ចិន នៅថ្ងៃទី១៤ ខែឧសភា បានច្រានចោលផែនការរបស់អាមេរិក ដែលចង់ពន្យារទណ្ឌកម្មបម្រាមលក់អាវុធអោយអ៊ីរ៉ង់របស់អង្គការសហប្រជាជាតិ។ ចំណែកអាមេរិកវិញ លើកឡើងថាបើសិនជាផែនការនេះបរាជ័យ ខ្លួននឹងស្នើដាក់ទណ្ឌកម្មទាំងអស់តាមរយៈក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់។
លោក Brian Hook ប្រសិតអាមេរិកទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ បានទទួលស្គាល់ជាសាធារណៈថាយុទ្ធសាស្ត្ររបស់អាមេរិកគឺពន្យារទណ្ឌកម្មបម្រាមលក់អាវុធអោយអ៊ីរ៉ង។ ការអះអាងនេះ ធ្វើឡើង ២សប្តាហ៍ពីរសប្តាហ៍បន្ទាប់ពីមន្ត្រីអាមេរិកម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌអនាមិកបាននិយាយថា អាមេរិកបានប្រាប់ អង់គ្លេស បារាំង និងអាល្លឺម៉ង់អំពីផែនការទណ្ឌកម្មរបស់ខ្លួន។
ចំណែកឯមន្ត្រីទូតចិន ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងនូវយ៉ក និយាយថាការដែលអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងអ៊ីរ៉ង គឺជាការបរាជ័យក្នុងការបំពេញកាតព្វកិច្ច ស្ថិតក្រោមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខនៅឆ្នាំ២០១៥ ដែលបានរួមបញ្ចូលក្នុងកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។ នេះយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់(JCPOA)ឆ្នាំ២០១៥ ដែលចរចារវាងអាមេរិក ចិន រុស្ស៊ី អាល្លឺម៉ង់ បារាំង និងអង់គ្លេស មានបំណងបង្ការអ៊ីរ៉ង់មិនឲ្យផលិតអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការសម្រាលទណ្ឌកម្មមួយចំនួន។ ប៉ុន្តែ កិច្ចព្រមព្រៀងនេះក៏អនុញ្ញាតផងដែរ ឲ្យគេដាក់ទណ្ឌកម្មលើអ៊ីរ៉ង់វិញ ដែលរួមមានបម្រាមលក់អាវុធ បើសិនជាគេរកឃើញថាអ៊ីរ៉ង់បំពានកិច្ចព្រមព្រៀងនោះ។
តាមរយៈសារ Twitter ស្ថានបេសកកម្មចិនប្រចាំអង្គការប្រជាជាតិបាន បន្ថែមថា អាមេរិកគ្មានសិទ្ធិក្នុងការពន្យារបម្រាមលក់អាវុធលើអ៊ីរ៉ងទេ និងកុំថាឡើយចង់ដាក់ទណ្ឌកម្មឡើងវិញ។ ស្ថានបេសកកម្មចិនសង្កត់បន្ថែមថា ការធានាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់គឺជារឿងត្រឹមត្រូវតែមួយគត់ក្នុងការឈានទៅមុខ។ នៅក្រោមកិច្ចព្រមព្រៀងនេះ បម្រាមក្នុងលក់អាវុធរបស់អង្គការសហប្រជាជាតិ នឹងត្រូវផុតរលត់ក្នុងខែតុលា។
លោក Hook និយាយថាអាមេរិកបានព្រាងសេចក្តីសម្រេចចិត្តនេះរួចរាល់ហើយ។ ប៉ុន្តែដើម្បីអនុម័តបានគេត្រូវការ សម្លេងគាំទ្រចំនួន៩ និងគ្មានសម្លេងវេតូប្រឆាំងពីចិន រុស្ស៊ី បារាំង ឫអង់គ្លេស។ ចំណែកឯរុស្ស៊ីវិញ បានបង្ហាញសញ្ញាមុនបាត់ទៅហើយថា ខ្លួននឹងមិនគាំទ្រសំណើរបស់អាមេរិក។
អាមេរិកក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅឆ្នាំ២០១៨ បានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងអ៊ីរ៉ង់ដែលសម្រេចបានក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីអូបាម៉ា ដោយសម្អាងថាជាកិច្ចព្រមព្រៀងដែលអាក្រក់បំផុត។ ជាការតបនឹងការដកខ្លួនរបស់អាមេរិក អ៊ីរ៉ងបានបង្កើនការស្តុកសារធាតុអ៊ុយរ៉ាញ៉ូម ហើយអាមេរិកបានដាក់ទណ្ឌកម្មដែលធ្វើឲ្យប៉ះពាល់ដល់ការនាំប្រេងចេញរបស់អ៊ីរ៉ង់។
ចំណែកបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលជាភាគីនៃកិច្ចព្រមព្រៀង ព្យាយាមសង្គ្រោះកិច្ចព្រមព្រៀងនេះ ប៉ុន្តែមានការវិវត្តតិចតួច៕