ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​កសិកម្ម​៖ ព្រៃវែង​ជា​ខេត្ត​ដែល​ផលិត និង​ផ្គត់​ផ្គង់ស្បៀង​ច្រើនជាងគេ​
16, May 2020 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ព្រៃវែង គឺជា​ខេត្ត​មួយ​ដែល​ផលិត និង​ផ្គត់​ផ្គង់ស្បៀង​បាន​ច្រើន ជាង​បណ្តា​រាជធានី​-​ខេត្ត​ផ្សេងៗ​នៅ​កម្ពុជា​។ នេះ​បើ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់  និង​នេសាទ សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាល​ថ្ងៃ​៨​ឧសភា កន្លងមក​។​

 
​ទិន្នន័យ​ដែល​រដ្ឋមន្ត្រី​កសិកម្ម បង្ហាញ ព្រៃវែង ជា​ខេត្ត​ដែល​ផលិត​ស្រូវ​បាន​ខ្ពស់​ជាងគេ ក្នុងចំណោម​ខេត្ត​ទាំង​៥ ដែល​ផលិត​ស្រូវ​បាន​ច្រើនជាង​នៅ​កម្ពុជា ដោយមាន​ខេត្តបាត់ដំបង​, តាកែវ​, បន្ទាយមានជ័យ និង​កំពង់ធំ​។ សម្រាប់​ឆ្នាំ​២០១៩ ខេត្តព្រៃវែង​ផលិត​ស្រូវ​បាន​ជាង ១,៣​លាន​តោន ខណៈ​ខេត្តបាត់ដំបង​ផលិត​ស្រូវ​ជាង ១,២​លាន​តោន​,  ខេត្តតាកែវ​ផលិត​ស្រូវ​១,២​លាន​តោន​, ខេត្តបន្ទាយមានជ័យ​ផលិត​ស្រូវ​បាន​ជិត​៩៣​ម៉ឺន​តោន និង​ខេត្តកំពង់ធំ​ផលិត​ស្រូវ​បាន​៨៧​ម៉ឺន​តោន​។ 
 
​ខេត្តព្រៃវែង ក្រៅពី​ផលិត​ស្រូវ​បាន​ច្រើនជាងគេ​ហើយ​នោះ  ក៏មាន​សមត្ថភាព​នៃ​ការ​ចិញ្ចឹមសត្វ​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​បាន​ខ្ពស់​ផងដែរ​។ លោក វេ​ង សាខុន បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០២០​នេះ ខេត្តព្រៃវែង មាន គោ ជាង​៣៣,២​ម៉ឺន​ក្បាល​, ក្របី​ជាង​១,៩​ម៉ឺន​ក្បាល​, មាន់​មាន​ជាង​១,៨​លាន​ក្បាល និង​ទា​មាន​ជិត​១,៩​លាន​ក្បាល ដែល​អាច​ផលិត​ស៊ុត បាន​ជាង​១,៣​លាន​គ្រាប់ ក្នុង​មួយថ្ងៃ​។​
 
​ខេត្តព្រៃវែង​មាន​ផ្ទៃដី ដាំ​ដុះ​ស្រូវប្រាំង​៧,៥​ម៉ឺន​ហិកតា​, ដី​ស្រូវប្រាំង​មាន​២,៥​ម៉ឺន​ហិកតា និង​ផ្ទៃដី​ដាំ​បន្លែ​១,២​ម៉ឺន​ហិកតា​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង ដោយ បន្តថា ខេត្តព្រៃវែង​ក្រៅពី​ការផលិត​ស្រូវ និង​ចិញ្ចឹមសត្វ ខេត្ត​នេះ ក៏​អាច​ផ្គត់ផ្គង់​បន្លែ​សរីរាង្គ និង​សុវត្ថិភាព​នៅលើ​ទីផ្សារ​នៅ​ភ្នំពេញ បាន​ជាង​៣០​តោន និង​ត្រី​បាន​ពី​២០​ទៅ​៣០​តោន ក្នុង​មួយថ្ងៃ​ផងដែរ​៕ 
 
 


 

Tag:
 ស្បៀង​
  ព្រៃវែង​
© រក្សាសិទ្ធិដោយ thmeythmey.com