អន្តរជាតិ
ពលរដ្ឋ​អាមេរិក​ដែល​ដាក់​ពាក្យសុំ​ប្រាក់​ជំនួយ​អត់​ការងារ​ធ្វើបាន​កើន​ដល់​ជាង​៣៦​លាន​នាក់​
15, May 2020 , 1:39 pm        
រូបភាព
រូបឯកសារ៖ ពលរដ្ឋអាមេរិកតម្រង់ជួរដាក់ពាក្យសុំប្រាក់ជំនួយអត់ការងារធ្វើពីរដ្ឋ នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋអាមេរិកតម្រង់ជួរដាក់ពាក្យសុំប្រាក់ជំនួយអត់ការងារធ្វើពីរដ្ឋ នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ក្រសួង​ការងារ​សហរដ្ឋអាមេរិក​បាន​រាយការណ៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​អ្នកដាក់ពាក្យសុំ​ប្រាក់​អត្ថប្រយោជន៍​ពេល​គ្មាន​ការងារ​ធ្វើបាន​ថយចុះ​បន្តិច កាលពី​សប្តាហ៍​មុន ប៉ុន្តែ​នៅតែមាន​ពលរដ្ឋ​ចំនួន ៣ លាន​នាក់​បន្ថែមទៀត បាន​សុំ​ប្រាក់​ជំនួយ​រដ្ឋ ខណៈ​ជំងឺ​រាតត្បាត​ជា​សាកល​កូ​វីដ​១៩ បន្ត​វាយលុក​សេដ្ឋកិច្ច​ដែល​ធំជាងគេ​របស់​ពិភពលោក​មួយ​នេះ​។​

 
​ចំនួន​នៃ​អ្នក​សុំ​ជំនួយ​រដ្ឋ​បន្ថែម​ថ្មី​នេះ​បានធ្វើ​ឲ្យ​ចំនួន​ពលរដ្ឋ​ដែល​បាត់បង់​ការងារ ក្នុង​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះ បាន​កើន​ដល់​ចំនួន​យ៉ាងហោចណាស់ ៣៦ លាន ៥ សែន​នាក់ ដែល​នេះ​ស្មើនឹង​ជាង ១​ភាគ​៥ នៃ​ពលរដ្ឋ​អាមេរិក​ពេញវ័យ​ធ្វើការ សរុប​ចំនួន ១៦៤ លាន​នាក់​។​
 
​មន្ត្រី​សេដ្ឋកិច្ច​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) និយាយថា អត្រា​អត់​ការងារ​ធ្វើ​អាច​កើន​ឡើងដល់ ២៥% ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខ នៅក្នុង​ស្ថានភាព​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត​ចាប់តាំងពី​មហា​វិបត្តិ​សេដ្ឋកិច្ច Great Depression ក្នុង​ទសវត្ស​ន៍ ១៩៣០ ម្ល៉េះ​។​
 
​សភា​និង​ប្រធានាធិបតី​អាមេរិក​បានរួម​គ្នា​អនុម័ត​រួចមកហើយ​នូវ​កញ្ចប់​ថវិកា​ប្រមាណ ៣ លាន​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​និង​អាជីវកម្ម​នានា ដែល​រង​ផលប៉ះពាល់​។ សភា​អាមេរិក​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ចង់​ឲ្យ​រដ្ឋ​ផ្តល់ជំនួយ​បន្ថែមទៀត ប៉ុន្តែ​អ្នកតាក់តែង​ច្បាប់​ខាង​គណបក្ស​សាធារណរដ្ឋ​មានការ​ស្ទាក់ស្ទើរ ខណៈ​លោក​ប្រធានាធិបតី​ត្រាំ​ចង់​រង់ចាំ​តាមដាន​ស្ថានភាព​បន្តទៀត​សិន​។​
 
​ជាការ​ឆ្លើយតប​នឹង​ស្ថានភាព​នេះ អភិបាល​នៃ​រដ្ឋ​ទាំង ៥០ របស់​សហរដ្ឋអាមេរិក​បាន​ចាត់វិធានការ​បើក​សក​ម្ម​ភាព​សេដ​កិច្ច​វិញ​ដោយ​ផ្នែក​នៅក្នុង​រដ្ឋ​របស់​ពួកគេ ដោយពេល​ខ្លះ​ពួកគេ​បានអនុញ្ញាត​ឲ្យ​ហាង​និង​ភោជនីយដ្ឋាន​អាច​បើក​ឡើងវិញ​បាន ដរាប​ពួកគេ​អាច​រក្សា​គម្លាត​ពីគ្នា​បាន និង​បន្ថយ​ចំនួន​អតិថិជន​ក្នុងពេល​តែមួយ​។ នៅ​តំបន់​ខ្លះ​ពលរដ្ឋ​ដែល​ជាប់​ក្នុងផ្ទះ​ជាច្រើន​សប្តាហ៍​បាននាំគ្នា​សម្រុក​ទៅ​ភោជនីយដ្ឋាន ដែល​សម្រេច​បើក​វិញ​ប្រឆាំងនឹង​បម្រាម​របស់​អាជ្ញាធរ​មូ​ល​ដ្ឋា​ន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com