ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សង្គម​ស៊ីវិល សុំ​ឲ្យ​កែ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន ព្រោះ​យល់ថា ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ខ្លាំងពេក​
15, May 2020 , 8:39 pm        
រូបភាព
កិច្ចប្រជុំរដ្ឋសភានាពេលកន្លងមក
កិច្ចប្រជុំរដ្ឋសភានាពេលកន្លងមក
អង្គការក្រៅរដ្ឋាភិបាល សង្គម​ស៊ីវិល និង សមាគម​សរុប​៦៦ នៅ​កម្ពុជា រួមគ្នា​ចេញ​សេចក្តី​ថ្លែង​ការ​មួយ នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ ដើម្បី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ដែល​ទើបនឹង​ចូល​ជា​ធរមាន​។ តែ​ច្បាប់​នេះ មិនទាន់​ត្រូវបាន​យកមកប្រើ​ប្រាស់​ឡើយ ដរាបណា​ប្រទេសជាតិ មិនទាន់​ត្រូវ​បានដាក់​ឲ្យ​ស្ថិតក្នុង​ភាព​មាន​អាសន្ន​។ 


​អង្គការ​-​សង្គម​ស៊ីវិល​ទាំង​៦៦ បញ្ចេញមតិ​រួមគ្នា​ក្នុង​សេចក្តីថ្លែងការណ៍ យ៉ាង​ដូច្នេះ​ថា​៖«​ប្រសិនបើ​គ្មាន​ការធ្វើ​វិសោធនកម្ម​ទៅលើ​ច្បាប់​ថ្មី​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​ជាបន្ទាន់​នោះទេ ច្បាប់​នេះ នឹង​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុង​ការដាក់កំហិត​ទៅ​លើ​សេរីភាព​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ដោយ​គ្មាន​កំណត់​»​។ 
 
​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ តប​ថា អង្គការ​-​សង្គម​ស៊ីវិល ហាក់​មិន​យល់​ឬ​យល់​ខុសពី​ខ្លឹមសារ​នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​។ លោក បកស្រាយ​ថា បើ​ដាក់​ប្រទេសជាតិ​ឲ្យ​ស្ថិតក្នុង​ភាពអាសន្ន រដ្ឋសភា និង​ព្រឹទ្ធសភា អាច​បើក​កិច្ចប្រជុំ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ពិនិត្យមើល​វិធានការ​របស់​រដ្ឋាភិបាល ដែល​ដាក់ចេញ​។ 
 
​លោក បញ្ជាក់ថា​៖«​បើ​ថា រដ្ឋាភិបាល មានអំណាច​គ្មាន​ព្រំដែន គឺ​ខុស​ទាំងស្រុង​តែម្តង​។ មិនមែន​រដ្ឋាភិបាល មានអំណាច​គ្មាន​ព្រំដែន​ទេ​។  ខ្ញុំ មិនដឹងថា ពួកគាត់ មិន​យល់ ឬ​ធ្វើជា​មិន​យល់ [​ចំពោះ​ច្បាប់​ហ្នឹង​]»​។​
 
​លោក បកស្រាយ​ថា ប្រទេស​ណាក៏ដោយ ឲ្យ​តែ​ដាក់​ប្រទេសជាតិ​ឲ្យ​ស្ថិតក្នុង​ភាពអាសន្ន គឺ​តែងតែមាន​ការបិទ​សិទ្ធិសេរីភាព​ខ្លះ​របស់​ប្រជាពលរដ្ឋ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​តាម​ការចាំបាច់​។ លោក ចោទ​ជា​សំណួរ​៖«​ទៅ​សួរ​មើល ប្រទេស​ណា​ដែលថា មិន​រឹតត្បិត​សិទ្ធិ​ប្រជាពលរដ្ឋ ពេល​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​?»​។ 

អត្ថបទទាក់ទង

 
​អង្គការ​-​សង្គម​ស៊ីវិល បន្តថា ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ត្រូវបាន​តាក់តែងឡើង ដោយ​គ្មាន​ការពិគ្រោះ​យោបល់​គ្រប់គ្រាន់​ជាមួយ​ភាគី​ពាក់ព័ន្ធ​។ ដ្បិត​ទទួលស្គាល់ថា បំណង​របស់​រដ្ឋាភិបាល ក្នុងការ​តាក់តែង​ច្បាប់​នេះ គឺ​ដើម្បី​ការពារ​សុខភាព​សាធារណៈ​ក្នុងអំឡុង​នៃ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ តែ​អង្គការ​-​សង្គម​ស៊ីវិល សម្តែង​ក្តីបារម្ភ​ខ្លាំង​ថា ច្បាប់ អាច​ផ្តល់ «​អំណាច​ដោយ​គ្មាន​ដែន​កំណត់​ដល់​រដ្ឋាភិបាល​» ក្នុង​ការដាក់កំហិត​ទៅ​លើ​សេរីភាព​មូលដ្ឋាន ដែល​អាច​បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិមនុស្ស​។ 
 
​ដោយមាន​ក្តីបារម្ភ​បែបនេះ អង្គការ​-​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ពិគ្រោះ​យោបល់​ជាបន្ទាន់​ជាមួយ​ភាគី​ពាក់ព័ន្ធ ហើយ​ឈានទៅរក​ការធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​។ អង្គការ​-​សង្គម​ស៊ីវិល លើក​ពី​ចំណុច​អវិជ្ជមាន​ថា ច្បាប់​នេះ ត្រូវបាន​អនុម័ត​យ៉ាង​ឆាប់រហ័ស ស្របពេល​មានការ​បង្ក្រាប​និង​ការ​បំបិទ​សំឡេង​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​កន្លងមក​។ 
 
​អង្គការ​-​សង្គម​ស៊ីវិល បន្តថា ចាប់តាំងពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ការ​រឹតត្បិត​លើ​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិសេរីភាព​បញ្ចេញមតិ កើតមាន​កាន់​ច្រើនឡើងៗ​។ អង្គការ​-​សង្គម​ស៊ីវិល បន្ថែមថា ការដាក់កំហិត​នេះ រួមទាំង​ការចាប់​មនុស្ស​៤០​នាក់ ដោយ​ចោទប្រកាន់​ពី​ការចែករំលែក​ព័ត៌មាន​ក្លែងក្លាយ​អំពី​ជំងឺ​កូ​វីដ​១៩​។ 
 
​អង្គការ​-​សង្គម​ស៊ីវិល ប្រាប់​ទៅ​រដ្ឋាភិបាល​ថា​៖«​យើងខ្ញុំ មានការ​ព្រួយបារម្ភ​ពី​ស្ថានភាព​បំបិទ​សំឡេង​នេះ​ថា អាច​នឹង​កាន់តែ​ធ្ងន់ធ្ងរ តាមរយៈ​ការអនុវត្ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​»​។ 
 
​អង្គការ​-​សង្គម​ស៊ីវិល លើកយក​ច្បាប់​អន្តរជាតិ​មក​និយាយថា កម្ពុជា អាច​តាក់តែង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ដើម្បី​គ្រប់គ្រង​រដ្ឋ​ក្នុង​ភាពអាសន្ន ដោយ​ធានា​ភាពអាសន្ន​ជា​សាធារណៈ អាច​ត្រូវបាន​គ្រប់គ្រង​ស្របតាម​ច្បាប់ ហើយ​រដ្ឋ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក ក៏បាន​អនុម័ត​ច្បាប់​បែបនេះ​រួចហើយ​។ 
 
​អង្គការ​-​សង្គម​ស៊ីវិល ឯកភាព​ថា ការបង្កើត​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រប់​ប្រទេសជាតិ​ស្ថិតក្នុង​គ្រាអាសន្ន គឺ​ស្រប​នឹង​មាត្រា​២២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​មាត្រា​៤​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​។ 
 
​យ៉ាងណា អង្គការ​-​សង្គម​ស៊ីវិល នៅតែ​យល់ថា ច្បាប់​ស្តីពី​ការ​គ្រប់​គ្រប់​ប្រទេសជាតិ​ស្ថិតក្នុង​គ្រាអាសន្ន បង្ហាញ​ពី​ហានិភ័យ​គួរ​ឲ្យ​បារម្ភ​ចំពោះ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយសារ​ច្បាប់​នេះ ផ្តល់​អំណាច​យ៉ាង​ទូលំទូលាយ ដល់​រដ្ឋាភិបាល ក្នុងការ​អនុវត្ត​វិធានការ​រឹតត្បិត​សិទ្ធិមនុស្ស​។ 
 
​អង្គការ​-​សង្គម​ស៊ីវិល លើក​ច្បាប់​អន្តរជាតិ​មក​និយាយទៀតថា បើ​មាន​វិធានការ​ដកហូត​កាតព្វកិច្ច​គោរព​សិទ្ធិមនុស្ស​ពី​រដ្ឋាភិបាល ក្នុងពេល​មាន​អាសន្ន វិធានការ​នោះ ត្រូវធ្វើឡើង​ដោយ​ភាពចាំបាច់​និង​សមាមាត្រ​ទៅនឹង​ស្ថានភាព​ជាក់ស្តែង​។ អង្គការ​-​សង្គម​ស៊ីវិល ចង់​ឲ្យ​រដ្ឋាភិបាល ធានា​ចរិតលក្ខណៈ​និង​វិសាលភាព​នៃ​អំណាច ឲ្យ​អនុវត្ត​សមស្រប​ទៅនឹង​ភាព​ធ្ងន់ធ្ងរ​និង​ប្រភេទ​នៃ​ភាពអាសន្ន​នីមួយៗ​។ 
 
​អង្គការ​-​សង្គម​ស៊ីវិល បាន​ទាញយក​បទ​ប្បញ្ញត្តិ​និង​មាត្រាមួយ​ចំនួន​នៃ​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រប់​ប្រទេសជាតិ​ស្ថិតក្នុង​គ្រាអាសន្ន មក​ធ្វើ​បង្ហាញថា គួរ​ឲ្យ​ព្រួយបារម្ភ ជាពិសេស​មាត្រា​៥​។ 
​អង្គការ​-​សង្គម​ស៊ីវិល មើលឃើញថា មាន​ត្រា​៥​នៃ​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រប់​ប្រទេសជាតិ​ស្ថិតក្នុង​គ្រាអាសន្ន ចែង​ពី​អំណាច​ដ៏​លើសលប់​និង​គ្មាន​ការតាមដាន​ដល់​រដ្ឋាភិបាល ដើម្បី​អនុវត្ត​វិធានការ​ក្នុងពេល​មាន​អាសន្ន ដោយ​ក្នុងនោះ រួមមាន ការដាក់​កម្រិត ឬ​ការហាមឃាត់ លើ​ការធ្វើដំណើរ ការនិយាយ​ដោយ​សេរី សកម្មភាព​អាជីវកម្ម ការបិទ​ទីតាំង​សាធារណៈ​-​ឯកជន ការ​ឈ្លប​ស្តាប់​ការសន្ទនា ក៏ដូចជា ការតាមដាន​និង​ការត្រួតពិនិត្យ​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ អង្គការ​-​សង្គម​ស៊ីវិល រំពៃ​ទុក​ថា បើ​ដាក់​ប្រទេសជាតិ​ឲ្យ​ស្ថិតក្នុង​ភាពអាសន្ន វិធានការ​ទាំងនេះ មាន​សក្កា​នុព​ល​ក្នុងការ​រឹតត្បិត​សិទ្ធិសេរីភាព​មូលដ្ឋាន​។​
 
​អង្គការ​-​សង្គម​ស៊ីវិល មើលឃើញ​ពី​ចំណុច​អវិជ្ជមាន​ទៀតថា មាត្រា​៥ មិនមាន​ចែង​ពី​ដែន​កំណត់ ដើម្បី​ហាមឃាត់​វិធានការ​ទាំងនេះ​ឲ្យ​សមស្រប​ទៅតាម​ច្បាប់​សិទ្ធិមនុស្ស [​អន្តរជាតិ​] ឡើយ​។ វា មានន័យថា ច្បាប់​នេះ អាច​ត្រូវបាន​អនុវត្ត​យ៉ាង​ងាយស្រួល ដោយ​មិន​អនុលោម​តាម​គោលការណ៍​សិទ្ធិមនុស្ស​។ 
 
​អង្គការ​-​សង្គម​ស៊ីវិល សង្កត់ធ្ងន់ថា​៖«​មាត្រា​៥ ត្រូវតែ​ធ្វើ​វិសោធនកម្ម ដើម្បី​ដាក់បញ្ចូល​ដែន​កំណត់​និង​លក្ខខណ្ឌ ក្នុងការ​កំណត់​យ៉ាង​តឹងរ៉ឹង​ចំពោះ​អំណាច ដែល​បានផ្តល់​ទៅ​ឲ្យ​រដ្ឋាភិបាល ដើម្បី​ធានា​ដល់​ការគោរព​សិទ្ធិមនុស្ស ក្នុងពេល​ឆ្លើយតប​ទៅនឹង​ភាពអាសន្ន និង​ធានាថា ច្បាប់​នេះ មិនត្រូវ​បាន​ប្រើ​ដើម្បី​បំបិទ​សំឡេង​ឬ​បំភ័យ​សំឡេង​ដែល​មិន​ស្រប​នឹង​រដ្ឋាភិបាល​»​។​
 
​បន្ទាប់មក អង្គការ​-​សង្គម​ស៊ីវិល ក៏​លើក​ពីបទ​ល្មើស​ព្រហ្មទណ្ឌ ដែល​សរសេរ​ក្នុង​មាត្រា​៧ មាត្រា​៨ និង មាត្រា​៩ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន មក​បកស្រាយ​។ 
​អង្គការ​-​សង្គម​ស៊ីវិល អធិប្បាយ​ថា សក្តានុពល​នៃ​ការប្រើប្រាស់​ច្បាប់​នេះ ដើម្បី​តម្រង់​គោលដៅ​ទៅលើ​អ្នកការពារ​សិទ្ធិមនុស្ស សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​គឺ​កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ ដោយសារតែ​ដាក់​បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​សភាព​ធ្ងន់ធ្ងរ​ចំពោះ​ការមិន​គោរព​តាម​វិធានការ​។ 
 
​អង្គការ​-​សង្គម​ស៊ីវិល ផ្តល់យោបល់​ថា រដ្ឋាភិបាល គួរតែ​ពិនិត្យឡើងវិញ​នូវ​ពាក្យពេចន៍​មិន​ច្បាស់លាស់ ដែល​ចែង​ក្នុង​មាត្រា​ទាំង​៣​នេះ ដើម្បី​ធានាថា រដ្ឋាភិបាល​ប្រកាន់​នូវ​គោលការណ៍​និ​ត្យា​នុកូលភាព និង​សមាមាត្រ ហើយ​ដើម្បី​ធានាថា ច្បាប់​នេះ​នឹងមិន​ត្រូវយក​មកប្រើប្រាស់​សម្រាប់​បង្ក្រាប​ទៅលើ​សេរីភាព​របស់​ប្រជាពលរដ្ឋ ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី និង​សំឡេង​ជំនា​ស់​។​
​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ អង្គការ​-​សង្គម​ស៊ីវិល នៅ​មើលឃើញ​ពី​កង្វះ​គណនេយ្យភាព​នៃ​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​ថែមទៀត​។ សម្រាប់​អង្គការ​-​សង្គម​ស៊ីវិល ច្បាប់​នេះ មានចែង​តិចតួច​ទាក់ទង​យន្តការ​ត្រួតពិនិត្យ និង​តុល្យភាព​អំណាច​។ 
 
​មាត្រា​៣ ចែងថា សេចក្តីសម្រេច​របស់រ​ដ្ឋ​សភា ឬ​ព្រឹទ្ធសភា ដើម្បី​បញ្ចប់​ភាពអាសន្ន ត្រូវធ្វើឡើង​ដោយ​ព្រះរាជក្រឹត្យ​តាម​សំណើ​របស់​នាយក​រដ្ឋ​ម​ន្រី្ត​។ ក្នុង​មាត្រា​នេះ ចែង​ពី​ការផ្ទេរអំណាច​ត្រួតពិនិត្យ​ដើម្បី​បញ្ចប់​ភាពអាសន្ន​ពី​រដ្ឋសភា និង​ព្រឹទ្ធសភា​ទៅ​នាយករដ្ឋមន្ត្រី ដែល​បំពាន​លើ​មាត្រា​៨៦ និង​១០២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ ទាំងនេះ ជា​បរិយាយ​របស់​អង្គការ​-​សង្គម​ស៊ីវិល​ដដែល​។ 
 
​អង្គការ​-​សង្គម​ស៊ីវិល មាន​ទស្សនៈ​ថា ក្នុងពេល​មាន​វិបត្តិ និង​ភាពអាសន្ន​សាធារណៈ គឺជា​ពេលដែល​សំខាន់​ជាង​ពេលណាៗ​ទាំងអស់ សម្រាប់​រដ្ឋាភិបាល​ក្នុងការ​អនុវត្តតាម​កា​ត​ព្វ​កិច្ច​សិទ្ធិមនុស្ស​របស់​រដ្ឋ ហើយ​ការគោរព​នេះ​ចាំបាច់​ត្រូវ​បញ្ចូល​ទៅក្នុង​ការឆ្លើយតប​ផ្នែក​ច្បាប់​។ អង្គការ​-​សង្គម​ស៊ីវិល ជម្រាបជូន​រដ្ឋាភិបាល​ថា​៖«​យើងខ្ញុំ ទទួលស្គាល់​នូវ​ភាពចាំបាច់​ក្នុង​ការដាក់​អាទិភាព​លើ​ការការពារ​សិទ្ធិ​សុខភាព​ក្នុងអំឡុងពេល​មាន​វិបត្តិ​កូ​វីដ​-១៩​នេះ ប៉ុន្តែ​ក៏ត្រូវ​មាន​តុល្យភាព​ជាមួយនឹង​ការគោរព​សិទ្ធិមនុស្ស​ជាទូទៅ​ផងដែរ​»​។​
 
​សូម​រម្លឹកថា ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជា​មូលហេតុ​ចម្បង ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល នឹកឃើញ​ពី​ការតាក់តែង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​។ យ៉ាងណា ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ហាក់​ធូរស្បើយ​មែនទែន​ហើយ ក្រោយ​ព្យាបាល​អ្នក​ឆ្លង ឲ្យ​ជាសះស្បើយ​១២១​នាក់ ក្នុងចំណោម​១២២​នាក់​។ ដូច្នេះ បើ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា កាន់តែ​ប្រសើរ ការដាក់​ប្រទេសជាតិ ឲ្យ​ស្ថិតក្នុង​ភាពអាសន្ន ទំនងជា​មិនកើត​ឡើង​ឡើយ​៕
  

 

Tag:
 អង្គការ​-​សង្គម​ស៊ីវិល​
  វិសោធនកម្ម​
  ច្បាប់​គ្រប់​គ្រប់​ប្រទេស​ក្នុង​គ្រាអាសន្ន
© រក្សាសិទ្ធិដោយ thmeythmey.com