ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! សញ្ញា​ព្រមាន​នៃ​បញ្ហា​តម្រងនោម​
15, May 2020 , 8:59 pm        
រូបភាព
​តម្រងនោម​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការរក្សា​សុខភាព​រាងកាយ​ល្អប្រសើរ​។​វា​ជួយ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម គ្រប់គ្រង​កម្រិត​នៃ​សម្ពាធ​ឈាម បន្សាប​ជាតិពុល​សរីរាង្គ​ខាងក្នុង បញ្ចេញ​ជាតិ​ទឹក ឬ​សារធាតុ​រាវ​ដែល​លើស បញ្ចេញ​កាកសំណល់​តាមរយៈ​ទឹកនោម ច្រោះ​ឈាម ផលិត​អ័រម៉ូន​និង​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​រ៉ែ​ចាំបាច់​ទាំងអស់​ក្នុង​ឈាម​។ ទាំងនេះហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ធ្វើយ៉ាងណា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​តម្រងនោម​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាកា​រៈទូ​ទៅមួយ​ចំនួន​ដែល​កើតឡើង​ពេល​តម្រងនោម​មាន​បញ្ហា ៖

 
១. ស្បែក​ស្ងួត​និង​រមាស់​
 
​មួយ​ក្នុងចំណោម​តួនាទី​ជាច្រើន​របស់​តម្រងនោម គឺ​ការរក្សា​តុល្យភាព​នៃ​សារធាតុចិញ្ចឹម​និង​ជាត​រ៉ែ​ក្នុង​ឈាម​។ ដូច្នេះ​នៅពេល​តម្រងនោម​មានប​ញ្ហា​ស្បែក​អាច​ជួបប្រទះ​អាកា​រៈ​អតុល្យភាព​នៃ​សារធាតុចិញ្ចឹម​និង​ជាតិ​រ៉ែ​។ ជា​លទ្ធផល​ស្បែក​ប្រែជា​ស្ងួត​និង​រមាស់​ខុសធម្មតា​! រោគសញ្ញា​ទាំងនេះ​អាច​នឹង​
​លេចឡើង​ដោយសារតែ​បរិមាណ​ការកើនឡើង​នូវ​ជាតិ​ផូស្វ័រ​ច្រើន​ហួស​ក្នុង​រាងកាយ ខណៈដែល​តម្រងនោម​មិនអាច​ដំណើរ​មុខងារ​ប្រក្រតី​។ ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ប្រសិនបើ​អ្នក​សង្ស័យថា​ភាពប្រែប្រួល​នៃ​ស្បែក​មិនមែន​មកពី​បញ្ហា​ស្បែក​ណាមួយ​។​
 
២. អស់កម្លាំង​ល្ហិតល្ហៃ​
 
​ជាតិពុល​និង​កាកសំណល់​អាច​ប្រមូលផ្ដុំ​ក្នុង​ប្រព័ន្ធ​រាងកាយ​ប្រសិនបើ​តម្រងនោម​ដំណើរការ​មុខងារ​មិន​ប្រក្រតី​។ ជា​លទ្ធផល​អ្នក​នឹងមាន​អារម្មណ៍​អស់កម្លាំង​ល្ហិតល្ហៃ​ខុសធម្មតា​សូម្បីតែ​មិន​ធ្វើ​សកម្មភាព​រាងកាយ​ណាមួយ​ខ្លាំងក្លា​សោះ​។​
 
៣. ខ្វះ​គ្រាប់​ឈាមក្រហម​
 
​នេះ​ក៏​ព្រោះតែ​តម្រងនោម​ក៏មាន​មុខងារ​ផលិត​អ័រម៉ូន​ដែល​ជម្រុញ​ខួរឆ្អឹង​ឱ្យ​ផលិត​គ្រាប់​ឈាមក្រហម​ផងដែរ​។ ដូច្នេះ​កង្វះ​គ្រាប់​ឈាមក្រហម​ក៏​អាច​ផ្សារភ្ជាប់​នឹង​បញ្ហា​តម្រងនោម​គួរឱ្យកត់សម្គាល់​។​
 
៤. បញ្ហា​ពាក់ព័ន្ធ​សាច់ដុំ​
 
​ការឈឺចាប់​រមួល​សាច់ដុំ​រ៉ាំរ៉ៃ​អាច​ចង្អុលបង្ហាញ​ពី​អតុល្យភាព​នៃ​អេ​ឡិច​ត្រូ​លីត្រ​ក្នុង​រាងកាយ​។ ជាតិ​ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម សុទ្ធតែជា​អេ​ឡិច​ត្រូ​លីត្រ​ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​មុខងារ​នៃ​សាច់ដុំ រួមទាំង​ការប្រែប្រួល​ផ្សេងៗ​ដែល​អាច​បណ្ដាលអោយ​កើតមាន​បញ្ហា​រមួល​សាច់ដុំ​។ ទោះជា​យ៉ាងណាក៏ដោយ មិនមែន​តែ​បញ្ហា​នៃ​កង្វះ​ជាតិ​ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម​ប៉ុណ្ណោះ​ទេ​ដែល​បង្កបញ្ហា​រមួល​សាច់ដុំ ប៉ុន្តែ​ក៏​បណ្ដាលមកពី​បញ្ហា​សារធាតុ​រាវ​ច្រើន​លើស​ផងដែរ​។ ហើយ​ការ​រលាក​នៃ​តម្រងនោម​ដែល​សង្កត់​លើ​ចុង​ស​សៃ​ប្រសាទ​នៃ​សាច់ដុំ​ជុំវិញ​នឹង​អាច​នាំអោយមាន​អារម្មណ៍​ឈឺចាប់​។​
 
៥. នោម​ញឹក​ពេលយប់​
 
​តម្រងនោម​មាន​បញ្ហា​មិនអាច​ដំណើរការ​មុខងារ​បាន​ប្រក្រតី​ឡើយ​។ នេះហើយ​ជា​មូល​ហេតុដែល​អ្នកមាន​ជំងឺ​តម្រងនោម​ច្រើនតែ​នោម​ញឹក​ជាង​ធម្មតា​ពិសេស​នៅពេល​យប់​។ អ្នក​អាច​សម្គាល់​ឃើញថា​ទឹកនោម​ឡើង​ពពុះ​ខ្លាំង​ផងដែរ​។​
 
៦. ហើម​ប្រអប់ជើង​និង​កជើង​
 
​ការ​ហើម គឺ​បណ្ដាលមកពី​បរិមាណ​ជាតិ​ទឹក​ច្រើន​ហួស​ក្នុង​ចន្លោះ​រវាង​កោសិកា​ពីមួយ​ទៅមួយ នៅពេល​តម្រងនោម​ដំណើរការ​មុខងារ​ខុសធម្មតា​មិនអាច​បញ្ចេញ​ជាតិ​ទឺ​ក ឬ​សារធាតុ​រាវ​ដែល​លើស​ចេញពី​រាងកាយ​បាន​។ ដំបូង​រោគសញ្ញា​នេះ​លេចឡើង​ត្រង់​ប្រអប់ជើង មុខ និង​ត្របកភ្នែក ប៉ុន្តែ​ក្រោយមក​ក៏​រាលដាល​ពេញ​រាងកាយ​តែម្ដង​។ ការ​ហើម​អាច​វិវត្តន៍​លឿន​ណាស់ ហើយ​ជា​ញឹកញយ​អាច​អម​មកជា​មួយ​នូវ​អាកា​រៈ មុខ​ស្លេកស្លាំង និង​ស្បែក​ស្ងួត​ទោះបី​សីតុណ្ហភាព​ស្បែក​មិន​ប្រែប្រួល​ក៏ដោយ​។ ហើយ​ប្រសិនបើ​អ្នក​សង្កត់​ត្រង​កន្លែង​ហើម អ្នកនឹង​ឃើញ​ស្នាម​មួយ​ដែល​នឹង​បាត់​ទៅវិញ​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។ រោគសញ្ញា​ផ្សេងទៀត​អាចជា ការ​ងងុយគេង​មិន​ឈប់ ឈឺក្បាល​ប្រកាំង ការឈឺចាប់​ក្នុង​ឆ្អឹង និង​សាច់ដុំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com