ជាតិ
លោក ខៀវ ភិរម្យ អ្នកកាសែត​ជើងចាស់​ទទួលមរណភាព​ក្នុង​អាយុ​៦៣​ឆ្នាំ​ដោយសារ​គាំងបេះដូង​
15, May 2020 , 10:21 am        
រូបភាព
ដោយ:
​លោក ខៀវ ភិរម្យ អ្នកកាសែត​ជើងចាស់​ដ៏​មានបទពិសោធន៍ បានទទួល​មរណភាព​ក្នុង​អាយុ​៦៣​ឆ្នាំ ដោយសារ​គាំងបេះដូង ពេល​ជិះ​កង់​ហាត់ប្រាណ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែឧសភា នេះ​។ ផលិតករ​ព័ត៌មាន PNN រូបនេះ បានទទួល​មរណភាព នៅពេល​ក្រុមគ្រួសារ​បញ្ជូនទៅ​ដល់​ម​ន្ទីរ​ពេទ្យ​។ នេះ​បើតាម​ការអះអាង​របស់​លោក ប៉ែន បូ​ណា និពន្ធ​នាយក PNN​។​



​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ លោក ប៉ែន បូ​ណា បាន​បញ្ជាក់ថា ជិះ​កង់​គឺជា​ទម្លាប់​ហាត់ប្រាណ​ជាប្រចាំ​របស់លោក ខៀវ ភិរម្យ​។ «​គាត់​អត់​មាន​ឈឺ​អី​ទេ ប៉ុន្តែ​ជា​រៀងរាល់​ព្រឹក គាត់​តែងតែ​ជិះ​កង់​ហាត់ប្រាណ​។ គាត់​ជា​អ្នកជិះ​កង់​ដ៏​ចំណាន ក្នុងចំណោម​ក្រុមការងារ​ដែល​ចូលចិត្ត​ជិះ​កង់ ដែល​ជិះ​កង់​ទៅ​ឆ្ងាយៗ គាត់​អាច​ជិះ​កង់​បាន គាត់​សុខ​ភាពល្អ​ធម្មតា អត់​មានអី​ទេ​។ ប៉ុន្តែ​ព្រឹក​មិញ​ហ្នឹង​គាត់​ជិះ​កង់ គាត់​ក៏​គាំងបេះដូង​ទៅ ក៏​ដួលសន្លប់​ទៅ ហើយក៏​ដឹក​គាត់​ទៅ​ពេទ្យ ហើយ​គាត់​ក៏​ស្លាប់ទៅ​»​។ នេះ​ជាការ​រៀបរាប់​របស់លោក ប៉ែន បូ​ណា ទាំង​អារម្មណ៍​សោកសៅ​។​

​បើតាម​លោក ប៉ែន បូ​ណា ក្រុមគ្រួសារ​របស់លោក ខៀវ ភារ​ម្យ  ចាត់ចែង​យក​សាកសព​គាត់​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​របស់លោក​ដែល​ស្ថិតនៅក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ ក្នុង​សង្កាត់​និ​រោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​


ជិះកង់ហាត់ប្រាណជាទម្លាប់ប្រចាំ​របស់​លោក ខៀវ ភារម្យ

​លោក ខៀវ ភិរម្យ ទទួល​នូវ​ការគោរព​យ៉ាងខ្លាំង​ពី​សំណាក់​មិត្ត​រួម​អាជីព ក៏ដូចជា​សហការី​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​លោក​។ លោក​ជាម​នុស្ស​ដែល​ធ្វើការ​ម៉ត់ចត់ ទោះ​មិនសូវ​និយាយស្តី​ច្រើន​ក៏ដោយ​។ មុននឹង​កាន់​តួនាទី​ជា​ផលិតករ​ព័ត៌មាន​នៅ​ទូរទស្សន៍ PNN អស់​រយៈពេល​ជាង​៥​ឆ្នាំ​កន្លងមកនេះ លោក ខៀវ ភិរម្យ ធ្លាប់មាន​តួនាទី​ជា​ការី​និពន្ធ​នៅ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ជា​ភាសា​ខ្មែរ ទស្សនា​វ​ដ្តី​ខ្មែរ​អប្សរា គេហទំព័រ Everyday និង​សារព័ត៌មាន​ផ្សេងទៀត​។ លោក​ក៏​ជាទី​ប្រឹក្សា​មួយរូប​របស់​ក្រសួង​ព័ត៌មាន​ផងដែរ​។

លោក ប៉ែន បូ​ណា បានបង្ហាញ​អារម្មណ៍​សោកស្តាយ​នៃ​ការបាត់បង់សហការីយ៉ាង​ដូច្នេះ​ថា​៖«​បង​ភិរ​ម្យ​ជា​បុគ្គលិក​ដ៏​ចាស់ទុំ​ម្នាក់ ដែលមាន​ក្រុមការងារ​គោរព​គាត់ គាត់​ចេះ​អត់ធ្មត់ គាត់​មាន​សិល្បៈ​ក្នុងការ​ដឹកនាំ​ក្រុមការងារ​បានល្អ​ទាំង​ក្រុមការងារ និង​ទាំង​សង្គម​ខាងក្រៅ​។ ហើយ​ទំនេរ​ពី​ការងារ​គាត់​ក៏​តែង​នាំ​ក្រុមការងារ ដើរលេង​ទៅនេះ ទៅនោះ ដើម្បី​បង្កើន​បរិយាកាស អ៊ីចឹង​ធ្វើ​ឲ្យ​ក្រុមការងារ​គោរព​គាត់​ណាស់​»៕​


© រក្សាសិទ្ធិដោយ thmeythmey.com