«រី»,«ឬ» និង«ឫ»មានលក្ខខណ្ឌខុសគ្នាសម្រាប់ប្រើនៅក្នុងសំណេរ។ កាលណាគេប្រើ«រី»គឺមានន័យដូចគ្នានឹងពាក្យ ចំណែកឯ។ កាលណាគេប្រើ«ឬ» គឺសម្រាប់និយាយដោយសេចក្តីសង្ស័យ។ ចំណែក«ឫ»គឺសម្រាប់ប្រើនៅក្នុងភាសាសំស្ក្រឹត។
សម្តេច ជួន ណាត ឲ្យនិយមន័យ«រី» សម្រាប់ប្រើជាមួយពាក្យ «ឯ»គឺ«រីឯ» ដែលនាំមុខនាម ដែលជាប្រធាន ឬប្រើផ្តើមសេចក្តីក្នុងប្រយោគមួយៗ ហើយមានន័យដូចនឹងពាក្យ «ចំណែកឯ, ដោយឡែក,ផ្សេង,ប្លែក ជាដើម»។ ឧទាហរណ៍៖ កសិករដាំអំពៅទទួលបានទិន្នផលល្អ រីឯតម្លៃក៏កើនឡើងខ្ពស់ផងដែរ។
ចំពោះ «ឬ» មានន័យថា ជាសេចក្តីសង្ស័យ ដូចជា មិនប្រាកដ, មិនដាច់ស្រេច, មិនអស់មិនហើយ, មិនមែនឬ? មានដែរឬ? ឬក៏, ឬទេ, ឬអ្វី, ឬថា? ពិតមែនឬ?។
ចំណែក«ឫ» គឺសម្រាប់ប្រើជាភាសាសំស្ក្រឹត ខ្មែរយើងច្រើនផ្លាស់ ឫ ទៅជា រឹ ដូចជាពាក្យ ឫទ្ធិ, ភ្ឫតក, ម្ឫគ, ម្ឫត្យុ, វ្ឫក្ស, វ្ឫទ្ធិ, គ្ឫង្គារ ផ្លាស់ជា រឹទ្ធ, ភ្រឹតក, ម្រឹគ, ម្រឹត្យុ, វ្រឹក្ស > ព្រឹក, វ្រឹទ្ធិ > ព្រឹទ្ធិ, ឝ្រឹង្គារ > ស្រឹង្គារ ជាដើម៕