ជាតិ
បាត់ដំបង មានតំបន់ទេសចរណ៍សក្តានុពលជាង៥០កន្លែង សម្រាប់ភ្ញៀវទេសចរទៅកម្សាន្ត លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍បាត់ដំបង (រូបភាពពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល)
× ភ្នំពេញ៖ ខេត្តបាត់ដំបង ជាខេត្តមួយដែលសម្បូរដោយសក្ដានុពលទេសចរណ៍បែបធម្មជាតិ កែច្នៃ និងបែបវប្បធម៌ ដោយមានតំបន់ទេសចរណ៍ចំនួន៥៤កន្លែង ក្នុងនោះរាប់បញ្ចូលវត្តគំរូចំនួន១០ផងដែរ។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។
នាសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបាត់ដំបង» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែឧសភា លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានលើកឡើងថា ក្នុងមួយឆ្នាំ២០១៩ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរបរទេសជាង ១សែននាក់ ហើយចំនួនភ្ញៀវទេសចរសរុបកើនឡើងជាង៨ភាគរយ បើប្រៀបធៀបឆ្នាំ២០១៨។ លោកមានប្រសាសន៍ដូច្នេះថា៖«ពីមុនភ្ញៀវទេសចរមាននិន្នាការថា ចេញពីភ្នំពេញ ទៅលេងតំបន់ឆ្នេរ តំបន់ភូមិភាគឦសាន ឬសៀមរាប ប៉ុន្តែបច្ចុប្បន្ននេះ ស្ទើរគ្មានអ្នករំលងខេត្តបាត់ដំបងទេ ព្រោះគេចេញពីភ្នំពេញ-សៀមរាប អាចចូលមកបាត់ដំបង ឬមកពីបណ្ដាខេត្តផ្សេងៗក៏មកស្នាក់នៅខេត្តបាត់ដំបងដែរ»។
ប្រធានមន្ទីរទេសចរណ៍បាត់ដំបងរូបនេះ បានបន្ថែមថា សម្រាប់ភ្ញៀវទេសចរបរទេសនិយមទៅកម្សាន្តតាមរមណីយដ្ឋានបែបប្រវត្ថិសាស្ត្រ ដូចជាប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទបាសែត និងភ្នំសំពៅជាដើម។ រីឯ ភ្ញៀវជាតិ និយមទៅកម្សាន្តកន្លែងទេសចរណ៍បែបធម្មជាតិ កន្លែងលេងទឹក និងឡូរីបាត់ដំបង។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានពង្រឹងសេវាកម្មតំបន់ទេសចរណ៍ទាំងអស់ តាមបណ្ដាស្រុក ជាពិសេសស្រុកបាណន់ និងស្រុកសំឡូត ដើម្បីធ្វើឲ្យភ្ញៀវទេសចរស្នាក់នៅខេត្តបាត់ដំបងរយៈពេលយូរផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com