អន្តរជាតិ
វៀតណាម នឹងនាំចូលជ្រូក២ម៉ឺនក្បាលពីថៃ ដើម្បីបង្កើនស្តុកក្នុងស្រុកវិញ
15, May 2020 , 10:39 pm        
រូបភាព
ប្រភព៖ Vietnam news
ប្រភព៖ Vietnam news
ដោយ:
វៀតណាម នឹងនាំចូលជ្រូកញី ២ម៉ឺនក្បាលពីប្រទេសថៃក្នុងឆ្នាំ២០២០នេះ ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមនៅថ្ងៃទី១៤ ខែឧសភា។ ការសម្រេចនាំចូលបែបនេះ ធ្វើឡើងខណៈប្រទេសវៀតណាមចង់បង្កើនស្តុកជ្រូកក្នុងស្រុកឡើងវិញ ដែលរងប៉ះពាល់ដោយសារការរីករាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក។

 
រកឃើញដំបូងក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ការផ្ទុះរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក បានបង្ខំឲ្យប្រទេសវៀតណាមសម្លាប់ជ្រូកចោលជិត៦លានក្បាល ឬស្មើ ២០ភាគរយនៃស្តុកជ្រូកក្នុងស្រុកសរុប។ បញ្ហានេះ បណ្ដាលឲ្យតម្លៃសាច់ជ្រូកឡើងខ្ពស់ និងដាក់គំនាបលើអតិផរណាជាតិ។ ទោះគ្មានប៉ះពាល់ដល់អាយុជីវិតមនុស្ស ជំងឺប៉េស្តជ្រូកអាហ្វ្រិក សម្លាប់ជីវិតជ្រូកយ៉ាងរង្គាល ខណៈពុំទាន់មានវ៉ាក់សាំង។ 
 
ជ្រូក២៥០ក្បាលជុំទី១ ត្រូវបាននាំចូលពីប្រទេសថៃចូលទៅកាន់ទឹកដីវៀតណាម ហើយពួកវាត្រូវបានគេរំពឹងថា ចាប់ផ្ដើមបង្កើតកូនជ្រូកនៅចុងឆ្នាំ២០២០នេះ។ ទីភ្នាក់ងារព័ត៌មាន Vietnam News រាយការណ៍បែបនេះ ដោយដកស្រង់សម្តីរបស់អនុរដ្ឋមន្ត្រីកសិកម្មវៀតណាម Phung Duc Tien ។ ជ្រូក២៥០ក្បាលនេះ ជាផ្នែកមួយនៃជ្រូកពីរម៉ឺនក្បាលដែលរដ្ឋាភិបាលអនុញ្ញាតឲ្យនាំចូល។ 
 
បើតាមប្រភពព័ត៌មានដដែល ជ្រូកនាំចូលមួយក្បាលមានតម្លៃចន្លោះពី ៥៦១ដុល្លារ ទៅ ៨៤១ដុល្លារ។ លោកអនុរដ្ឋមន្ត្រី Tien លើកឡើងទៀតថា ក្រុមហ៊ុនក្នុងស្រុក បានស្នើសុំការអនុញ្ញាតសម្រាប់ការនាំចូលជ្រូកញីដល់ទៅ១១០ ០០០ក្បាលឯណោះក្នុងឆ្នាំ២០២០នេះ។ 
 
សូមបញ្ជាក់ថា ក្នុងខែមីនាកន្លងទៅ រដ្ឋាភិបាលវៀតណាម បានប្រកាសថា អត្រាអតិផរណារបស់វៀតណាម អាចឡើងដល់ ៤,២២ភាគរយ សម្រាប់ឆ្នាំនេះ ប្រសិនបើតម្លៃសាច់ជ្រូក ពុំអាចកាត់បន្ថយបានទេនោះ។ ក្នុងប្រទេសវៀតណាម សាច់ជ្រូកត្រូវបានប្រជាជនបរិភោគ៣ភាគ៤នៃការបរិភោគសាច់សរុបប្រចាំថ្ងៃពួកគេ៕ 
 
 

Tag:
 វៀតណាម
  ថៃ
  ជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com