ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន និង​សម្ដេច ស ខេង សុទ្ធតែ​អះអាង​ពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ដោយ​មិន​ដកថយ
15, May 2020 , 5:19 pm        
រូបភាព
ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សុទ្ធតែ​អះអាងថា ការអនុវត្ត​ច្បាប់​ចរាចរណ៍ គឺ​មិនមាន​ការដកថយ​ឡើយ​។ មេដឹកនាំ​ទាំងពីរ​រូបនេះ បានប្រកាស​បែបនេះ ស្របពេល​ពលរដ្ឋ ស្នើ​សុំឱ្យ​រដ្ឋាភិបាល​ពន្យា​ពេល​អនុវត្ត​ច្បាប់​ចរាចរណ៍​។​


​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បាន​ស្រង់​ប្រសាសន៍​សម្ដេច ហ៊ុន សែន ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​អនុម័ត​សេចក្តីព្រាងច្បាប់ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងន័យ​ថា រដ្ឋាភិបាល​នៅតែ​បន្ត​អនុវត្ត​វិធានការ​ចរាចរណ៍ ដោយ​មិន​រួញរា ទោះបី​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។  
 
​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ច្នេះ​ថា​៖«​កម្ពុជា​រងគ្រោះ​ពេក​ហើយពី​គ្រោះថ្នាក់​ចរាចរណ៍​។ យើង​មាន​ប្រជាជន​តែ ១៥ លាន​នាក់ តែ​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងប្រទេស​យើង​ចង់​ស្មើនឹង​វៀតណាម និង ថៃ ដែលមាន​ប្រជាជន ជិត ៩០ លាន​នាក់ និង ៧០ លាន​នាក់ ។ ហេតុនេះ ការអនុវត្ត​ច្បាប់​ចរាចរណ៍​គឺ​មិន​ដកថយ​ទេ »​។​
 
​ពលរដ្ឋ​មួយចំនួន មិន​គាំទ្រ​ការអនុវត្ត​វិធានការ​របស់​រដ្ឋាភិបាល ស្របពេល​កម្ពុជា​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩ ឡើយ​។ ពួកគេ​ស្នើឱ្យ​រដ្ឋាភិបាល ពន្យារពេល​អនុវត្ត​សិន ដោយ​រង់ចាំ​កម្ពុជា និង​ពិភពលោក​ស្ងប់ស្ងាត់ ពី​កូ​វីដ​-១៩​។​
 
​ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក គង់ រតនៈ ក៏​បារម្ភ​ពី​បញ្ហាលំបាក​របស់​ពលរ​ដ្ឋ ក្នុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះដែរ​។​នោះ​ក៏​ព្រោះតែ​ពួកគេ​មិនទាន់​ដឹង​ច្បាស់​ពី​លក្ខខណ្ឌ​ច្បាប់​។ លោក រតនៈ ស្នើឱ្យ​រដ្ឋាភិបាល ទុកពេល​ឱ្យ​ពលរដ្ឋ សិក្សា​យល់ដឹង​ពី​វិធីសាស្ត្រ​បញ្ចៀស​ការផាកពិន័យ​ចរាចរណ៍ តាមរយៈ​ការរៀបចំ​ឯកសារ និង​សម្ភារ​ផ្សេង ដើម្បី​កុំឱ្យ​ពួកគេ​ខាតបង់​កាន់តែ​ធ្ងន់ធ្ងរ នៅក្នុង​អ​ឡុង​ពេល​នៃ​វិបត្តិ​កូ​វីដ​-១៩​នេះ​។​
 
​តែ​យ៉ាងណា​សម្ដេច ស ខេង បាន​បញ្ជាក់ថា ការពន្យា​ពេល​អនុវត្ត​វិធានការ​ចរាចរណ៍​នោះ វា​នឹងធ្វើ​កម្ពុ​ជាមាន​អ្នក​បាត់​បង់ជីវិត​កាន់តែច្រើន ដោយសារតែ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​កន្លងមកនេះ​មានមតិ​ខ្លះ​ក៏បាន​លើកឡើង​ដោយ​សុំ​ឲ្យ​មានការ​ពន្យា ឬក៏​ផ្អាក​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ដោយ​មូលហេតុ​ផ្សេងៗ​។ ប៉ុន្តែ​ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ខ្ញុំ​សូម​ជម្រាប​បញ្ជាក់ជូន​បងប្អូន​ជនរួមជាតិ​មេត្តា​ជ្រាបថា​តាម​លទ្ធផល​ជា​វិជ្ជមាន​ខាងលើនេះ​បាន​បង្ហាញថា ការពន្យា​ឬក៏​ផ្អាក​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​គឺ​ប្រៀបបាន​នឹង​ការ​បណ្តែតបណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នៅតែ​បន្ត រងរបួស និង​ស្លាប់បាត់​បង់ជីវិត​កាន់តែ​ច្រើនឡើងៗ​ថែមទៀត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែលជា​ការកើតឡើង​នូវ​សោកនាដកម្ម ទាំង​ចំពោះ​គ្រួសារ និង​សង្គមជាតិ​យើង​»​។​
 
​ទាំង​សម្ដេច ហ៊ុន សែន និង​សម្ដេច ស ខេង សុទ្ធតែ​អះអាងថា ការអនុវត្ត​វិធានការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ពេលនេះ មិនមែនជា​ការដាក់បន្ទុក​លើ​ពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​១៩​ទេ ប៉ុន្តែ​វា​ជាការ​ការពារ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ពលរដ្ឋ​ប៉ុណ្ណោះ​។ 
​បន្ថែម​ពីនេះ សម្ដេច ស ខេង ក៏បាន​ផ្ដាំ​មន្ត្រី​អនុវត្ត​ច្បាប់​គោរព​ក្រមសីលធម៌ និង​បំពេញការងារ​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។​«​ទោះជា​យ៉ាងណាក៏ដោយ​ដើម្បី​កាត់បន្ថយ ឬក៏​លប់បំបាត់​ឲ្យ​បាន​នូវ​បាតុភាព​អវិជ្ជមាន​ផ្សេងៗ​ក្នុង​យុទ្ធនាការ ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​ខ្ញុំ​ក៏​សូម​ក្រើនរំលឹក​ថែមទៀត​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ត​ភារកិច្ច​របស់ខ្លួន ត្រូវតែ​បន្ត​ការគោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​វិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​យើង​»​។ នេះ​បើតាម​រដ្ឋមន្ត្រី​មហាផ្ទៃ​។​
 
​ការ​រឹតបន្តឹង​ចរាចរណ៍​ផ្លូវគោក​រយៈពេល​១៤​ថ្ងៃ​មកនេះ សមត្ថកិច្ច បាន​ផាកពិន័យ​យានយន្ត​ល្មើសច្បាប់ ២២,៣៨១​គ្រឿង ក្នុងនោះ​ម៉ូតូ ១៦,៥៧៩​គ្រឿង និង​រថយន្ត ៥,៨០២​គ្រឿង​។ ការអនុវត្ត​វិធានការ​នេះ ក៏បាន​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​៦៨​លើក និង​អ្នករងរបួស​ថយចុះ​៩១​នាក់ ហើយ​អ្នកស្លាប់​ថយចុះ​២០​នាក់​ដែរ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​ទៀតផង​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង​៕
 

Tag:
 ហ៊ុន សែន​
  ស ខេង​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com