COVID-19
ជាតិ
សុខភាព
ធ្លាប់មាន COVID-19 ៨ករណី ស្រុកកងមាស ត្រូវបានពង្រឹងដើម្បីទប់ស្កាត់រលកឆ្លងលើកទីពីរ
× ភ្នំពេញ៖ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ យកធ្វើជាតំបន់គំរូនៃការទប់ស្កាត់ការរាលដាល COVID-19 ជាលើកទីពីរ ដោយកន្លងមក ស្រុកមួយនេះ មានអ្នកឆ្លងរហូតដល់ទៅ៨ករណី។ លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានរម្លឹកថា ថ្វីដ្បិតមួយខែចុងក្រោយនេះ កម្ពុជាគ្មានករណីថ្មីឆ្លងនៃជំងឺកូវីដ-១៩ ប៉ុន្តែអត្រាឆ្លងជំងឺនេះ គឺនៅតែខ្ពស់ ប្រសិនបើពលរដ្ឋមិនរក្សាអនាម័យ និងងាកមកប្រមូលផ្តុំគ្នាច្រើន។
លោក លន់ សាយតេង បានបញ្ជាក់ថា មូលហេតុបានជាក្រសួងអភិវឌ្ឍន៍ជនបទយកស្រុកកងមាស ដែលមាន១១ឃុំ និង៩២ភូមិ ធ្វើជាកន្លែងយុទ្ធនាការអប់រំអនាម័យ និងលាងដៃជាមួយសាប៊ូ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យមានការឆ្លងរលកទីពីរ នោះគឺដោយសារស្រុកនេះ គឺជាតំបន់ដែលមានអ្នកឆ្លងកូវីដ-១៩ច្រើន កន្លងមក។ កំពង់ចាមមានអ្នកឆ្លងកូវីដ-១៩ ចំនួន១៦ករណីក្នុងចំណោម១២២ករណីទូទាំងប្រទេស ដែលក្នុងនោះ៨ករណីស្ថិតនៅស្រុកកងមាស (៦នាក់ជាជនជាតិម៉ាឡេស៊ី និង២នាក់ជាជនជាតិខ្មែរ)។ បច្ចុប្បន្ន កម្ពុជានៅសល់តែ១ករណីនៅខេត្តបន្ទាយមានជ័យប៉ុណ្ណោះ ខណៈ១២១នាក់បានជាសះស្បើយ។
លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។
ក្នុងយុទ្ធនាការអប់រំអនាម័យ និងលាងដៃជាមួយសាប៊ូ ដើម្បីការពារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១២ឧសភាឆ្នាំ២០២០ លោក សាយតេង បាននិយាយដូច្នេះ៖« ស្រុកនេះ យើងអន្តរាគមន៍បានមួយសាររួចមកហើយ។ ប៉ុន្តែយើងនៅតែបារម្ភនិងខ្លាចមានឆ្លងជំងឺនេះថ្មីទៀត ព្រោះស្រុកនេះ គឺជាដើមដំបូង នៃការឆ្លងជំងឺកូវីដ-១៩»។
ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទរូបនេះ បានបន្តថា៖« បច្ចុប្បន្នមានពលរដ្ឋមួយចំនួន បាត់ភ័យខ្លាចឆ្លងកូវីដ-១៩ ហើយលែងយកចិត្តទុកដាក់ក្នុងរក្សាគម្លាតសង្គមឡើយ ដែលធ្វើឱ្យយើងបារម្ភ និង ខ្លាចមានរលកទីពីរនៃការឆ្លងកូវីដ-១៩ជាយថាហេតុ»។ ដូច្នេះហើយបានជាក្រុមការងារបន្តសកម្មភាពអប់រំពលរដ្ឋជានិច្ច។ ក្រៅពីផ្សព្វផ្សាយអនាម័យ និងលាងដៃជាមួយសាប៊ូ ដល់ពលរដ្ឋក្នុងស្រុកកងមាស នោះ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ផ្តល់ជូន ទឹកអាល់កុល សាប៊ូ និងម៉ាស់ ដល់ពលរដ្ឋក្រីក្រ ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com