ជាតិ
ចាប់ពី​ដើមខែ​កក្កដា រថយន្ត​ហួស​សុពលភាព​ឆៀក នឹង​ពិន័យ​២០០០​រៀល​ក្នុង​មួយថ្ងៃ
16, May 2020 , 9:59 am        
រូបភាព
មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (រូប thmeythmey)
មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (រូប thmeythmey)
​ភ្នំពេញ​៖ ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក សម្រេច​ដាក់ពិន័យ ២០០០​រៀល​ក្នុង​មួយថ្ងៃ ទៅលើ​រថយន្ត​ហួស​សុពលភាព​ឆៀក ដែល​នឹង​នឹង​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១ កក្កដា ឆ្នាំ​២០២០​តទៅ​។ ការសម្រេច​នេះ​ធ្វើឡើង​ដោយសារ​អាជ្ញាធរ​សង្កេត​ឃើញ មាន​រថយន្ត​ជាច្រើន ហួស​សុពលភាព​ឆៀក​យូរហើយ​ទើបតែ​សម្រុក​ទៅ​ឆៀក ក្នុងអំឡុងពេល​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ លោក ឈួន វ៉ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក បញ្ជាក់​ដូច្នេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក កាលពី​ថ្ងៃទី​១២ ឧសភា​។



​លោក ឈួន វ៉ន់ ថ្លែងថា​៖«​ខ្ញុំ​បាន​ឲ្យ​(​ក្រុមការងារ​)​ស្រង់​ទិន្នន័យ ឃើញថា​ហួស​សុពលភាព​ហ្នឹង ខ្លះ​ហួស​មិនដឹង​ប៉ុន្មាន​ឆ្នាំ​មកហើយ​។ ហើយ​ឡាន​ខ្លះ អត់​ដែល​មក​ឆៀក​តែម្ដង​។ ដូច​ច្នេះ បាន​ជជែក​គ្នា​ជាមួយ​ក្រសួង​ហិរញ្ញវត្ថុ​ថា បើ​យើង​មិនមាន​ការពិន័យ​ទេ គឺ​ពេល​អនុវត្ត​ច្បាប់​ម្ដងៗ ច្បាស់​ជា​ប្រឈម​បញ្ហា​ហ្នឹង​ទៀតហើយ​...​។ យើង​ពិន័យ​នៅ​កន្លែង​យើង​នេះ លើស​មួយថ្ងៃ​២០០០​រៀល​»​។​
 
 
​សូមបញ្ជាក់ថា នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មាន​រថយន្ត​ទៅធ្វើ​ឆៀក​កើនឡើង​យ៉ាងខ្លាំង ពោលគឺ​ប្រមាណ ៤​ពាន់​គ្រឿងក្នុង​មួយថ្ងៃ ខណៈ​មុន​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ លោក ឈួន វ៉ន់ អះអាងថា​មាន​រថយន្ត​តែ​ប្រមាណ​៨០០​គ្រឿង ប៉ុណ្ណោះ​ដែល​បាន​ទៅរក​សេវា​ឆៀក​៕
 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com