ក្រោយ​លើក​ពេល​ម្តង អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​ហ្វីលីពីន អាច​ផ្អាក​ដំណើរការ ដោយសារ​កូ​វីដ​-១៩
កីឡាជាតិ
ជាតិ
ក្រោយ​លើក​ពេល​ម្តង អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​ហ្វីលីពីន អាច​ផ្អាក​ដំណើរការ ដោយសារ​កូ​វីដ​-១៩
16, May 2020 , 9:19 pm        
រូបភាព
អត្តពលិកកម្ពុជាថតជុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយត្រឡប់មកពីចូលរួម ASEAN Para Games នៅម៉ាឡេស៊ី
អត្តពលិកកម្ពុជាថតជុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយត្រឡប់មកពីចូលរួម ASEAN Para Games នៅម៉ាឡេស៊ី
​ព្រឹត្តិការណ៍​កីឡា​សម្រាប់​ជន​មាន​ពិការភាព​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ASEAN Para Games លើក​ទី​១០​នៅ​ប្រទេស​ហ្វីលីពីន អាច​ត្រូវបាន​ផ្អាក​ដំណើរការ​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ក្រុមប្រឹក្សាភិបាល និង​សមាជិក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ីអាគ្នេយ៍ នឹង​រៀបចំ​កិច្ចប្រជុំ​នៅ​អំឡុង​ខែកក្កដា ឆ្នាំ​២០២០ ដើម្បី​ពិភាក្សា​ពាក់ព័ន្ធ​បញ្ហា​នេះ​។

 
​ក្រោយ​ពន្យា​អស់​រយៈពេល​ជាច្រើន​ខែ ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១០​នៅ​ប្រទេស​ហ្វីលីពីន​បន្ត​ស្ថិតនៅក្នុង​ភាពស្រពេចស្រពិល​នៅឡើយ​។ បើតាម​លិខិត​របស់​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ីអាគ្នេយ៍ ដែល​ផ្ញើជូន​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ព្រឹត្តិការណ៍​នេះ អាច​នឹង​ត្រូវបាន​លុបចោល បើសិន​ករណី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅតែ​បន្ត​កើនឡើង​។ 
 
​លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បាន​បញ្ជាក់ថា ក្រុមប្រឹក្សាភិបាល និង​សមាជិក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ីអាគ្នេយ៍ នឹង​រៀបចំ​កិច្ចប្រជុំ​នៅ​អំឡុង​ខែកក្កដា ឆ្នាំ​២០២០ ដើម្បី​ពិភាក្សា​ពាក់ព័ន្ធ​ការសម្រេច​ផ្អាក ឬ​បន្ត​រៀបចំ​ព្រឹត្តិការណ៍ ASEAN Para Games និង​កិច្ចការងារ​សំខាន់ៗ ដែល​ត្រូវធ្វើ​បន្ទាប់​។​


 
​អគ្គលេខាធិការ​រូបនេះ​អះអាងថា លោក​មានតែ​ការសោកស្តាយ​ប្រសិនបើ​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ផ្អាក​ដំណើរការ ដោយសារ​អត្ត​ព​លិ​ក គ្រូបង្វឹក និង​ថ្នាក់ដឹកនាំ​កម្ពុជា​បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​អភិវឌ្ឍន៍​សម​ត្ថ​ភាព ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខាងលើ​។ «​រាល់ថ្ងៃ​បងប្អូន​អត្ត​ព​លិ​ក​យើង​នៅតែ​បន្ត​ហ្វឹកហាត់​ទោះបី​មិនដឹងថា​ព្រឹត្តិការណ៍​នេះ​ត្រូវ​ផ្អាក ឬ​បន្ត​រៀបចំ​ក៏ដោយ​។ វា​មិន​អី​នោះទេ ព្រោះ​គាត់​រំពឹងទុក​ថា ការហ្វឹកហាត់​នេះ គឺ​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ និង​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១​នៅ​វៀតណាម និង​លើក​ទី​១២​នៅ​កម្ពុជា​»​។ នេះ​ជាការ​បន្ថែម​របស់លោក យី វាសនា​។ 
 
​តាម​គម្រោង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១០​នៅ​ហ្វីលីពីន​គ្រោង​ធ្វើឡើង​១​ខែ​បន្ទាប់ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ក្នុង​ខែមករា តែ​ត្រូវ​លើក​ពេល​ទៅ​នៅ​ខែមីនា ឆ្នាំ​២០២០​។ បន្ទាប់មក​ដោយសារ​កា​រ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ព្រឹត្តិការណ៍​នេះ ត្រូវបាន​លើក​ពេល​ម្តងទៀត​ទៅ​រៀបចំ​នៅ​អំឡុង​ខែតុលា ឆ្នាំ​២០២០​។ គិត​ត្រឹម​ថ្ងៃទី​១៥ ឧសភា ឆ្នាំ​២០២០ ហ្វីលីពីន​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចំនួន​១២,០៩១​នាក់ ដោយ​ព្យាបាល​ជាសះស្បើយ​ចំនួន​២,៤៦០​នាក់ និង​អ្នកស្លាប់​ចំនួន​៨០៦​នាក់​៕  
 

Tag:
 ASEAN Para Games
  យី វាសនា​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com