COVID-19
អន្តរជាតិ
COVID-19៖ ជប៉ុន លើក​ស្ថាន​ភាពអាសន្ន​លើ​ខេត្ត​ក្រុង​ចំនួន​៣៩ តែ​បន្ត​នៅ​តូ​ក្យូ
15, May 2020 , 3:00 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ។ រូបភាព៖ AP
នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ។ រូបភាព៖ AP
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នា​ថ្ងៃទី​១៤ ខែឧសភា បានប្រកាស​លើកលែង​ស្ថានភាព​អាសន្ន​លើ​ខេត្ត ក្រុង​មួយចំនួន បន្ទាប់ពី​ស្ថានភាព​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) មាន​ស្ថានភាព​ធូរស្រាល និង​អាច​គ្រប់គ្រង​បាន​។ បើតាម​ការប្រកាស​រប​ស់លោក​នាយករដ្ឋមន្ត្រី ខេត្ត ក្រុង​ចំនួន​៣៩ ត្រូវបាន​លុបចោល​ស្ថានភាព​អាសន្ន ខណៈ​តូ​ក្យូ និង​អូ​សា​កា នៅតែ​បន្ត​ស្ថិតក្នុង​ភាពអាសន្ន​ដដែល​។​


 
​បន្ទាប់ពី​មើលឃើញ​ស្ថានភាព​COVID-19 នៅក្នុង​តំបន់​មួយចំនួន មាន​ភាព​ធូរស្រាល និង​អាច​គ្រប់គ្រង​បាន​តាមរយៈ​ការផ្គត់ផ្គង់​សម្ភារ​ពេទ្យ និង​សម្ភារ​ធ្វើតេស្ត​គ្រប់គ្រាន់ នា​សន្និសីទកាសែត​មួយនា​ថ្ងៃទី​១៤ ខែឧសភា លោក​ស៊ិន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន បាន​លើកឡើងថា ជប៉ុន​សម្រេច​លុបចោល​ស្ថានភាព​អាសន្ន​ក្នុង​ខេត្ត​ចំនួន​ក្រុង​៣៩​ក្នុងចំណោម​ខេត្ត​ក្រុង​ទាំង​៤៧​។ បើតាម​លោក អា​បេ ខេត្ត​ក្រុង​ទាំងនេះ អាច​ទប់ស្កាត់ និង​គ្រប់គ្រង​កូ​រ៉ូ​ណា​វីរុស​បាន​។ 
 
​យ៉ាងណាក៏ដោយ ខេត្ត​ក្រុង​ចំនួន​៥​ក្នុងចំណោម​ខេត្ត​ទាំង​៣៩​នេះ ដូចជា ខេត្ត​Ibaraki, ខេត្ត​Ishikawa, ក្រុង​Gifu, ខេត្ត​Aichi និង​ក្រុង​Fukuoka ត្រូវ​ស្ថិតនៅក្រោម​វិធាន «​ប្រុងប្រយ័ត្ន​ពិសេស​» ដោយសារ​មាន​ករណី​COVID-19 ច្រើន​។  
 
​យ៉ាងណាមិញ តំបន់ ខេត្ត និង​ក្រុង​មួយចំនួន​ផ្សេងទៀត ត្រូវ​ស្ថិតនៅក្រោម​ស្ថានភាព​អាសន្ន​ដដែល ដោយសារ​អត្រា​ឆ្លង COVID-19 នៅតែ​ខ្ពស់​។ ក្នុង​សន្និសីទ​ដដែល​នេះ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​លើកឡើងថា កោះ​Hokkaido, រាជធានី​តូ​ក្យូ​, ខេត្ត​Chiba, ខេត្ត​Kanagawa, ទីក្រុង​Saitama, ក្រុង Kyoto, ក្រុង​អូ​សា​កា និង​ខេត្ត Hyogo នឹង​នៅតែ​បន្ត​ស្ថិតក្រោម​ស្ថានភាព​អាសន្ន​។ 
 
​ស្ថានភាព​អាសន្ន នៅក្នុង​តំបន់​ទាំង​៨​នេះ នឹង​ត្រូវអស់​សុពលភាព​នៅ​ចុងខែ​ឧសភា​។ ប៉ុន្តែ​លោក អា​បេ បាន​លើកឡើងថា តំបន់​ទាំង​៨​នេះ អាច​លុបចោល​ស្ថានភាព​អាសន្ន​មុនពេល​កំណត់ បើសិន​បើ​ស្ថានភាព​កូ​រ៉ូ​ណា​វីរុស​មាន​ភាព​ធូរស្បើយ និង​លទ្ធផល​ល្អ​ក្រោយ​ការវាយតម្លៃ​លើ​ស្ថានភាព​កូ​រ៉ូ​ណា​វីរុស​របស់​ក្រុម​អ្នកជំនាញ ដែល​គ្រោង​នឹងធ្វើ​ឡើង​នា​ថ្ងៃទី​២១ ខែឧសភា​ខាងមុខ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Kyodo​។ 
 
​ក្រៅពី​ប្រកាស​លុបចោល​ស្ថានភាព​អាសន្ន​លើ​ខេត្ត​ក្រុង​មួយចំនួន លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន វ័យ​៦៥​ឆ្នាំ​រូបនេះ ក៏បាន​លើកឡើង​ពី​ការសិក្សា​លើ​កញ្ចប់​ថវិកា​បន្ថែម​ផងដែរ ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ ក្នុងអំឡុងពេល​មាន​វិបត្តិ​COVID-19​។ គិត​ត្រឹម​ថ្ងៃទី​១៤ ខែឧសភា ជប៉ុន​មាន​ករណី​COVID-19 សរុប​ចំនួន ១៦១២០​ករណី អ្នកស្លាប់​ចំនួន ៦៩៧​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៩៨៦៨​នាក់​៕ 

Tag:
 ជប៉ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com