ជាតិ
ករណីរថយន្តបាត់គ្រឿង! នគរបាលអង្គស្នួលប្រគល់១២០០ដុល្លារទៅម្ចាស់រថយន្ត
× លោក សុខ សំណាង នាយផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋានស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៤ ខែឧសភា បានប្រគល់ថវិកាចំនួន១២០០ដុល្លារអាមេរិក ដល់តំណាងម្ចាស់រថយន្ត ដែលបានបាត់បង់សម្ភារមួយចំនួន ក្រោយការឃាត់ទុកនៅអធិការដ្ឋាន។ រថយន្តនោះ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍មួយតាំងពីខែមេសា ឆ្នាំ២០១៩។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ហុក តាំងហុង ថតវីដេអូផ្សព្វផ្សាយពីរថយន្តដែលបានបាត់បង់គ្រឿង មួយចំនួនក្រោយការឃាត់ទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។ ក្រោយអធិការដ្ឋាននគរបាលស្រុក បានទទួលស្គាល់ចំពោះការបាត់បង់ ដូចជាធុងទឹក ម៉ាឡេស៊ី ចង្កៀងមុខមួយគួរ ដោយបានបញ្ជាក់ថា បណ្តាលមកពីកង្វះខាតនៃការគ្រប់គ្រង។
ថ្ងៃទី១៤ ខែឧសភា នេះ វិវាទពាក់ព័ន្ធនឹងការបាត់សម្ភាររថយន្តត្រូវបានដោះស្រាយ ដោយអធិការដ្ឋានអង្គស្នួល ជួយថវិកា១២០០ដុល្លារអាមេរិកដល់ម្ចាស់រថយន្តឈ្មោះ នូ វិរៈ ហើយ លោក ហុក តាំងហុង រស់នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដែលត្រូវជាបងថ្លៃ និងជាអ្នកថត LIVE វីដេអូ បានទទួលថវិកាផ្ទាល់ដៃពីលោក សុខ សំណាង។
លោក សុខ សំណាង ប្រធានផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ដោយសាររថយន្តនោះ ទុកឆ្ងាយពីអធិការដ្ឋាននគរបាល ប្រមាណ២០០ម៉ែត្រ ហើយរយៈពេលយូរទើបបណ្ដាលឲ្យបាត់គ្រឿងមួយចំនួន។
លោក ថ្លែងថា៖ «ដោយសារនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទើបសម្រេចប្រគល់ថវិកានិងជួយដល់ម្ចាស់ឡាន ១២០០ដុល្លារ។ ហើយកម្លាំងក្រុមការងារនឹងធ្វើការស្រាវជ្រាវស៊ើបបន្ត ឲ្យដឹងថាតើអ្នកណាជាអ្នកលួច»៕
© រក្សាសិទ្ធិដោយ thmeythmey.com