កីឡាអន្តរជាតិ
អន្តរជាតិ
FA និង FIFA ត្រូវ​ប៉ះគ្នា​នៅ​តុលាការ ជុំវិញ​ការដាក់ទណ្ឌកម្ម Chelsea លើ​ការ​ទិញដូរ​កីឡាករ​
14, May 2020 , 9:59 pm        
រូបភាព
សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) នឹង​ប្រឈមមុខ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) នៅ​តុលាការ​អាជ្ញាកណ្ដាល​កីឡា​នៅ​ខែក្រោយ​ពាក់ព័ន្ធ​ការសម្រេចចិត្ត​ហាម​ការផ្ទេរ​កីឡាករ​របស់ Chelsea​។​


Chelsea ត្រូវបាន​ដាក់ទណ្ឌកម្ម​មិន​ឲ្យ​មានការ​ទិញដូរ​កីឡាករ​ថ្មី​ចូល​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ ពីបទ​រំលោភ​លើ​ច្បាប់​ទាក់ទង​នឹង​ការផ្ទេរ​កីឡាករ​អន្តរជាតិ និង​ការទិញចូល​កីឡាករ​ក្រោម​អាយុ​១៨​ឆ្នាំ​លើស​កំណត់​។​
 
​ដំបូង​ឡើយ FIFA បានសម្រេច​ហាម​ក្លិប​រហស្សនាម​តោ​ខៀវ​មិន​ឲ្យ​ទិញ​កីឡាករ​ថ្មី​ចូល​នៅ​អំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វារ​ចំនួន​ពីរលើក​ក្នុង​រដូវ​កាល ២០១៩-២០​។ ក្រោយមក​ក៏ត្រូវ​បាន​បន្ធូ​បន្ថយ​ការហាម​ប្រាម​ពាក់កណ្តាល​មកវិញ​ក្រោយ​ក្លិប​Chelsea ប្តឹង​ឧទ្ធរណ៍​។​
 
Chelsea ត្រូវ FIFA ពិន័យ​ជា​ប្រាក់​ចំនួន ៦០០០០០ ហ្វ្រ​ង់​ស្វី​ស (៦០​ម៉ឺន​ដុល្លារ​អាមេរិក​) ខណៈ FA ក៏​ទទួល​ការពិន័យ​ពី​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​មួយ​នេះ​ចំនួន ៥១០០០០ ហ្វ្រ​ង់​ស្វី​ស (​ជាង​៥០​ម៉ឺន​ដុល្លារ​) ផងដែរ​លើ​ដំណើរការ​ចុះឈ្មោះ​កីឡាករ​ខាងលើ​។ យ៉ាងណាក៏ដោយ FA មិន​សុខ​ចិត្តនឹង​ការពិន័យ​នេះ​ទេ​ហើយ​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង FIFA វិញ ហើយ​បានដាក់​ពាក្យ​ប្ដឹង​ជំទាស់​ទៅ​តុលាការ​អាជ្ញាកណ្តាល​កីឡា (CAS) រួចហើយ​។ សវនាការ​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៦ ខែមិថុនា​។​
 
​នៅ​ថ្ងៃទី​១៣ ខែឧសភា អ្នកនាំពាក្យ​របស់ FA បាន​និយាយថា​៖« FA បាន​សហការ​យ៉ាង​ពេញទំហឹង​ជាមួយនឹង​ការស៊ើបអង្កេត​របស់ FIFA ពីព្រោះ​នេះ​ជា​ដំណើរការ​ស្របច្បាប់​ដែល​កំពុង​បន្ត ហើយ​យើង​នឹងមិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែមទៀត​នោះទេ​ជុំវិញ​ករណីនេះ​»៕

Tag:
 FIFA
  FA
  Chelsea
  CAS
© រក្សាសិទ្ធិដោយ thmeythmey.com