កីឡាជាតិ
ជាតិ
លោក ម៉ៃ តុលា ត្រូវ​ឃុំខ្លួន ក្រោម​ការចោទប្រកាន់ថា កិបកេង​លុយ​ជាង​៥​ម៉ឺន​ដុល្លារ
16, May 2020 , 4:19 pm        
រូបភាព
លោក ម៉ៃ តុលា អតីត​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា
លោក ម៉ៃ តុលា អតីត​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា
ដោយ:
​លោក ម៉ៃ តុលា អតីត​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ពាក់ព័ន្ធ​អំពើពុករលួយ​។ លោក ម៉ៃ តុលា រួមជាមួយ​ក្រុមការងា​រ​៣​រូប​ផ្សេងទៀត​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ព្យួរការងារ​មិន​ឲ្យ​ពាក់ព័ន្ធ​វិស័យ​កីឡា​អស់​មួយជីវិត ក្រោយ​កិបកេង​ថវិកា​ជាង​៥​ម៉ឺន​ដុល្លារ​។​

 
​លោក ម៉ៃ តុលា ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក រស់ ពិសិដ្ឋ ចោទ​ពីបទ​រំលោភ​លើ​ទំនុកចិត្ត ហើយ​ករណីនេះ​កំពុងស្ថិត​ក្នុងដំណាក់កាល​ស៊ើបសួរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក គុជ គីម​ឡុង ព្រះរាជអាជ្ញារង​និង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​តេ​ឡេ​ក្រាម​។ 
 
​មាត្រា​៣៩៣ បាន​ចែងថា បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ណាមួយ ជាការ​រំលោភ​លើ​ទំនុកចិត្ត ក្នុង​គោលបំណង​ទទួលផល​ប្រយោជន៍​ដល់​ខ្លួន ឬ​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ខូចខាត​ដល់​នីតិបុគ្គល ហើយ​បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​នីតិបុគ្គល​នោះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល​ទៅ​១០​លាន​រៀល​។ 
 
​គួររំលឹកថា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កាល​ពីថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​សម្រេច​ព្យួរការងារ​អតីតមន្ត្រី​សហព័ន្ធ​ចំនួន​៤​រូប​រួមមាន​លោក ម៉ៃ តុលា លោក ឆាំង ពិសិដ្ឋ លោក ទុយ វិច្ឆិកា និង លោក គល់ សុភា​រម្យ មិន​ឲ្យ​ពាក់ព័ន្ធ​វិស័យ​កីឡា​មួយជីវិត ពាក់ព័ន្ធ​រឿង​កិបកេង​ថវិកា​ជាង​៥​ម៉ឺន​ដុល្លារ​។ 
 
​ក្រោយ​សហព័ន្ធ​ចេញ​សេចក្តីសម្រេច​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង លោក ម៉ៃ តុលា ដែលជា​អតីត​អគ្គលេខាធិការ​ស្តីទី​សហព័ន្ធ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង​បញ្ជូនទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ស៊ើបសួរ​បន្ត​។ បន្ទាប់មក​លោក ម៉ៃ តុលា ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូនទៅ​ស៊ើបសួរ​បន្ត​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​ចៅក្រម​ស៊ើ​ម​សួរ​ចោទ​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​។ 
 
​បច្ចុប្បន្ន​លោក ម៉ៃ តុលា កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​រង់ចាំ​កាត់ក្តី​បន្ត​៕ 
 
  

Tag:
 បាល់ទាត់​
  ម៉ៃ តុលា​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com