ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ព្រាប កុល ចង់ឃើញ​សម្តេច ហ៊ុន សែន និង​លោក កឹម សុខា ជួបគ្នា​បន្តបន្ទាប់​ទៀត​
16, May 2020 , 11:40 am        
រូបភាព
ដោយ: ថ្មីៗ
​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន លោក ព្រាប កុល អតីត​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា បាន​បង្ហោះ​រូបភាព​ជំនួប​របស់លោក​ជាមួយ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី លោក Pablo Kang​។ ប្រមុខ​បេសកកម្ម​ការទូត​របស់​អូស្ត្រាលី បាន​មកជួប​ជាមួយ​លោក ព្រាប កុល ដល់ផ្ទះ ក្រោយពី​លោក​បាន​ជួប​លោក កឹម សុខា ដែល​បាន​ទៅ​ជួប​សន្ទនា​ជាមួយ​សម្តេច ហ៊ុន សែន ជិត​មួយ​ម៉ោង នៅក្នុង​ពិធី​បុណ្យសព​មាតា​ក្មេក​របស់​សម្តេច​កាលពី​ពេល​ថ្មីៗ​នេះ​។ អ្នកកាសែត​សារព័ត៌មាន​ថ្មីៗ លោក លាង ដឺ​លុច បាន​សម្ភាស​លោក ព្រាប កុល តាម​ទូរ​សព្ទ​ដើម្បី​សួរ​អំពី​ខ្លឹមសារ​នៃ​ការសន្ទនា​គ្នា​រវាង​លោក និង​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​។


 
​ថ្មីៗ​៖ លោក​បាន​សរសរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​បានមក​ជួប​លោក​ដល់ផ្ទះ ហើយ​អ្នក​ទាំង​ពីរបាន​ជជែក​បញ្ហា​សេដ្ឋកិច្ច និង​នយោបាយ​។ តើ​អ្នក​ទាំងពីរ​ជជែក​លើ​ប្រធានបទ​ជាក់ស្តែង​អ្វីខ្លះ​?
 
​លោក ព្រាប កុល​៖ (​បញ្ចេញ​សំឡេង ជា​សញ្ញា​បែប​រារែក​)! យើង​ជជែក​គ្នា​ពី​ស្ថានការណ៍​ទូទៅ បញ្ហា​សេដ្ឋកិច្ច​របស់​ពិភពលោក និង​កម្ពុជា​ដែល​រង​ផលប៉ះពាល់​ពី​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការព្យាយាម​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​បញ្ហា​កូ​វីដ​នេះ​។ លោក​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ក៏​ចង់​ស្វែងយល់​ពី​ការវិវត្ត​នៃ​ស្ថានការណ៍​នយោបាយ​របស់​កម្ពុជា​ថា តើ​វា​នឹង​អាចមាន​ភាព​ធូរស្បើយ ដោយ​ងាក​មករក​គោលការណ៍​ប្រជាធិបតេយ្យ ដោយមាន​ការចូលរួម​ពី​គ្រប់​គណបក្ស​ធំៗ​… 
 
​ថ្មីៗ​៖ តើ​លោក​ទូត​អូស្ត្រាលី​ចាប់អារម្មណ៍​ចង់​អំពី​ជំនួប​រវាង​សម្តេច ហ៊ុន សែន និង​លោក កឹម សុខា កន្លង​ទៅនោះ​មែន​ទេ​? តើ​លោក​ជម្រាប​គាត់​យ៉ាងដូចម្តេច​?
 
​លោក ព្រាប កុល​៖ ខ្ញុំ​មើលឃើញ​កាយវិការ​នៃ​ជំនួប​នោះ មិន​តានតឹង​ទេ​។ វា​បង្ហាញថា មានការ​ចាប់ផ្តើម​សន្ទនា​គ្នា​។ ដូច្នេះ វា​នឹង​អាច​កើតមាន​ការសន្ទនា​បន្តបន្ទាប់​ទៀត​។ វា​ជា​ជំហាន​មួយ​ដែលនាំឱ្យ​មានការ​បន្ធូរបន្ថយ​ភាព​តានតឹង​។ ខ្ញុំ​សប្បាយចិត្ត​។ ខ្ញុំ​គាំទ្រ​ឱ្យ​អ្នកនយោបាយ​ជួបគ្នា​ញឹកញាប់ និង​ជាប្រចាំ​។ 


 
​ថ្មីៗ​៖ ខ្ញុំ​មើលទៅ ជំនួប​នោះ​មិនបាន​កើតឡើង​ដោយ​ចៃដន្យ​ទេ ដោយ​ទំនងជា​អាចមាន​ការសម្របសម្រួល​ដើម្បី​ឱ្យមាន​ជំនួប​នេះ​។ បើសិនជា នេះ​ជាការ​ពិត តើ​លោក​យល់ថា ជំនួប​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី និង​លោក កឹម សុខា គឺជា​ការបោះ​ជំហាន​មួយ​ដ៏​ធំ​ដែរឬទេ​?
 
​លោក ព្រាប កុល​៖ វា​មិនមែន​រឿង​ជំហាន​ធំ ឬ​តូច​នៅពេលនេះ នោះទេ​។ វា​ជា​ជំហាន​ទីមួយ​។ សំខាន់ វា​អាស្រ័យ​លើ​ជំហាន​បន្តបន្ទាប់​ទៀត​។ ទោះយ៉ាងណា​ក៏ដោយ ជំនួប​នោះ​មាន​រូបភាព​ធំ​ពីរ​។ ទីមួយ គឺ​ការបង្ហាញ​សម្មានចិត្ត​នៃ​អ្នកនយោបាយ​។ ទី​ពីរ គឺ​ការចាប់ផ្តើម​នៃ​ទំនាក់ទំនង​គ្នា និង​ការសន្ទនា​គ្នា​នៃ​អ្នកនយោបាយ​ធំ​ពីរ​ឡើងវិញ​។ ហើយ​ខ្ញុំ​សង្ឃឹមថា ការជួប​សន្ទនា​គ្នា​លើក​ក្រោយ នឹង​អាចមាន​របៀបវារៈ​ទៀតផង​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com