ពីនេះ ពីនោះ
ត្រី​ដំរី និង​រឿង «​មរណ​មាតា​» ក្នុងសង្គម​ខ្មែរ​
16, May 2020 , 7:39 pm        
រូបភាព
​រូបភាព​នេះ បង្ហាញ​ពី​កុមារី «​មរណ​មាតា​» កំពុងនិយាយ​ជាមួយ​ម្តាយ​ដែល​បាន​ស្លាប់ទៅ ហើយ​បាន​កើតជា​ត្រី​ដំរី​នៅ​កំពង់ទឹក​មួយ​។ រូបគំនូរ​៖ ឈុត ឈា​ណា​។​
​រូបភាព​នេះ បង្ហាញ​ពី​កុមារី «​មរណ​មាតា​» កំពុងនិយាយ​ជាមួយ​ម្តាយ​ដែល​បាន​ស្លាប់ទៅ ហើយ​បាន​កើតជា​ត្រី​ដំរី​នៅ​កំពង់ទឹក​មួយ​។ រូបគំនូរ​៖ ឈុត ឈា​ណា​។​
ដោយ:
​នៅលើ​ដងខ្លួន​រំលេច​ទៅដោយ​ពណ៌​ត្នោត​ចម្រុះ «​ត្រី​ដំរី​» Oxyeleotris marmorata ជា​ប្រភេទ​ត្រី ដែល​អាច​រស់នៅក្នុង​ទឹកសាប​ផង និង​ទឹក​ភ្លាវ​ផងដែរ​។ ត្រី​នេះ មាន​ស្តង់ដា​ប្រវែង​ដងខ្លួន​អតិបរមា ៦៥​សង់ទីម៉ែត្រ និង​ប្រវែង​ដងខ្លួន​ទូទៅ​សរុប ៣០​សង់​ទី​ម៉​ត្រ​។ ពួកវា​រស់នៅ​តាម​ទន្លេ បឹង​ទន្លេសាប ព្រែក អូរ ទី​ដែល​ពួកវា​រក​ពពួក​ត្រី​តូចៗ បង្គារ វារិ​ជាតិ ខ្យង និង​ក្តាម​ធ្វើជា​អាហារ​បាន​។

 
​នៅក្នុង​សង្គម​ខ្មែរ មានរឿង​និទាន​មួយ​ដែល​ជាប់ទាក់ទង​នឹង «​ត្រី​ដំរី​» គឺ​រឿង «​មរណ​មាតា​»​។ រឿងនេះ ត្រូវបាន​ចងក្រង​ឡើងជា​បទ​កំណាព្យ ដោយ​ព្រះ​ភិក្ខុសង្ឃ​មួយអង្គ​ព្រះនាម អ៊ុក ក្នុងពេល​ព្រះអង្គ​មាន​ព្រះជន្ម ២២​ព្រះវស្សា នៅក្នុង​ឆ្នាំ​១៨៧៧​។ ដំណើរ​រឿងនេះ​វែង​ណាស់ តែ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ សូម​ដកស្រង់​ត្រឹម​ម្តាយ និង​ឪពុក​របស់​តួអង្គ​ជួបគ្នា ដល់​ម្តាយ​របស់​តួអង្គ​បាន​ស្លាប់ ហើយ​ក្លាយជា «​ត្រី​ដំរី​» ប៉ុណ្ណោះ​។ 
 
«​មរណ​មាតា​» គឺជា​ឈ្មោះ​ទី​ពីរ របស់​កុមារី​ម្នាក់ ដែលមាន​ឈ្មោះ​ដើម «​កុមារី​»​។ នាង​គឺជា​ចំណងដៃ​ស្នេហា​ក្រៅ​អាពាហ៍ពិពាហ៍ របស់​ក​ម្លោះ​ក្រមុំ​មួយ​គួ ដែល​រស់នៅ​ផ្ទះ​ក្បែរ​គ្នា ហើយ​បាន​ជម្រត់​គ្នា នៅពេល​ពួកគេ​ចេញទៅ​ចាំ​ចាប​នៅឯ​ស្រែ ទៅ​រស់នៅ​ក្នុ​ស្រុក​ផ្សេង ដែលជា​ស្រុក​របស់​ចោរ​។ រស់នៅ​ទីនោះ​បាន​មួយរយៈ ពួកគេ​ទាំងពីរ ក៏​សុំ​មេស្រុក​ចោរ​ធ្វើជា​ឪពុកធម៌​។ មេស្រុក​ចោរ​ក៏​យល់ព្រម ហើយ​គាត់​ក៏​ចែក​ទ្រព្យសម្បតិ្ត និង​អ្នកបម្រើ​ជា​ច្រើ​នាក់​ដល់​ពួកគេ​ទាំងពីរ​ផងដែរ​។ 
 
​ដោយ​ចង់​សាង​គ្រួសារ​មួយ​រស់នៅក្នុង​ជីវិត​ពីរ​នាក់​ប្តី​ប្រពន្ធ ម្តាយ​របស់​កុមារី បាន​សុំ​ឪពុកធម៌​ជា​មេស្រុក ទៅ​តាំង​ទីលំនៅ​ក្នុងភូមិ​ថ្មី​មួយ​។ ពួកគេ​ទាំងពីរ ក៏​ទទួលបាន​កូនស្រី​ម្នាក់​ជា​ចំណងដៃ​សេ្ន​ហា ដោយ​ដាក់ឈ្មោះថា​៖ «​កុមារី​» ។ ការកើត​ចាស់ ឈឺ ស្លាប់ ជា​រឿង​ធម្មតា​របស់​សត្វលោក ឪពុកធម៌ និង​ជា​ជីតា​ធម៌​ដែលជា​មេស្រុក​ក៏បាន​ស្លាប់ទៅ​។ ឪពុក​របស់​កុមារី ក៏បាន​ឡើងជា​ធំ​នៅក្នុង​ស្រុក​នោះ ជំនួស​លោកតា​ធម៌​រប​ស់​នាង​។​
 
​ពេល​កុមារី អាយុ​បាន​៧​ឆ្នាំ មាន​ស្រី្ដ​ម្នាក់​ជា​មេម៉ាយ​កូន​ពីរ និង​មាន​បងស្រី​ម្នាក់ទៀត តែងតែ​ព្យាយាម​មក​ប្រលោម​សុំ​ស្នេហ៍​លោក​មេស្រុក ដែលជា​ឪពុក​របស់​កុមារី រហូត​បានសម្រេច ហើយ​ពួកគេ​ក៏​បានមក​រស់នៅ​ជុំគ្នា​ទាំងអស់​។ ក្រោយមក ឪពុក​របស់​កុមារី​បាន​ធ្លាក់ខ្លួន​ក្រ បាត់បង់​អស់ទ្រព្យ​សម្បត្តិ​។ ឯ​ក្នុង​គ្រួសារ ក៏​ចេះតែ​មានរឿង​រកាំរកូស​កើតឡើង ដោយសារ​ស្រី​មេម៉ាយ ដែលជា​ម្តាយចុង​របស់​កុមារី​នោះ តែងតែ​មួលបង្កាច់ ចាក់​ឆ្កឹះឆ្កៀល ធ្វើ​ឲ្យ​ឪពុក​កុមារី​ខឹង និង​វាយ​ធ្វើបាប​ម្តាយ​របស់​នាង​ជា​រៀងរាល់ថ្ងៃ​។ 
 
​សម័យ​ថ្ងៃមួយ ឪពុក​របស់​កុមារី បាន​នាំ​ម្តាយ​របស់​នាង​នៅ​បង់​ត្រី ហើយក៏​វាយ​គាត់​ទម្លាក់​ទឹក​ស្លាប់​បាត់ទៅ​។ ពេលនោះ ម្តាយ​នាង​កុមារី ក៏បាន​កើតជា «​ត្រី​ដំរី​»​។ ពេល​សម្លាប់​ហើយ ឪពុក​របស់​កុមារី ក៏​វិល​ត្រឡប់មកផ្ទះ​វិញ​។ ដោយ​ពុំ​ឃើញ​ម្តាយ​មកជា​មួយ កុមារី ក៏​យំ​រត់ទៅរក​ម្តាយ​រហូតដល់​កំពង់ទឹក​។ ពេលនោះ នាង​ទេពធីតា​មួយអង្គ បានបង្ហាញ​ខ្លួន ហើយ​ប្រាប់​នាង​ថា​៖ «​ម្តាយ​របស់​ឯង​ស្លាប់​ហើយ​»​។ ពេលនេះ គាត់​បានចាប់កំណើត​ជា «​ត្រី​ដំរី​»​។ កុមារី ក៏​ស្រែកហៅ​ម្តាយ​របស់​នាង​។ ម្តាយ​របស់​នាង ដែល​ចាប់កំណើត​ជា​ត្រី​ដំរី​នោះ ក៏​ហែល​មក​ជិត ហើយ​ប្រាប់​កូន​អំពី​ដំណើររឿង​របស់ខ្លួន​គ្រប់សព្វ​។ 
 
​ការរស់នៅ​ជាមួយ​ឪពុក និង​ម្តាយចុង កុមារី​ត្រូវ​ទទួលបន្ទុក​ការងារ​ធ្ងន់ៗ ជាច្រើន​ជាប្រចាំ​ថ្ងៃ​។ ប៉ុន្តែ ទោះយ៉ាងណា នាង​មិនដែល​ភ្លេច​យក​កន្ទក់​ទៅ​បាច​ឲ្យ​ត្រី​ដំរី ជា​ម្តាយ​ឆី​ឡើយ​។ តាំងពី​នោះមក អ្នកស្រុក​បាន​ហៅ​ឈ្មោះ​កុមារី​ថា​៖ នាង «​មរណ​មាតា​» វិញ​។ 
 
​ទោះ​ឆ្លងកាត់​ពេលវេលា​ជាង​មួយ​មួយ​សតវត្សរ៍​ទៅហើយ​ក្តី រឿង​មរណ​មាតា​នេះ នៅតែមាន​ប្រជាប្រិយភាព​រហូតមកដល់​បច្ចុប្បន្ន​ក្នុងចំណោម​ប្រជាជន​ខ្មែរ ហើយ​មាន​អ្នកខ្លះ​មិន​ហ៊ាន​បរិ​ភាគ «​ត្រី​ដំរី​» ដោយ​មានជំនឿថា «​ត្រី​ដំរី​» គឺជា​មនុស្ស​ចាប់ជាតិ ព្រោះ​ដោយសារ​សាច់រឿង មាន​ជាប់ទាក់ទង​នឹង​វា​៕

© រក្សាសិទ្ធិដោយ thmeythmey.com