ជាតិ
កម្ពុជា សល់​ពេល​៤​ខែ​ទៀត ដើម្បី​រៀបចំ​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​
15, May 2020 , 10:51 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល បានអនុម័ត​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១៥ ឧសភា​។ ការរៀបចំ​សេចក្តីព្រាង​ច្បាប់​នេះ​ឡើង ដើម្បី​គេចចេញ​ពី​បញ្ជីខ្មៅ​របស់​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ស្តីពី​ការសម្អាត​ប្រាក់ (Asia Pacific Group on Money Laundering /APG)​។​


​សព្វថ្ងៃនេះ កម្ពុជា​កំពុងស្ថិត​នៅក្នុង​«​បញ្ជី​ប្រផេះ​» ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ស្តីពី​ការសម្អាត​ប្រាក់​។ «​បញ្ជី​ប្រផេះ​» គឺជា​សញ្ញា​ហានិភ័យ​មួយ ដល់​បណ្ដា​ប្រទេស​នៅក្នុង​ពិភពលោក នៃ​សមាជិក​ក្រុមប្រឆាំង​ការសម្អាត​ប្រាក់​កខ្វក់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច (APG) ដែល​សង្ស័យថា មាន​ករណី​ចរាចរ​លើ​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នេះ​។​
 
​ដើម្បី​គេចចេញ​ពី​«​បញ្ជី​ប្រផេះ​» និង​«​បញ្ជីខ្មៅ​» របស់​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ស្តីពី​ការសម្អាត​ប្រាក់​នេះ កម្ពុជា​នៅសល់​ពេលវេលា​៤​ខែ​ទៀត សម្រាប់​រៀបចំ​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដើម្បី​យកមកអនុវត្ត​ឱ្យ​ស្របតាម​បទដ្ឋាន​អន្តរជាតិ និងសេចក្តីសម្រេច​រប​ស់​អង្គការសហប្រជាជាតិ ទាក់ទង​នឹង​ការដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ នៃ​ករណី​សម្អាត​ប្រាក់​។​
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បានបញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រុមការងារ​ហិរញ្ញវត្ថុ បានដាក់​បញ្ចូល​កម្ពុជា​ទៅក្នុង​បញ្ជី​ប្រផេះ​ម្ដងទៀត និង​បាន​តម្រូវឱ្យ​អនុវត្ត​ផែនការ​សកម្មភាព​ដើម្បី​បំពេញបន្ថែម​ចំណុច​ខ្វះខាត​ជា​យុទ្ធសាស្ត្រ​នានា​តាម​កាលបរិច្ឆេទ​កំណត់ ដូចជា​៖ ត្រូវមាន​ក្របខណ្ឌ​គតិយុត្ត​ទាក់ទង​នឹង​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​អាវុធ​មហា​ប្រល័យ ឱ្យបាន​មុន​ដំណាច់​ខែឧសភា ឆ្នាំ​២០២០ និង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម ឱ្យបាន​មុន​ដំណាច់​ខែកញ្ញា ឆ្នាំ​២០២០ ជាដើម​»​។​
 
​បើតាម​លោក ផៃ ស៊ី​ផាន កម្ពុជា​ធ្លាប់​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​«​បញ្ជី​ប្រផេះ​»​នេះ​ម្ដង​ហើយ នៅ​ឆ្នាំ​២០១១ ប៉ុន្តែ​ត្រូវបាន​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ស្តីពី​ការសម្អាត​ប្រាក់​សម្រេចចិត្ត​ដកចេញ​វិញ បន្ទាប់ពី​កម្ពុជា​បាន​បំពេញ​តួនាទី​តាម​ការណែនាំ​យ៉ាង​ល្អ​។​
 
«​ចាប់តាំងពី​ឆ្នាំ​២០១១ - ២០១៥ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​កិច្ចការ​ជាច្រើន ដើម្បី​បំពេញ​តាម​អនុសាសន៍​របស់​ក្រុមការងារ​ហិរញ្ញវត្ថុ​។ ជា​លទ្ធផល អង្គ​មហាសន្និបាត​ក្រុមការងារ​ហិរញ្ញវត្ថុ បាន​ថ្លែង​ការ​កោត​ស​សើរ​យ៉ាងខ្លាំង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​បានសម្រេច​ជា​ឯកច្ឆ័ន្ទ​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៥»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ផៃ ស៊ី​ផាន​។​
 
​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ស្តីពី​ការសម្អាត​ប្រាក់ (Asia Pacific Group on Money Laundering /APG) បាន​រកឃើញថា កម្ពុជា​នៅ​ពុំទាន់​មាន​មូលដ្ឋាន​គតិយុត្ត និង​យន្តការ​អនុវត្ត​ច្បាប់​គ្រប់គ្រាន់ ទាក់ទង​នឹង​ការដាក់ទោស​លើ​បទល្មើស​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដែល​ពុំទាន់​ស្របតាម​បទដ្ឋាន​អន្តរជាតិ វិធានការ​បង្កក ឃាត់ទុក និង​រឹបអូស​ផល​នៃ​បទល្មើស​នៅឡើយ​។ ជាពិសេស​យុទ្ធសាស្ត្រ ឬ​វិធានការ​ខ្លះ មិនទាន់​ស្របតាម​គោលដៅ​បង្ក្រាប​«​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​» នៃ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​។​
 
​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ស្តីពី​ការសម្អាត​ប្រាក់ បាន​ត្រួតពិនិត្យ​នឹង​រកឃើញ​ចំណុច​អវិជ្ជមាន​កម្ពុជា ចំនួន​២​លើក គឺ​នៅ​ឆ្នាំ​២០០៧ និង​២០១៦ មុននឹង​ឈានដល់​ការដាក់បញ្ចូល​កម្ពុជា ក្នុង​បញ្ជី​ប្រផេះ​។​
 
​កាលពីពេល​ថ្មី​នេះៗ សហភាព​អឺរ៉ុប ក៏​គ្រោង​ដាក់​កម្ពុជា និង​ប្រទេស​ចំនួន​១១​ទៀត បញ្ចូល​ទៅក្នុង​បញ្ជី​នៃ​ប្រទេស «​ដែល​បង្ក​ការគំរាមកំហែង​ខ្លាំង​ទៅដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​សហភាព​អឺរ៉ុប​» ដោយសារតែ​បរាជ័យ​ក្នុងការ​ដោះស្រាយ​ការលាង​លុយកខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។ ក្រៅពី​កម្ពុជា ប្រទេស​ទាំង​១១​ទៀត​រួមមាន ប៉ា​ណា​ម៉ា ហ្សា​ម៉ា​អ៊ី​ក ហ្កា​ណា ស៊ីម​បា​វ៉េ មី​យ៉ាន់​ម៉ា ម៉ូ​រី​ស ម៉ុង​ហ្គោ​លី បា​បា​ដុស បា​ហា​ម៉ា នី​កា​រ៉ា​ហ្កា និង​បុ​ត​ស្វា​ណា​។ កម្ពុជា​និង​ប្រទេស​ជាង​១០​ទៀត នឹង​ក្លាយជា​មុខសញ្ញា​របស់​សហភាព​អឹ​រ៉ុ​ប ក្នុងការ​តាមដាន​លើ​ករណី​លាង​លុយ​នេះ​។​
 
​សហភាព​អឺរ៉ុប នឹង​អនុវត្ត​វិធានការ​ខ្លួន ទៅលើ​កម្ពុជា និង​បណ្ដា​ប្រទេស​ដែលមាន​រាយ​នាម​ខាងលើនេះ នៅ​ខែតុលា​ខាងមុខ​។ មិនតែប៉ុណ្ណោះ គណៈកម្មការ​អឺរ៉ុប ក៏​គ្រោង​បង្កើត​អង្គការ​មួយ សម្រាប់​ឃ្លាំមើល​ករណីនេះ នៅ​ឆ្នាំ​២០២៣​ផងដែរ​។​
 
​តែ​យ៉ាងណា​កម្ពុជា​រៀបចំ​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នេះ​ឡើង មិនមែន​ផ្គាប់ចិត្ត​អ្នកណាម្នាក់​នោះទេ​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​។ 
 
​លោក ផៃ ស៊ី​ផាន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា ៖«​កិច្ចការ​ប្រឹងប្រែង​ធ្វើ​ច្បាប់​ទាំងពីរ​នេះ គឺ​មិនមែន​បំពេញចិត្ត​អង្គភាព​ណា​នោះទេ គឺជា​ការប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល និង​ធនាគារជាតិ​ដែល​ត្រូវ​កែលម្អ​ច្បាប់​ទាំងពីរ​នេះ ដែល​កម្ពុជា​បាន​អនុវត្ត​ទៅលើ ល​ក្ខ័​ណ​ជា​សមាជិក​របស់​ក្រុម​ប្រទេស អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ស្តីពី​ការសម្អាត​ប្រាក់ (Asia Pacific Group on Money Laundering-APG)»​។​
 
​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ស្តីពី​ការសម្អាត​ប្រាក់ (Asia Pacific Group on Money Laundering /APG) នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០០៤ ។ ក្នុងតួនាទី​ជា​សមាជិក​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​នេះ កម្ពុជា​ត្រូវ​អនុវត្តតាម​ស្ដង់ដា​អន្តរជាតិ ស្ដីពី ការប្រឆាំង​ការសម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​ការរីក​សាយភាយ អាវុធ​មហា​ប្រល័យ​របស់​ក្រុមការងារ​ហិរញ្ញវត្ថុ (Financial Action Task Force/FATF)​។ ការចូល​ជា​សមាជិក​នេះ កម្ពុជា​ត្រូវមាន​ក្របខ័ណ្ឌ​គតិយុត្ត និង​យន្តការ​អនុវត្ត​សម្រាប់​ប្រឆាំង​ការសម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។​
 
​កាលពី​ឆ្នាំ​២០១៩​កន្លងមក កម្ពុជា បាន​បង្ក្រាប​បទល្មើស​លា​ង​លុយកខ្វក់​នេះ ប្រមាណ​៥​ករណី ដោយ​រឹបអូស​បាន​លុយ​ជាង​៧​លា​នុដ​ល្លារ​អាមេរិក​។ កន្លងមក​សម្ដេច ស ខេង បាន​ណែនាំ​ឲ្យ​អ្នកមាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​ការទប់ស្កាត់ និង​បង្ក្រាប​ការលាង​លុយកខ្វក់ ត្រូវ​ប្រឹងប្រែង​ដើម្បី​ការពារ​កិត្តិយស​ជាតិ​៕

Tag:
 ហ៊ុន សែន​
  ហិរញ្ញប្បទាន​ភេរវកម្ម​
  លាង​លុយ
© រក្សាសិទ្ធិដោយ thmeythmey.com