COVID-19
ជាតិ
Covid-19៖ អ្នកជំងឺចុងក្រោយបានជាសះស្បើយហើយ ខណៈកម្ពុជាបន្តគ្មានអ្នកឆ្លងថ្មី
× ភ្នំពេញ៖ កម្ពុជាគ្មានអ្នកជំងឺកូវីដ-១៩(Covid-19) ទេ ខណៈដែលអ្នកជំងឺកូវីដ-១៩ចុងក្រោយ បានជាសះស្បើយ។ អ្ន្កជាសះស្បើយពីកូវីដ-១៩ចុងក្រោយ ក្នុងចំណោមអ្នកជាទាំង១២២នោះ គឺជាស្ត្រីវ័យ៣៦ឆ្នាំ ដែលរស់នៅខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ឧសភា។
ទន្ទឹមនឹងក្រសួងសុខាភិបាលប្រកាសថាអ្នកជំងឺទី១២២នោះជាសះស្បើយ ក្រសួងក៏បានប្រកាសថា កម្ពុជានៅតែគ្មានករណីឆ្លងថ្មីនៃជំងឺនេះ។ ថ្វីដ្បិតពេលនេះ កម្ពុជាគ្មានអ្នកឆ្លងថ្មីនេះនៃជំងឺ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវ និងស្នើសុំដល់ពលរដ្ឋទាំងអស់ឱ្យរក្សាអនាម័យ និងគម្លាតសុវត្ថិភាពជានិច្ច ដើម្បីបង្ការជំងឺនេះ ដោយជាយថាហេតុ។
កម្ពុជា រកឃើញអ្នកឆ្លងសរុប១២២នាក់ និងបានជាសះស្បើយទាំងចំនួន១២២នាក់នោះហើយ។ អ្នកសះស្បើយទាំង១២២នាក់ រួមមានជនជាតិខ្មែរចំនួន៥១នាក់, បារាំង ៤០នាក់,ម៉ាឡេស៊ី ១៣នាក់, អង់គ្លេស៥នាក់, ចិន៣នាក់, វៀតណាម៣នាក់, អាមេរិកាំង២នាក់, ឥណ្ឌូណេស៊ី២នាក់,កាណាដា២នាក់ និងជនជាតិបែលហ្សិក១នាក់។
សូមជម្រាបថា អ្នកជំងឺទី១២២ ដែលបានជាសះស្បើយនៅថ្ងៃទី១៦ឧសភានេះ ត្រូវបានរកឃើញថាមានផ្ទុកជំងឺកូវីដ-១៩ កាលថ្ងៃទី២៨ មីនា។ មូលហេតុដែលគាត់ក្រជាសះស្បើយ គឺដោយសារអ្នកជំងឺរូបនេះ មានបញ្ហាប៉ះពាល់ផ្លូវចិត្ត។ នេះបើតាមការពន្យល់របស់ក្រសួងសុខាភិបាល កាលពីពេលកន្លងទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com