ជាតិ
សេចក្តីព្រាងច្បាប់​ស្តីពី​«​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​» ត្រូវបាន​អនុម័ត​
15, May 2020 , 10:06 am        
រូបភាព
​ភ្នំពេញ​៖ សេចក្តីព្រាងច្បាប់​ស្តីពី​«​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​» ត្រូវ​បានអនុម័ត​ទាំងស្រុង នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១៥ ឧសភា​នេះ​។ សេចក្តីព្រាងច្បាប់​នេះ នឹងត្រូវ​បញ្ជូន​បន្តទៅ​រដ្ឋសភា​ពិនិត្យ ដើម្បី​អនុម័ត​នៅពេល​ខាងមុខ​។​


​មូល​ហេតុដែល​កម្ពុជា រៀបចំ​សេចក្តីព្រាងច្បាប់​នេះ​ឡើង ដោយសារ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ស្តីពី​ការសម្អាត​ប្រាក់ (Asia Pacific Group on Money Laundering /APG) រកឃើញថា កម្ពុជា​នៅ​ពុំទាន់​មាន​មូលដ្ឋាន​គតិយុត្ត និង​យន្តការ​អនុវត្ត​ច្បាប់​គ្រប់គ្រាន់ ទាក់ទង​នឹង​ការដាក់ទោស​លើ​បទល្មើស​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដែល​ពុំទាន់​ស្របតាម​បទដ្ឋាន​អន្តរជាតិ វិធានការ​បង្កក ឃាត់ទុក និង​រឹបអូស​ផល​នៃ​បទល្មើស ខណៈ​កិច្ចសហប្រតិបត្តិការ​ផ្ទៃក្នុង ពុំទាន់​មាន​ភាពទូលំទូលាយ​នៅឡើយ​។ ជាពិសេស​យុទ្ធសាស្ត្រ ឬ​វិធានការ​ខ្លះ មិនទាន់​ស្របតាម​គោលដៅ​ចំពោះ​«​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​» នៃ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ ទាក់ទង​នឹង​ការដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ​។​
 
​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ស្តីពី​ការសម្អាត​ប្រាក់ បាន​ត្រួត​ពិនិត្យ​នឹង​រកឃើញ​ចំណុច​អវិជ្ជមាន​កម្ពុជា ចំនួន​២​លើក គឺ​នៅ​ឆ្នាំ​២០០៧ និង​២០១៦ មុននឹង​ឈានដល់​ការដាក់បញ្ចូល​កម្ពុជា ក្នុង​បញ្ជី​ប្រផេះ ឆ្នាំ​២០១៩​។ 
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បានបញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រុមការងារ​ហិរញ្ញវត្ថុ បានដាក់​បញ្ចូល​កម្ពុជា​ទៅក្នុង​បញ្ជី​ប្រផេះ​ម្ដងទៀត និង​បាន​តម្រូវឱ្យ​អនុវត្ត​ផែនការ​សកម្មភាព​ដើម្បី​បំពេញបន្ថែម​ចំណុច​ខ្វះខាត​ជា​យុទ្ធសាស្ត្រ​នានា​តាម​កាលបរិច្ឆេទ​កំណត់ ដូចជា​៖ ត្រូវមាន​ក្របខណ្ឌ​គតិយុត្ត​ទាក់ទង​នឹង​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​អាវុធ​មហា​ប្រល័យ ឱ្យបាន​មុន​ដំណាច់​ខែឧសភា ឆ្នាំ​២០២០ និង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម ឱ្យបាន​មុន​ដំណាច់​ខែកញ្ញា ឆ្នាំ​២០២០ ជាដើម​»​។​
 
«​បញ្ជី​ប្រផេះ​» គឺជា​សញ្ញា​ហានិភ័យ​មួយ ដល់​បណ្ដា​ប្រទេស​នៅក្នុង​ពិភពលោក នៃ​សមាជិក​ក្រុមប្រឆាំង​ការសម្អាត​ប្រាក់​កខ្វក់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច (APG) ដែល​សង្ស័យថា មាន​ករណី​ចរាចរ​លើ​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នេះ​។​កម្ពុជា​ធ្លាប់​ត្រូវបាន​ដាក់បញ្ចូល និង​ដក​ចេញពី​«​បញ្ជី​ប្រផេះ​»​នេះ​ម្ដង​ហើយ ចន្លោះ​ពី​ឆ្នាំ​២០១១ ដល់​២០១៥ ក្រោយពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​កិច្ចការ​ជាច្រើន ដើម្បី​បំពេញ​តាម​អនុសាសន៍​របស់​ក្រុមការងារ​ហិរញ្ញវត្ថុ​។ « អង្គ​មហាសន្និបាត​ក្រុមការងារ​ហិរញ្ញវត្ថុ បាន​ថ្លែង​ការ​កោត​ស​សើរ​យ៉ាងខ្លាំង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​បានសម្រេច​ជា​ឯកច្ឆ័ន្ទ​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៥»​។ នេះ​បើតាម​លោក ផៃ ស៊ី​ផាន​។​
 
​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ស្តីពី​ការសម្អាត​ប្រាក់ (Asia Pacific Group on Money Laundering /APG) នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០០៤ ។ ក្នុងតួនាទី​ជា​សមាជិក​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​នេះ កម្ពុជា​ត្រូវ​អនុវត្តតាម​ស្ដង់ដា​អន្តរជាតិ ស្ដីពី ការប្រឆាំង​ការសម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​ការរីក​សាយភាយ អាវុធ​មហា​ប្រល័យ​របស់​ក្រុមការងារ​ហិរញ្ញវត្ថុ (Financial Action Task Force/FATF)​។ ការចូល​ជា​សមាជិក​នេះ កម្ពុជា​ត្រូវមាន​ក្របខ័ណ្ឌ​គតិយុត្ត និង​យន្តការ​អនុវត្ត​សម្រាប់​ប្រឆាំង​ការសម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។​
 
​ច្បាប់​ស្តីពី​«​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​»​នេះ មាន​គោលបំណង​ធានា​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដោយ​កំណត់​អំពី​វិធានការ​ត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និង​លុបបំបាត់​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​
 
​កាលពី​ឆ្នាំ​២០១៩​កន្លងមក កម្ពុជា បាន​បង្ក្រាប​បទល្មើស​លា​ង​លុយកខ្វក់​នេះ ប្រមាណ​៥​ករណី ដោយ​រឹបអូស​បាន​លុយ​ជាង​៧​លា​នុដ​ល្លារ​អាមេរិក​។ កន្លងមក​សម្ដេច ស ខេង បាន​ណែនាំ​ឲ្យ​អ្នកមាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​ការទប់ស្កាត់ និង​បង្ក្រាប​ការលាង​លុយកខ្វក់ ត្រូវ​ប្រឹងប្រែង​ដើម្បី​ការពារ​កិត្តិយស​ជាតិ​។ សម្ដេច បាន​បកស្រាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា​យើង​ធ្វើ​ដើម្បី​ការពារ​មុខមាត់​ជាតិ​យើង​។ រឿងនេះ​ស្មុគស្មាញ​មិន​ខុស​អ្វី​នឹង​គ្រឿងញៀន​ទេ​។ ខ្ញុំ​សង្ឃឹមថា​យើង​នឹង​បន្តធ្វើ​រឿងនេះ ហើយ​ឲ្យ​មានការ​គាំទ្រ​សំខាន់​បញ្ហា​គ្រឿងញៀន បញ្ហា​លាងលុយកខ្វក់ ជា​សមត្ថកិច្ច​ពាក់ព័ន្ធ​នគរបាល គយ​ប្រចាំ​នៅ​ច្រក ឬក៏​សមត្ថកិច្ច​ដ៏ទៃទៀត ព្រោះ​ជួនកាល​អ្នករកស៊ី​បែប​នោះ​មាន​ល្បិច​ខ្ពស់​»៕
 

Tag:
 ហ៊ុន សែន​
  អាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com