ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ម្រេច​កំពត​ប្រមូល​ផល​បាន​៩០​ភាគរយ​ហើយ តែ​កូ​វីដ​-១៩ រារាំង​ការនាំចេញ​
16, May 2020 , 9:59 pm        
រូបភាព
រូបភាពផ្តល់ដោយលោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត
រូបភាពផ្តល់ដោយលោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត
ដោយ:
​ភ្នំពេញ​៖ ម្រេច​កំពត​ដែល​ចាប់ផ្តើម​ប្រមូល​ផល​ចាប់តាំងពី​ដើមឆ្នាំ​២០២០​មក នៅតែ​លក់​មិន​ចេញ ព្រោះតែ​ទីផ្សារ​សំខាន់​ជាង​នៅ​អាមេរិក និង​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប កំពុងមាន​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ លោក ងួន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត បានផ្តល់​បទ​សម្ភាស​ដ​ល់​ដល់​សារព័ត៌មាន​ថ្មីៗ​ថា បច្ចុប្បន្ននេះ បញ្ហា​គ្មាន​ទីផ្សារ​នេះ មាន​ធ្វើ​ឲ្យ​ម្រេច​កំពត​ជាច្រើន​តោន ត្រូវ​ស្តុក​នៅតាម​ផ្ទះ​កសិករ ដើម្បី​រង់ចាំ​លក់​ចេញ​នៅពេល​ជំងឺ​កូ​វីដ​-១៩​មានការ​ធូរស្បើយ​។

 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ជាមួយ លោក ងួន ឡាយ ដូចតទៅ​៖
 
 
​ក្រោយ​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​យាយី​ប្រទេស​ជុំវិញ​ពិភពលោក និង​ប្រទេស​កម្ពុជា ម្រេច​នៅ​ខេត្តកំពត ដែល​បាន​ប្រមូល​ផល​ចាប់តាំងពី​ដើមឆ្នាំ​២០២០ រហូតមកដល់​បច្ចុប្បន្ន មិនទាន់បាន​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​នៅឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ងួន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​។ 
 
​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​អត់​មាន​ទីផ្សារ​ទេ​សម្រាប់​ឆ្នាំ​២០២០​នេះ​។ យើង​ប្រមូល​ផល​បាន​៩០​ភាគរយ​ហើយ ហើយ​ទីផ្សារ​អត់​ទាន់​មាន​ទេ​។ យើង​កំពុង​រង់ចាំ​មើលថា ស្ថានភាព​កូ​វីដ​១៩ វា​ស្ងប់ស្ងាត់​ទៅវិញ ក្រែង​មាន​អ្នក​ក​ម្ម៉​ង់​ទិញ ព្រោះ​ទីផ្សារ​ម្រេច​កំពត​យើង យើង​សំដៅទៅ​សហគម​អឺរ៉ុប និង​អាមេរិក និង​អ្នកទេសចរ​ក្នុងស្រុក​។ ឥឡូវ​ទីផ្សារ​ទេសចរ​ក្នុងស្រុក ក៏​យើង​អត់​មាន​ទេសចរ​ទៀត ទៅ​ក្រៅ​ក៏​នាំ​ចេញទៅ​អត់​បាន ដោយសារតែ​យើង​ពិបាក​ទំនាក់ទំនង​។ យើង​នៅ​ស្ទះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកហើយ យើង​លក់​អត់​បានទេ​»​។ 


 
​លោក ងួន ឡាយ បន្ថែមថា ផ្ទៃដី​ដាំ​ម្រេច​កំពត​ដែលជា​សមាជិក​របស់​ស​មា​គម មាន​ចំនួន​២៨០​ហិច​តា និង​សមាជិក​អ្នក​ផលិត​ចំនួន​៤៥៧​គ្រួសារ និង​សមាជិក​ជា​ក្រុមហ៊ុន​ផលិត លក់ និង​វេច​ខ្ចប់​ចំនួន​៣៧​ក្រុមហ៊ុន​។ លោក​បន្តថា ម្រេច​កំពត​បាន​នាំចេញ​ប្រមាណ​៧០​តោន​នៅក្នុង​មួយឆ្នាំៗ ដែលមាន​ទីផ្សារ​សំខាន់​ជាងគេ​នៅ​អឺរ៉ុប និង​អាមេរិក ក្រៅពីនោះ គឺ​នាំ​ចេញទៅ​ប្រទេស​ជប៉ុន និង​ហុងកុង​ជាដើម​។ 
 
​លោក​បរិយាយ​យ៉ាង​ដូច្នេះ​៖ «​ទីផ្សារ​ម្រេច​កំពត យើង​នាំចេញ​តែ​៧០​ភាគរយ​ទេ នៅ​៣០​ភាគរយ យើង​ចរាចរ​ទីផ្សារ​ទេសចរ​ក្នុងស្រុក​នៅតាម​តំបន់​ទេសចរ​ដូចជា ភ្នំពេញ កំពត កំពង់សោម កែប សៀមរាប​។ កាល​មុន គេ​លក់បាន​ណាស់ មួយថ្ងៃៗ​ទេសចរ​ចូល​៥០០​ទៅ​៦០០​នាក់ តែ​ឥឡូវ​អត់​មាន​ទេ​។ មួយថ្ងៃ​បានតែ​ពីរ​នាក់​អី​ទេ​»​។​
 
​ម្រេច​កំពត​ត្រូវបាន​ចុះបញ្ជី​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI) កាលពី​ឆ្នាំ​២០១៦ ហើយ តំបន់​ដែល​អាច​ផលិត​ម្រេច​កំពត​បាន​លុះត្រា​ស្ថិតក្នុង​ស្រុក​ឬ​ក្រុង​មួយចំនួន​នៃ​ខេត្តកំពត និង​ខេត្ត​កែប​។ តំបន់​ទាំងនោះ រួមមាន​៖ ស្រុក​កំពង់ត្រាច ស្រុក​ដងទង់ ស្រុក​ទឹកឈូ ស្រុក​ឈូក និង​ក្រុង​កំពត​នៃ​ខេត្តកំពត ព្រមទាំង​ស្រុក​ដំណាក់​ចង្អើរ និង​ក្រុងកែប​ខេត្ត​កែប​។ ក្រោយ​ចុះបញ្ជី​ក្នុង​ផលិតផល​សម្គាល់​ភូមិសាស្ត្រ ម្រេច​កំពត​ដែល​គេ​ចាត់ទុកថា​មានគុណ​ភាព​ខ្ពស់ និង​រសជាតិ​ឆ្ងាញ់ ចាប់ផ្តើម​មានតម្លៃ​ខ្ពស់ជាង​ម្រេច​ធម្មតា​។ 


 
​លោក ងួន ឡាយ បាន​អះអាងថា ការបាត់បង់​ទីផ្សារ​ម្រេច​នេះ បាន​ឲ្យ​ធ្វើ​កសិករ និង​កម្មករ ដែល​ធ្លាប់​ទទួលបាន​ផល ពី​ចម្ការ​ម្រេច​នៅ​ខេត្តកំពត កំពុង​ជួបប្រទះ​ការលំបាក​ជាច្រើន​។ 
​លោក​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖ «​មកដល់​ថ្ងៃនេះ ជំនាន់​កូ​វីដ​នេះ ធ្លាប់ប្រើ​កម្មករ​៣០​ទៅ​៤០​នាក់ យើង​ទុក​តែ​ពីរ​បីនាក់ ដោយសារ​យើង​អត់លុយ​បើក​ឲ្យ​កម្មករ​។ យើង​ឃើញ​ហើយ​ក្រុមហ៊ុន កន្លែង​ទេសចរណ៍ អ្នកលក់ដូរ​នៅ​កន្លែង​ទេសចរ គាត់​ដក​កម្មករ​អស់ហើយ​។ ហើយ​អ្នកធ្វើ​ចម្ការ​ម្រេច​ផ្ទាល់​សុទ្ធតែ​ដក​កម្មករ​។ ដូច​ខ្ញុំ​អ៊ីចឹង ធ្លាប់ប្រើ​មនុស្ស​ច្រើន តែ​ឥឡូវ​ទុក​តែ​៤​នាក់​។ ហើយ​គ្រប់កន្លែង គឺ​អ៊ីចឹង​។ អ្នក​ផលិត​ដែល​ប្រើ​កម្លាំង​ក្រុមគ្រួសារ​មិន​អី​ទេ តែបើ​អ្នក​ប្រើ​កម្មករ គឺ​ដក​អស់ហើយ​។ ចម្ការ​ខ្លះ​អត់​ប្រមូល​ផល​ផង​»៕  



Tag:
 ម្រេច​កំពត​
 ​ងួន ឡាយ​
 ​គ្មាន​ទីផ្សារ
© រក្សាសិទ្ធិដោយ thmeythmey.com