កម្ពុជា​រំពឹងថា​ការនាំ​អង្ករ​ចេញ​មាន​កំណើន​ខ្លាំង ខណៈ​តម្រូវការ​ច្រើន​ពេល​មាន​ជំងឺ​កូ​វីដ​
ជាតិ
សេដ្ឋកិច្ច
កម្ពុជា​រំពឹងថា​ការនាំ​អង្ករ​ចេញ​មាន​កំណើន​ខ្លាំង ខណៈ​តម្រូវការ​ច្រើន​ពេល​មាន​ជំងឺ​កូ​វីដ​
15, May 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ ប្រភេទអង្ករជាច្រើនត្រូវបានលក់នៅតូបមួយ ក្នុងផ្សារអូរឬស្សី កាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៥។ (ប៉ាង ចំណាន/VOA)
រូបឯកសារ៖ ប្រភេទអង្ករជាច្រើនត្រូវបានលក់នៅតូបមួយ ក្នុងផ្សារអូរឬស្សី កាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៥។ (ប៉ាង ចំណាន/VOA)
ដោយ: VOA
​ភ្នំពេញ ៖ ការនាំ​អង្ករ​របស់​កម្ពុជា​ចេញទៅ​ក្រៅប្រទេស​អាច​នឹង​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុងឆ្នាំនេះ បើ​មើល​ទៅលើ​សន្ទុះ​នៃ​កំណើន​នាំចេញ​ក្នុង​រយៈពេល ៤ ខែ ឆ្នាំ ២០២០ និង​ស្រប​ពេលដែល​រដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​មានការ​នាំ​អង្ក​រស​ចេញទៅ​លក់​ទីផ្សារ​ក្រៅប្រទេស​ឡើងវិញ​។ នេះ​បើតាម​មន្ត្រី​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។​

 
​កម្ពុជា​បានសម្រេច​អនុញ្ញាត​ឲ្យ​នាំ​អង្ក​រស​របស់ខ្លួន​ចេញទៅ​លក់​ទីផ្សារ​ក្រៅប្រទេស​ឡើងវិញ ចាប់ពី​សប្តាហ៍​ក្រោយ​ទៅ បន្ទាប់ពី​បាន​ផ្អាក​ការនាំចេញ​អង្ករ​ប្រភេទ​នេះ​អស់​រយៈពេល​ជាង ១ ខែ ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ហើយ​រដ្ឋាភិបាល​ចង់រ​ក្សា​អង្ករ​ក្នុងប្រទេស​។ ប៉ុន្តែ​រដ្ឋាភិបាល​មិនបាន​បិទ​ការនាំចេញ​អង្ករ​ក្រអូប​នោះទេ​។​
 
​បើតាម​ទិន្ន័យ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រយៈពេល ៤ ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ជាង ៣០ ម៉ឺន​តោន ដែលមាន​កំណើន​ជាង ៤០ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៩​។ ក្នុង​អង្ករ​នាំចេញ ៣០ ម៉ឺន​តោន​នេះ មាន​អង្ករ​សមាន​ចំនួន ១៥ ភាគរយ​។ បច្ចុប្បន្ននេះ កម្ពុ​ជាមាន​អង្ក​រស​ប្រមាណ ១៣ ម៉ឺន​តោន កំពុង​ត្រូវបាន​រក្សាទុក​ក្នុង​ស្តុក ដែល​ភាគច្រើន​នាំ​ចេញទៅ​ប្រទេស​វៀតណាម និង​ថៃ​។​
 
​អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក លន់ យេ​ង ប្រាប់​វី​អូ​អេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការនាំ​អង្ករ​ចេញទៅ​ក្រៅប្រទេស​អាចមាន​ទៅដល់​ប្រមាណ ១ លាន​តោន ឬ​ក្រោម​នេះ​បន្តិច​។​
 
«​ឆ្នាំនេះ បើសិន​ស្ថានភាព​ដូច​រាល់ថ្ងៃនេះ ការនាំចេញ​អាច​សឹង​ទៅដល់​មួយ​លាន​តោន ឬក៏​ប្រហាក់ប្រហែល ពីព្រោះ​ល្បឿន​បី​ខែ​ហ្នឹង យើង​បាន ៣០ ម៉ឺន​តោន​។ បាទ​បួន​ខែ វា ៣០ ម៉ឺន​តោន​ហើយ​។  អ៊ីចឹង យើង​មើលទៅ​ល្បឿន និង​អត្រាកំណើន​នេះ វា​អាច​សមស្រប​ហើយ សមស្រប​នឹង​បរិមាណ​ស្តុក​ដែល​យើង​នៅមាន ហើយនឹង​ដល់​រដូវ​កាល​ប្រមូល​ផល​[​ច្រូតកាត់​នឹង​ចូលមក​ទៀត​]...​ហើយ​ទីផ្សារ​យើង​ចំណែក​ថ្មីៗ​នៅក្នុង​ទីផ្សារ​អន្តរជាតិ ទាំង​នៅ​សហគមន៍​អឺរ៉ុប និង​ទីផ្សារ​ថ្មីៗ​ហ្នឹង​ក៏បាន​កំពុងតែ​ប្រសើរឡើង​ដែរ​»​។​
 
 
​លោក​បន្ថែមថា កាលពី​ឆ្នាំ ២០១៨ និង ២០១៩ កម្ពុជា​បាន​នាំចេញ​អង្ករ​ក្រអូប និង​អង្ក​រស ប្រមាណ ៦២ ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​។ លោក​ថា កំណើន​នៃ​ការនាំ​អង្ករ​ចេញ​នៅ​ឆ្នាំ ២០២០ នេះ អាចមកពី​កត្តា​សំខាន់ៗ ៣ យ៉ាង ដែល​ទាក់ទង​នឹង​ការ​រើប​ឡើងវិញ​នៃ​ទីផ្សារ​សហគមន៍​អឺរ៉ុប ការថយចុះ​តម្លៃ​ពន្ធ​នាំចូល​ពី​កម្ពុជា​ទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប និង​កំណើន​តម្រូវការ​អង្ករ​ពី​ប្រទេស​ចិន​។ លោក​បន្តថា កំណើន​តម្រូវការ​អង្ករ​នៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​អាច​បណ្តាលមកពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​ប្រជាជន​ត្រូវការ​ស្បៀងអាហារ​ជា​ចាំបាច់​។​
 
«​កំណើន​ទីផ្សារ​អឺរ៉ុប ក៏​វា​ងើបឡើង​វិញ ដោយសារ​តម្រូវការ​ប្រហែលជា​ដោយសារ​កូ​វីដ​ផង ហើយ​ទី​ពីរ ដោយសារ​ពន្ធ​នៅ​អឺរ៉ុប​ក៏​ធ្លាក់​។ ចូលឆ្នាំ​ទី​ពីរ​នេះ វា​ថយ​ពី ១៧០ អឺរ៉ូ នៅសល់ ១៥០ អឺរ៉ូ​វិញ​។​ហើយ​...​ចិន កំណើន​ទីផ្សារ​ចិន គាត់​ផ្តល់​ទាំង​កត្តានយោបាយ ទាំង​កត្តា​ទីផ្សារ​។ គុណភាព​អីហ្នឹង វា​សមប្រកប​ជាមួយគ្នា​។ អ៊ីចឹង ធ្វើ​ឲ្យ​មាន​កំណើន​លក់​នៅ​ទីផ្សារ​ចិន​ច្រើន​គួរសម​»​។​
 
​ចាប់តាំងពី​ខែមករា ឆ្នាំ ២០១៩ មក  សហភាព​អឺរ៉ុប​បានកំណត់​ពន្ធ​រយៈពេល ៣ ឆ្នាំ លើ​អង្ករ​នាំចូល​ពី​កម្ពុជា និង​ភូមា ក្នុង​គោលបំណង​ការពារ​អ្នក​ផលិត​អង្ករ​ក្នុង​សហភាព​អឺរ៉ុប ដូចជា​អ៊ីតាលី បន្ទាប់ពី​មានការ​កើនឡើង​នៃ​ការនាំ​អង្ករ​ពី​ប្រទេស​នៅ​អាស៊ី​ទាំងពីរ​នេះ ចូល​ទីផ្សារ​សហភាព​អឺរ៉ុប​។ ពន្ធ​នេះ​នឹង​ថយចុះ​បន្តិច​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​
 
​បើតាម​លោក លន់ យេ​ង ក្នុង​រយៈពេល ៤ ខែ ឆ្នាំ ២០២០ នេះ ការនាំ​អង្ករ​ចេញទៅ​ប្រទេស​ចិន​មាន​ប្រមាណ ៤១ ភាគរយ ស្មើនឹង​ជាង ១២ ម៉ឺន​តោន​សហគមន៍​អឺរ៉ុប និង​ចក្រភព​អង់គ្លេស មាន​ប្រមាណ ៣២ ភាគរយ ស្មើនឹង ៩ ម៉ឺន ៧ ពាន់​តោន និង​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ាន គឺ​ព្រុយ​ណេ និង​ម៉ាឡេស៊ី មាន​ប្រមាណ ១៣ ភាគរយ ស្មើនឹង ៣ ម៉ឺន ៧ ពាន់​តោន និង​បណ្តា​ប្រ​ទស​ផ្សេងទៀត​មានដូចជា​អូស្ត្រាលី និង​នូ​វេ​សេ​ឡង់​ជាដើម​។​
 
​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សេ​ដាក (CEDAC) លោក សម វិទូ និយាយថា ការនាំ​អង្ករ​ចេញពី​ប្រទេស​កម្ពុជា​អាច​នឹង​កើន​ខ្លាំង​បំផុត​ចំនួន ៨០ ម៉ឺន​តោន មិន​ដល់ ១ លាន​តោន នោះទេ ដោយសារតែ​សេចក្តីត្រូវការ​នៃ​ស្បៀងអាហារ​ទូទាំង​សាកលលោក​ក្នុងពេល​ប្រឈមមុខ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​។​
 
«​វា​អាច​ដោយសារតែ​បញ្ហា​កូ​វីដ​ដែរ គឺ​ប្រទេសមួយៗ​ត្រូវការ​រក្សា​ស្បៀង និង​ត្រូវ​ការទិញ​ស្បៀង​ចូល​ដើម្បី​ទប់ស្កាត់​នូវ គ្រោះ​ទុរ្ភិក្ស ឬក៏​បញ្ហា​ដែល​ខ្វះ​ស្បៀង អ៊ីចឹង​។ វា​មាន​តម្រូវការ​ខ្ពស់ ហើយ​ដោយសារតែ​មួយទៀត គឺ​ទាក់ទង​ទៅនឹង យើង​ឃើញថា ការចំណាយ​ផ្សេងៗ ដែល​ប្រជាជន​នៅលើ​ពិភពលោក ចំណាយ​គឺ​រាល់ថ្ងៃ​ហ្នឹង​គឺ គេ​អត់​មាន​ចំណាយ​ទៅលើ​សម្ភារៈប្រើប្រាស់ ចំណាយ​ទៅលើ​ឡាន ឬ​ចំណាយ​ទៅលើ​អី​ទេ គឺ​ភាគច្រើន​គឺ​ចំណាយ​ធំដុំ សម្រាប់​ទាំង​ប្រជាជន​ខ្មែរ ទាំង​ពិភពលោក​ហ្នឹង គឺ​ទៅលើ​តែ​ម្ហូបអាហារ ការហូបចុក​ហ្នឹង​»​។​
 
​កាលពី​ឆ្នាំ ២០១៥ កម្ពុជា​មិនបាន​សម្រេច​គោលដៅ​នាំ​អង្ករ​ចេញ​ឲ្យ​បាន ១ លាន​តោន​ទេ គឺ​បានត្រឹមតែ​ជាង​ពាក់កណ្តាល​តែប៉ុណ្ណោះ​។ កាលពី​ឆ្នាំ ២០១៦ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ការមិន​សម្រេច​គោលដៅ​នេះ បណ្ដាលមកពី​កង្វះខាត​ទុន​ក្នុងការ​ទិញស្រូវ​ពី​ប្រជាកសិករ និង​រោងចក្រ​សម្រាប់​កែច្នៃ ក៏ដូចជា​សម្ពាធ​នៃ​ការប្រកួតប្រជែង​ពី​ក្រៅប្រទេស​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com