COVID-19
អន្តរជាតិ
ប៊ូ​រុន​ឌី​បណ្ដេញ​តំណាង WHO ចេញពី​ប្រទេស ដោយ​ចោទថា លូកលាន់​ផ្ទៃក្នុង​រឿង COVID-19
14, May 2020 , 10:19 pm        
រូបភាព
តំណាង WHO ប្រចាំប៊ូរុនឌីលោក Walter Kazadi Mulombo ។ រូបភាពពីហ្វេសប៊ុកលោក Walter
តំណាង WHO ប្រចាំប៊ូរុនឌីលោក Walter Kazadi Mulombo ។ រូបភាពពីហ្វេសប៊ុកលោក Walter
រដ្ឋ​អាហ្វ្រិក​ខាងកើត​ប៊ូ​រុន​ឌី បាន​បញ្ជា​ឲ្យ​តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) និង​មន្ត្រី​បីនាក់​ចាកចេញ​ពី​ប្រទេស​ដោយ​ទុកពេល​៧២​ម៉ោង​ឲ្យ​របៀប​ចំ​បង្វេច​។ នេះ​បើតាម​លិខិត​ក្រសួងការបរទេស​រប​ស់ប៊ូ​រុន​ឌី​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​១៤ ខែឧសភា​។ លិខិត​នេះ មិន​បញ្ជាក់​ពី​មូលហេតុ​ឡើយ ប៉ុន្តែ​មន្ត្រី​ប៊ូ​រុន​ឌី​និយាយថា មន្ត្រី WHO លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ទាក់ទង​ការឆ្លើយតប​នឹង​ជំងឺ COVID-19 ។​



​នៅក្នុង​លិខិត​របស់​ក្រសួងការបរទេស​ប៊ូ​រុន​ឌី​ចុះ​ថ្ងៃទី​១២ ខែឧសភា មន្ត្រី WHO ចំនួន​៤​នាក់ ត្រូវ​ប្រកាស​ជា «​ជន​មិនត្រូវ​ស្វាគមន៍​» ដោយ​ចាក​ចេញពី​ទឹកដី​ប៊ូ​រុន​ឌី​នៅត្រឹម​ថ្ងៃទី​១៥ ខែឧសភា​។ លិខិត​នេះ ផ្ញើ​ទៅកាន់​ការិយាល័យ WHO ប្រចាំ​តំបន់​អាហ្វ្រិក​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រី​WHO ដែល​ត្រូវ​បណ្ដេញចេញ​រួមមាន​តំណាង​ជាន់ខ្ពស់​ប្រចាំ​ប៊ូ​រុន​ឌី លោក Walter Kazadi Mulombo, អ្នកសម្របសម្រួល​ផ្នែក​ជំងឺ COVID-19 លោក Jean Pierre Mulunda Nkata, ប្រធាន​ផ្នែក​ជំងឺឆ្លង លោក Ruhana Mirindi Bisimwa និង​អ្នកជំនាញ​បន្ទប់ពិសោធន៍​លោក Daniel Tarzy ។ 
 
​មន្ត្រី​ប៊ូ​រុន​ឌី​ម្នាក់​ប្រាប់ AFP ថា WHO បាន​ជួយ​គាំទ្រ​ប៊ូ​រុន​ឌី​ក្នុងការ​ទប់ទល់​ជំងឺ COVID-19 ។ មន្ត្រី​ដដែល​នេះ​បន្ថែមថា WHO ត្រូវបាន​ផាត់​ចេញពី​យុទ្ធនា​ការឆ្លើយតប​នឹង​ជំងឺ COVID-19 ពី​សំណាក់​រដ្ឋមន្ត្រី​សុខាភិបាល ដោយ​ចោទថា កកូរកកាយ​ក្នុងការ​គ្រប់គ្រង​ជំងឺ​សាកល​មួយ​នេះ ដែលជា​រឿង​មិន​ទទួលយក​បានឡើយ​។​
 
​លិខិត​របស់​ក្រសួងការបរទេស​ប៊ូ​រុន​ឌី មិនបាន​បញ្ជាក់​ហេតុផល​នៃ​ការបណ្ដេញចេញ​នេះ​ទេ​។ ប៉ុន្តែ​ប្រភពព័ត៌មាន​ជាច្រើន​រាយការណ៍​ថា ក្រសួងការបរទេសរ​ដ្ឋ​អាហ្វ្រិក​មួយ​នេះ បាន​ព្យាយាម​បណ្ដេញ​ពួកគេ​ម្ដង​ហើយ​កាលពី​មួយខែ​មុន​។ រឿងរ៉ាវ​នេះ ទំនងជា​ទាក់ទង​នឹង​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ក្រុង​ប៊ូ​យ៉ាំ​ប៊ូ​រ៉ា​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី សមាជិកសភា និង​មន្ត្រី​ថ្នាក់​តំបន់​នៅ​ថ្ងៃទី​២០ ខែឧសភា​ខាងមុខ​។​
 
​កា​លូកលាន់​ផ្ទៃក្នុង​ដែល​មន្ត្រី​ប៊ូ​រុន​ឌី​លើកឡើង​ខាងលើ ទំនងជា​ពាក់ព័ន្ធ​ការបោះឆ្នោត​នេះ​តែម្ដង​។ បើ​ទោះ​គ្មាន​ព័ត៌មាន​លម្អិត តំណាង WHO ប្រហែលជា​ស្នើ​ឲ្យ​មានការ​ពន្យារ​ការបោះឆ្នោត​នេះ ព្រោះ​បង្ក​ជា​ហានិភ័យ​នៃ​ការឆ្លង COVID-19 ។ គិត​ត្រឹម​ពេលនេះ ប៊ូ​រុន​ឌី​ដែលមាន​ប្រជាជន​ប្រមាណ​១២​លាន​នាក់ មាន​ករណី​ឆ្លង COVID-19 ចំនួន​១៥​នាក់ និង​ស្លាប់​មួយ​នាក់​៕
 

Tag:
 WHO
  COVID-19
  ប៊ូ​រុន​ឌី​
© រក្សាសិទ្ធិដោយ thmeythmey.com