COVID-19
អន្តរជាតិ
រដ្ឋាភិបាល​ថៃ ផ្ដើម​ផ្ញើ​លុយ​១៥៥​ដុល្លារ​ប្រចាំខែ​ឲ្យ​កសិករ​១០​លាន​នាក់​
15, May 2020 , 9:19 pm        
រូបភាព
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា
ដោយ:
​ធនាគារ​កសិកម្ម​ថៃ (BAAC) នឹង​ចាប់ផ្ដើម​ផ្ញើ​លុយ​៥០០០​បាត (១៥៥​ដុល្លារ​)​ទៅកាន់​គណនី​របស់​ប្រជាកសិករ​ថៃ ដែលមាន​សិទ្ធិ​ទទួល​កម្ម​វិធីចែក​ប្រាក់​ប្រចាំខែ​របស់​រដ្ឋាភិបាល​។ គំនិត​ផ្ដួចផ្ដើម​នេះ ត្រូវ​បង្កើតឡើង​ក្នុង​គោលដៅ​ជួយ​កសិករ​ដែល​ផលប៉ះពាល​ផ្នែក​ហិរញ្ញវត្ថុ​ដោយសារ COVID-19 ។​

 
​កសិករ​ថៃ​១០​លាន​នាក់ នឹង​ផ្ដើម​ទទួលបាន​ប្រាក់ នៅ​ថ្ងៃទី​១៥ ខែឧសភា ខណៈ​លុយ​មូលនិធិ​នេះ នឹង​បែង​ចែកជា​បណ្ដើរៗ​ក្នុង​ខែ​នេះ​។ ក្រសួងកសិកម្ម​ថៃ ប្រកាស​បែបនេះ ដែល​ត្រូវបាន​ដកស្រង់​ចុះផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍ ។​
 
​ទីប្រឹក្សា​ម្នាក់​នៃ​ក្រសួងកសិកម្ម​ថៃ លោក AlongKorn Ponlaboot នៅ​ថ្ងៃទី​១៤ ខែឧសភា បាន​បញ្ជាក់ថា ក្រសួង​លោក​បាន​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​ផ្ដល់​ឲ្យ​ដោយ​កសិករ នៅពេល​ពួកគេ​បានដាក់​ពាក្យសុំ​ចូលរួម​ក្នុង​កម្ម​វិធីចែក​ប្រាក់​របស់​រដ្ឋាភិបាល​។ លោក សង្កត់ធ្ងន់ថា ទិន្នន័យ​កសិករ​ដែល​មាន​សិទ្ធិ​ចួ​ល​រួម​ក្នុង​កម្មវិធី​នេះ ចំនួន​៨,៣៣​លាន​នាក់ ត្រូវបាន​បញ្ជូនទៅ​ឲ្យ​ខាង​ធនាគារ​។ 
 
​គណៈរដ្ឋមន្ត្រី​ថៃ កាលពី​ថ្ងៃទី​២៨ ខែមេសា បានសម្រេច​អនុម័ត​កញ្ចប់​មូលនិធិ​១៥០​ពាន់​លាន​បាត ដែល​ស្មើនឹង​ជាង ៤,៦៧៥​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​គាំទ្រ​កសិករ​១០​លាន​នាក់​ដែល​រងគ្រោះ​ដោយសារ COVID-19 ។ ធនាគារ នឹង​ផ្ញើ​ប្រាក់​១៥៥​ដុល្លារ​ប្រចាំខែ​ចូលទៅក្នុង​គណនី​ធនាគារ​ពួកគេ រហូតដល់​ខែកក្កដា​។ 
 
«​កសិករ​ចុះឈ្មោះ​ប្រមាណ​១​លាន​នាក់ នឹង​ទទួលបាន​ប្រាក់ ថ្ងៃនេះ​»​។ លោក Alongkorn បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា កសិករ​ដទៃទៀត នឹង​ទទួល​លុយ​ពួកគេ នៅ​ថ្ងៃ​បន្ដបន្ទាប់​។ លោក​បន្ថែមថា ធនាគារ នឹង​ផ្ញើ​លុយ​ជូន​កសិករ​១​លាន​នាក់​ក្នុង​មួយថ្ងៃ ហើយ​កសិករ​ទាំងអស់​១០​លាន​នាក់ នឹង​ទទួលបាន​លុយ​គ្រប់គ្នា ត្រឹម​ចុងខែ​ឧសភា​នេះ​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៥ ខែឧសភា ប្រទេស​ថៃ មាន​ករណី​ឆ្លង​COVID-19​សរុប​៣០២៥​ករណី និង​អ្នក​ស្លាប់មាន​៥៦​នាក់​។ បើតាម​វេ​ប​សាយ worldometers អ្នកជា​សះស្បើយ​មាន​២៨៥៤​នាក់​៕ 
 
 

Tag:
 ថៃ​
  COVID-19
  កសិករ​
  ប្រាក់ខែ
© រក្សាសិទ្ធិដោយ thmeythmey.com