COVID-19
ជាតិ
សង្គមជាតិ
រដ្ឋាភិបាលកម្ពុជា ផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋខ្វះខាត ក្នុងអំឡុងកូវីដ១៩
15, May 2020 , 12:47 pm        
រូបភាព
រដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារទាំងឡាយណា ដែលក្រីក្រឬជួបការលំបាក ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។ នេះជាការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។



តាមរយៈវីដេអូ ដែលផ្សាយដោយ Fresh News ប្រមុខរដ្ឋាភិបាល ថ្លែងដូច្នេះថា៖«ចំនួនប៉ុន្មាន គ្រួសារ បានប៉ុន្មាន កូនបានប៉ុន្មាន យើងមានក្នុងកម្មវិធីហើយ។ សូមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន [រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច] ប្រកាសចេញ ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹង អំពីកិច្ចអន្តរាគមន៍របស់យើង ទៅលើបញ្ហាជីវភាពរបស់ប្រជាជន សម្រាប់អ្នកដែលក្រីក្រ»។

លោក តូច ចាន់នី អ្នកនាំពាក្យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា កិច្ចការនេះ ក៏ពាក់ព័ន្ធនឹងក្រសួងរបស់លោកដែរ។ លោក បន្តថា ប្រជាពលរដ្ឋក្រីក្រ អាចយកបណ្ណក្រីក្រ ទៅចុះឈ្មោះនៅថ្នាក់ឃុំ-សង្កាត់ ហើយបន្ទាប់មកពួកគាត់ អាចបើកប្រាក់ឧបត្ថម្ភតាមសេវាកម្មវីង។

ចំពោះអ្នក មិនទាន់មានបណ្ណក្រីក្រ គឺអាស្រ័យលើការវាយតម្លៃរបស់មន្រ្តីថ្នាក់ឃុំ-សង្កាត់ ហើយសម្រេចថា ក្រីក្រមែនឬយ៉ាងណា ហើយគួរផ្តល់ប្រាក់ឧបត្ថម្ភដែរ ឬមិនគួរ។ នេះជាប្រសាសន៍របស់អ្នកនាំពាក្យក្រសួងសង្គមកិច្ចដដែល។

លោក អះអាងថា បច្ចុប្បន្ន អត្រាអ្នកក្រីក្រនៅកម្ពុជា នៅសល់ប្រមាណ១០ភាគរយ ដែលស្មើនឹងប្រមាណកន្លះលាននាក់។ តែលោក សន្និដ្ឋានថា ចំនួនអ្នកក្រីក្រជាក់ស្តែង អាចមានច្រើនជាងនេះ ព្រោះអ្នកក្រីក្រខ្លះ មិនមានបណ្ណក្រីក្រឡើយ។

សម្រាប់គ្រួសារមួយ ឬសមាជិកម្នាក់ក្នុងគ្រួសារនីមួយៗ អាចទទួលបានប្រាក់ឧបត្ថម្ភប៉ុន្មាន ហើយការផ្តល់ប្រាក់ឧបត្ថម្ភនេះ នឹងចាប់ផ្តើមអនុវត្តមនៅពេលណា គឺលោក មិនទាន់អាចបញ្ជាក់បាននោះទេ ព្រោះមកដល់ពេលនេះ រដ្ឋាភិបាល មិនទាន់ចេញអនុក្រឹត្យជាផ្លូវការ។ លោកនិយាយថា៖«ខាងខ្ញុំ [ក្រសួងសង្គមកិច្ច] រង់ចាំអនុវត្តអនុក្រឹត្យរបស់រដ្ឋាភិបាល និងការសម្រេចរបស់ក្រសួងសេដ្ឋកិច្ច»។

សូមរម្លឹកថា កន្លងមកប្រមុខរដ្ឋាភិបាល បានបង្គាប់ឲ្យមន្រ្តី ដែលចែកស្បៀង ដូចជាអង្ករ និងត្រីខជាដើម ដល់ប្រជាពលរដ្ឋក្រីក្រ ឬខ្វះខាត ក្នុងអំឡុងជំងឺកូវីដ-១៩នេះ។ 

យ៉ាងណាក៏ដោយកម្ពុជា ហាក់មានសភាពធូរស្បើយមែនទែនហើយ ចំពោះជំងឺកូវីដ-១៩ ក្រោយអ្នកជាសះស្បើយ មានដល់១២១នាក់ ក្នុងចំណោមអ្នកឆ្លង១២២នាក់។ ម្យ៉ាងទៀត រយៈពេលជាង១ខែមកនេះកម្ពុជា មិនមានករណីឆ្លងថ្មីឡើយ។ 

ទោះមានស្ថានភាពធូរស្បើយក្តី តែរដ្ឋាភិបាល នៅតែទទូចឲ្យប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩៕ 

អត្ថបទទាក់ទង

© រក្សាសិទ្ធិដោយ thmeythmey.com