COVID-19
អន្តរជាតិ
WHO៖ ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​ដើម្បី​កម្ចាត់ COVID-19 អាច​ប៉ះពាល់​សុខភាព
17, May 2020 , 11:10 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ពី​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​ដែល​កំពុង​អនុវត្ត​នៅតាម​ប្រទេស​ខ្លះ​ក្នុង​គោលដៅ​កម្ចាត់​ជំងឺ COVID-19 ។ បើតាម WHO ការបាញ់​ថ្នាំ​សម្លាប់​បែបនេះ​នៅតាម​ទីសាធារណៈ អាច​មិនមាន​ប្រសិទ្ធភាព​ដើម្បី​សម្លាប់ COVID-19 ឡើយ តែ​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទៅវិញ​។ ស្បែក និង​ភ្នែក​របស់​មនុស្ស ជា​សរីរាង្គ​ដែល​ងាយ​រងគ្រោះ​ជាងគេ​ដោយសារ​សារធាតុ​សម្លាប់​មេរោគ​។

   
 
​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីសាធារណៈ​ដូចជា​ផ្លូវ​ធ្វើដំណើរ និង​ទីផ្សារ ត្រូវបាន​ប្រទេស​ជាច្រើន​អនុវត្ត​សំដៅ​សម្លាប់​ជំងឺ COVID-19 ។ យ៉ាងណាមិញ អង្គការ​សុខភាព​ពិភពលោក មិន​គាំទ្រ​វិធានការ​បែបនេះ​ឡើយ ព្រោះ​វា​មិនអាច​លុបបំបាត់​មេរោគ ហើយ​ថែមទាំង​អាច​បង្កបញ្ហា​ដល់​សុខភាព​មនុស្ស​ទៀតផង​។ 
 
WHO ពន្យល់ថា ការបាញ់​ថ្នាំ ឬ​ឧស្ម័ន​នៅ​ទីសាធារណ​ដូចជា​វិថី ឬ​ទីផ្សារ​នោះ មិនត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​ដើម្បី​សម្លាប់​វីរុស COVID-19 ឬ​វីរុស​ឆ្លង​ដទៃ​ទៀតឡើយ ពីព្រោះ​ថ្នាំ​ទាំងនោះ គ្មាន​សកម្មភាព​ឡើយ​នៅពេល​ប៉ះ​ធូលី ឬ​កម្ទេចកំទី​ផ្សេង​។ អង្គការ​នេះ​បញ្ជាក់ថា ការបាញ់​សារធាតុ​គីមី​នេះ ក៏​ទំនង​មិន​អាចមាន​ប្រសិទ្ធភាព​គ្រប់​ដណ្ដប់​លើ​ផ្ទៃក្នុង​រយៈពេល​ដែល​ត្រូវការ​ដើម្បី​កម្ចាត់​វីរុស​ដែរ​។ 
 
​លើសពីនោះ អង្គការ​ទទួលបន្ទុក​កិច្ចការ​សុខភាព​អន្តរជាតិ​មួយ​នេះ ក៏​អះអាង​ដែរ​ថា ផ្លូវ​សាធារណៈ មិនមែនជា​កន្លែង​ផ្ទុក​មាន​វីរុស​ឡើយ ហើយ​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​កន្លែង​ចំហ​បែបនេះ អាច​បង្ក​គ្រោះ​ថ្នាក់លើ​សុខភាព​មនុស្ស​ផងដែរ​។ ក្នុង​ឯកសារ​ណែនាំ​ស្ដីពី​ការសម្អាត​ផ្ទៃ និង​ការសម្លាប់​មេរោគ WHO បញ្ជាក់ថា ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​លើ​ខ្លួន​មនុស្ស ក៏​ជា​រឿង​មិន​ត្រឹមត្រូវ​ដែរ​ទោះ​ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ​។​
 
«​វា​អាច​បង្ក​ជា​គ្រោះ​ថ្នាក់លើ​រាងកាយ និង​ផ្លូវចិត្ត ហើយ​មិនអាច​កាត់បន្ថយ​លទ្ធភាព​ចម្លង​វីរុស​ដែល​កើត​តាម​តំណក់ទឹក ឬ​ការប៉ះពាល់​គ្នា​ឡើយ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក WHO ដែល​ព្រមាន​ថា ការបាញ់​សារធាតុ​គីមី​បែបនេះ ធ្វើ​ឲ្យ​មាន​បញ្ហា​ស្បែក ភ្នែក និង​សាច់ដុំ​ជាដើម​។ WHO ក៏​ណែនាំ​ដែរ​ថា​ប្រសិនបើ​ត្រូវ​ប្រើ​ថ្នាំ​សម្លាប់​មេរោគ​មែន គឺ​ត្រូវយក​កំណាត់​ជ្រលក់​ជាមួយ​ថ្នាំ​ដើម្បី​ជូត​សម្អាត​។ 
 
​សូមបញ្ជាក់ថា គិត​តាំងពី​ការផ្ទុះ​ឡើង​នៅ​ខែធ្នូ ឆ្នាំ​២០១៩ មក COVID-19 កំពុង​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​ពី​រយៈពេល​ដែល​វា​អាច​ទំ​ជាប់​លើ​ផ្ទៃ​វត្ថុ​នានា​។ ក្នុងការ​ពិសោធ​កន្លង​មក វីរុស​ប្រភេទ​ថ្មី​នេះ អាច​ជាប់​លើ​វត្ថុ​ផ្សេងៗ​ក្នុង​រយៈពេល​ផ្សេងគ្នា​រហូតដល់​ច្រើន​ថ្ងៃ​។ ប៉ុន្តែ​នេះ​ជា​លទ្ធផល​ក្នុង​មន្ទីរពិសោធន៍​ប៉ុណ្ណោះ ខណៈដែល​នៅក្នុង​បរិស្ថាន​ពិតៗ គេ​មិនអាច​កំណត់​រយៈពេល​ជាក់លាក់​នៅឡើយ​ដែរ​៕ 

Tag:
 WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com