អ និងប្រភេទឈើហូបផ្លែព្រៃ និងទីតាំងទី៤ ស្ថានីយបាឡុង ដែលបណ្តុះ ថែទាំ និងផ្សាំកូនឈើបន្តវេនគ្រប់ប្រភេទ៕
រូបភាពដែលថតដោយអ្នកស្រី អ៊ីសា រ៉ហានី អ្នកសារព័ត៌មាននៅថ្មីៗ