ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ទទួលទានទឹកក្ដៅឧណ្ហនិងទឹកឃ្មុំ ប៉ុន្តែប្រហែលជាមិនដែលចាប់អាម្មណ៍ទេថាប្រសិនបើរួមបញ្ចូលគ្នាវានឹងក្លាយជាភេសជ្ជៈដ៏ប្រសើរបំផុតមួយសម្រាប់សុខភាព។ ថាតើទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំអាចផ្ដល់អត្ថប្រយោជន៍យ៉ាងណាខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបធ្វើភេសជ្ជៈធម្មជាតិនេះ ព្រមទាំងផលល្អៗរបស់វា ៖
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារម្ខាងក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ រួចបន្ថែមទឹកឃ្មុំធម្មជាតិ ១ ស្លាបព្រាបាយចូល។ កូរឱ្យសព្វ សឹមទទួលទានរាល់ព្រឹកមុនអាហារ ៣០ នាទី។ ប៉ុន្តែអ្នកក៏អាចទទួលទាននៅពេលផ្សេងទៀតខុសពីពេលព្រឹកផងដែរ។
១. បង្កើនថាមពលរាងកាយ
នេះក៏ព្រោះតែទឹកឃ្មុំមានផ្ទុកនូវជាតិស្ករធម្មជាតិដែលផ្ដល់ថាមពលដល់រាល់កោសិកាក្នុងរាងកាយ។ ភេសជ្ជៈនេះក៏ជួយរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយផងដែរ។
២. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ទឹកក្រូចឆ្មារស្រស់ដែលអ្នកបានបន្ថែមក្នុងទឹកក្ដៅឧណ្ហៗលាយជាមួយទឹកឃ្មុំជាប្រភពដ៏ប្រសើរនៃវីតាមីន C ។ ហើយវីតាមីននេះចាំបាច់ណាស់សម្រាប់ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ រីឯទឹកឃ្មុំវិញមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលកម្ចាត់រ៉ាឌីកាល់សេរីមិនឱ្យជះឥទ្ធិពលដល់ប្រព័ន្ធភាពស៊ាំរាងកាយ ក៏ដូចជាសុខភាពទាំងមូល។
៣. កាត់បន្ថយការឈឺចាប់
នេះក៏ព្រោះតែទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រឆាំងការរលាក។ ហើយនេះជាមូលហេតុដែលការទទួលទានទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំជាប្រចាំអាចជួយដោះស្រាយបញ្ហាររលាករ៉ាំរ៉ៃក្នុងរាងកាយ ព្រមទាំងអាការៈឈឺសន្លាក់ ឡើងរឹង និងហើមពិសេសនៅពេលព្រឹក។
៤. ជួយឱ្យស្រកទម្ងន់
នោះក៏ព្រោះតែក្រូចឆ្មារនិងទឹកឃ្មុំមានផ្ទុកសារធាតុ polyphenol និងជាតិសសៃ pectin ដែលជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងងាយជៀសផុតពីជំងឺធាត់ជ្រុល។ ចូរទទួលទានទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំនៅរាល់ពេលអ្នកឃ្លានអ្វីដែលផ្អែមៗខ្លាំង។ ភេសជ្ជៈនេះជួយកាត់បន្ថយចំណង់អាហារ។
៥. ប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម
ទាំងក្រូចឆ្មារនិងទឹកឃ្មុំ គឺសុទ្ធតែមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងវីតាមីន C ដែលប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីជួយទប់ស្កាត់និងកម្ចាត់រ៉ាឌីកាល់សេរីមិនឱ្យបំផ្លាញកោសិកាបង្កជាជំងឺគួរឱ្យព្រួយបារម្ភផ្សេងៗដូចជា ជំងឺភ្លេចភ្លាំង ជំងឺទឹកនោមផ្អែម ជំងឺដាច់សសៃឈាមខួរក្បាលនិងជំងឺ
បេះដូង៕
ត្រួតពិនិត្យដោយ www.health.com.kh