ភ្នំពេញ៖ ទូតអាមេរិក រំពឹងថា កិច្ចសហប្រតិបត្តិការរវាងអាមេរិក -កម្ពុជា នឹងផ្ដល់លទ្ធផលផ្លែផ្កាធំធេង នៅឆ្នាំ២០២០នេះ។ ក្តីរំពឹងរបស់លោក W. Patrick Murphy នេះ ស្របពេលអាមេរិកកំពុងពង្រឹងការជួយដោះស្រាយបញ្ហាកម្ពុជា តាមរយៈការផ្ដល់ជំនួយសំខាន់នានា។
មុននឹងបង្ហាញក្តីសង្ឃឹមលើលទ្ធផលល្អនៃកិច្ចសហការគ្នា នៅចំពោះមុខលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នោះ លោក W. Patrick Murphy ក៏បានលើកពីសមានចិត្តរបស់អាមេរិក ដែលបានផ្ដល់ជំនួយហិរញ្ញប្បទានជាបន្តបន្ទាប់ ក្នុងទំហំទឹកប្រាក់ ៣ ,៥ លានដុល្លារដល់កម្ពុជា ដើម្បីជួយបង្ការ និងទបស្កាត់ជំងឺកូវីដ១៩។ ទូតអាមេរិករូបនេះ បានអះអាងថា រដ្ឋាភិបាលខ្លួន ក៏នឹងបន្តជួយគាំទ្រ ហើយនឹងទម្លាក់ហិរញ្ញប្បទានបន្ថែមទៀតជូនរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយវិបត្តិកូវីដ១៩ទៀតផង។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី១២ ឧសភា លោក W. Patrick Murphy បានបញ្ជាក់ដូច្នេះថា៖«ឆ្នាំ២០២០ គឺជាខួបទី៧០ឆ្នាំ នៃចំណងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ក្រៅពីគម្រោងអភិវឌ្ឍន៍ សហរដ្ឋអាមេរិក គ្រោងនឹងផ្ដល់ជំនួយបច្ចេកទេសដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សិក្សាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលត្រូវការជំនាញបច្ចេកទេសខ្ពស់។ ក្នុងឆ្នាំ២០២០នេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងផ្ដល់លទ្ធផលផ្លែផ្កាកាន់តែធំធេងថែមទៀត»។
អាមេរិក បានផ្ដល់ហិរញ្ញប្បទានយ៉ាងច្រើនសម្រាប់បំពេញតម្រូវការអភិវឌ្ឍន៍នៅកម្ពុជា ដោយផ្ដោតលើវិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ មិនតែប៉ុណ្ណោះអាមេរិក ក៏បានផ្ដល់ជំនួយបច្ចេកទេសសម្រាប់ការងារកែទម្រង់ថវិកា ក្រោមក្របខណ្ឌនៃកម្មវិធីគ្របគ្រងហិរញ្ញវត្ថុសាធារណៈទៀតផង។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
រដ្ឋាភិបាលកម្ពុជា មានសេចក្តីសោមនស្ស ដែលបានសហការជាមួយដៃគូអភិវឌ្ឍន៍នានា រួមទាំងសហរដ្ឋអាមេរិក ដើម្បីអនុវត្តគោលនយោបាយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងគាំពារសង្គម ។ ជាពិសេសផ្ដោតទៅលើការជួយប្រជាជនក្រីក្រ និងជនងាយរងគ្រោះ។ សម្រាប់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន ជំនួយបច្ចេកទេស និងហិរញ្ញប្បទានរបស់អាមេរិកទាំងនេះ គឺជាគុណតម្លៃ សម្រាប់កម្ពុជា។ «ការជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាក្នុងគ្រាដ៏លំបាកនេះ មានតម្លៃធំធេងមិនអាចកាត់ថ្លៃបានសម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា»។នេះជាការបញ្ជាក់របស់លោក អូន ព័ន្ធមុនីរ័ត្ន។
គួររំឭកថា ទំនាក់ទំនងកម្ពុជានិងអាមេរិក មិនសូវល្អឡើយ ដោយគិតត្រឹមឆ្នាំ២០១៩។ នោះក៏ព្រោះតែអាមេរិក តែងតែរិះគន់លើស្ថានភាពនយោបាយកម្ពុជា និងនយោបាយការបរទេសកម្ពុជាថា ខិតជិតទៅរកចិន។ សម្រាប់កម្ពុជាវិញ ចាត់ទុកការរិះគន់របស់អាមេរិក ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។
ប៉ុន្តែទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក ចាប់ផ្ដើមវិលមកល្អប្រសើរបន្តិចម្ដងៗវិញ ក្រោយពីលោក Patrick Murphy ដែលជាឧបការរីរងនៃក្រសួងការបរទេសអាមេរិក ដែលទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា កាលពីចុងឆ្នាំ២០១៩មក។
ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីលោក ឈាង វណ្ណារិទ្ធ ធ្លាប់បានប្រាប់សារព័ត៌មានថ្មីៗថា វត្តមានលោក Murphy វាក៏បង្ហាញថា រដ្ឋបាលលោក ដូណាល់ ត្រាំ មិនព្រងើយកន្តើយចំពោះកម្ពុជានោះទេ។ បើតាមលោក ឈាង វណ្ណារិទ្ធ វត្តមានលោក Murphy មានទាំងរឿងវិជ្ជមាន និងអវិជ្ជមាន។
រឿងវិជ្ជមានដែលលោក ឈាង វណ្ណារិទ្ធ មើលឃើញនោះ គឺកម្ពុជាអាចធ្វើការយ៉ាងជិតស្និទជាមួយលោក Patrick Murphy ដែលជាមន្ត្រីការទូតអាមេរិកមួយរូប យល់ដឹងពីបញ្ហាភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកច្បាស់។ ជាពិសេសវាជាឱកាសល្អសម្រាប់កម្ពុជា អាចបកស្រាយទាល់មុខជាមួយអាមេរិក តាមរយៈលោក Murphy រាល់បញ្ហានានា ដែលអាមេរិកសង្ស័យលើកម្ពុជា ត្រង់ទៅត្រង់មក។
ចំណែករឿងអវិជ្ជមានវិញនោះ លោក ឈាង វណ្ណារិទ្ធ នៅតែមើលឃើញថា អាមេរិក មិនបោះបង់គោលបំណងទប់ស្កាត់ឥទ្ធិពលចិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះឡើយ តាមរយៈវត្តមានលោក Murphy ដែលស្គាល់ភូមិសាស្ត្រច្បាស់ នៅតំបន់ឥណ្ឌូចិននេះ ។ សម្រាប់លោក វណ្ណារិទ្ធ កម្ពុជានឹងក្លាយជាទីកន្លែងប្រកួតប្រជែងឥទ្ធិពលនយោបាយរបស់ប្រទេសមហាអំណាច ដែលអាចអូសបន្លាយរយៈពេលយូរអង្វែងទៀត ។
ប៉ុន្តែអ្វីដែលកម្ពុជា អាចធ្វើបានដើម្បីទប់ស្កាត់បញ្ហាប្រជែងអំណាចរបស់មហាយក្សចិន និងអាមេរិកនេះ គឺវាគ្មានអ្វីក្រៅពីការបង្រួបបង្រួមផ្ទៃក្នុង ដោយប្រកាន់ជំហររួមគ្នាតែមួយ ហើយចៀសវាងការមាននិន្នាការអាមេរិកនិយម ឬចិននិយម ដែលនាំឱ្យកម្ពុជាផុងខ្លួនក្លាយជាកូនអុក នៃមនោគមវិទ្យាពួកមហាអំណាចឡើយ។ នេះជាការលើកឡើងរបស់ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី៕