កីឡាអន្តរជាតិ
អន្តរជាតិ
គូដណ្តឹងអ្នកកាសែត Khashoggi អង្វរអ្នកគាំទ្រ Newcastle ឲ្យជួយបញ្ឈប់ការលក់ក្លិបឲ្យរជ្ជទាយាទ Salman
× គូដណ្តឹងរបស់អ្នកសារព័ត៌មាន Jamal Khashoggi ដែលត្រូវបានសម្លាប់ ព្យាយាមប្រាប់ឲ្យអ្នកគាំទ្រ Newcastle United រួបរួមគ្នាការពារក្លិបដោយប្រឆាំងនឹងការស្នើសុំទិញក្លិបពីសំណាក់មូលនិធិវិនិយោគរបស់អារ៉ាប៊ីសាអូឌីត (PIF) ដែលគាំទ្រដោយរជ្ជទាយាទ Mohammed Bin Salman។
អ្នកនាង Hatice Cengiz បានអំពាវនាវតាមរយៈលិខិតចំហមួយនៅថ្ងៃទី១៣ ខែឧសភា ថាក្រុមវិនិយោគ PIF ដែលដឹកនាំដោយរជ្ជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត Bin Salman កំពុងស្ថិតនៅក្នុងការចរចា ទិញក្លិបក្នុងក្របខណ្ឌ Premier League មួយនេះ។
អ្នកនាង Cengiz គូដណ្តឹងរបស់អ្នកកាសែត Khashoggi ដែលត្រូវបានសម្លាប់ នៅស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុង Istanbul ប្រទេសតួកគី បានសរសេរនៅក្នុងលិខិតនោះហើយបង្ហោះលើ Twitter ថា៖« ខ្ញុំដឹងថា អ្នកទាំងអស់គ្នាភាគច្រើន ត្រូវបានលួងលោមពីសំណាក់ព្រះអង្គម្ចាស់ Bin Salman ដើម្បីជួយក្លិបចេញពីស្ថានភាពធ្ងន់ធ្ងរ។ ប៉ុន្តែព្រះអង្គម្ចាស់រូបនេះ ត្រូវបានចោទប្រកាន់ពីបទបញ្ជាឲ្យធ្វើឃាតលើ Khashoggi »។
Cengiz បន្ថែមថា ការស៊ើបអង្កេតដែលអាចទុកចិត្តបានទាំងអស់ បានបង្ហាញពីការទទួលខុសត្រូវរបស់ព្រះអង្គ។ ប៉ុន្តែព្រះអង្គម្ចាស់ Bin Salman មិនត្រូវបានកាត់ទោស នៅក្នុងប្រទេសរបស់ខ្លួនឡើយ បើទោះបានប្រើរបៀបគ្រប់គ្រងប្រទេស ដោយប្រើកណ្តាប់ដៃដែកក្តី។
ក្លិប Newcastle United អាចនឹងឈានដល់កិច្ចព្រមព្រៀងលក់ ក្នុងតម្លៃ ៣០០ លានផោន (៣៦៨ លានដុល្លារអាមេរិក) ទៅឲ្យក្រុមហ៊ុនក្រុមវិនិយោគ PIF របស់ព្រះអង្គម្ចាស់ Bin Salman។ ស្របពេលគ្នានេះ នាង Cengiz បានអង្វរករដល់ក្រុមអ្នកគាំទ្រក្រុមសារិកាព្រៃទាំងអស់ ត្រូវរួបរួមគ្នាដើម្បីការពារក្លិបជាទីស្រឡាញ់របស់ខ្លួន ដោយគេចចេញពីការកាន់កាប់របស់ព្រះអង្គម្ចាស់ Bin Salman។
«ពួកគេកំពុងផ្លាស់ប្តូរនេះ មិនមែនដើម្បីជួយអ្នក និងមិនមែនជាការគិតគូរពីផលប្រយោជន៍របស់អ្នកទេ ប៉ុន្តែគឺដើម្បីបម្រើតែខ្លួនឯងប៉ុណ្ណោះ»។ គូដណ្តឹងរបស់អ្នកកាសែត Khashoggi បន្ថែមដូច្នេះ។
កន្លងមក អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានអំពាវនាវឲ្យអាជ្ញាធរអារ៉ាប៊ីសាអូឌីត បង្ហាញពីព័ត៌មានទាំងអស់ដែលខ្លួនមាន ជុំវិញរឿងក្តីឃាតកម្មលោក Khashoggi អតីតអ្នកកាសែត Washington Post ដែលត្រូវបានសម្លាប់ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតក្នុងទីក្រុង Istanbul ប្រទេសតួកគី៕
Tag:
Jamal Khashoggi
Mohammed Bin Salman
Newcastle United
© រក្សាសិទ្ធិដោយ thmeythmey.com