ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គេង​មិន​លក់ កុំ​ភ្លេច​ញ៉ាំ​ទឹកដោះគោ​មុន​គេង អ្នកនឹង​គេង​លក់​វិញ​
17, May 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលណា​មនុស្ស​យើង​គេង​មិនបាន​គ្រប់គ្រាន់ ច្រើនតែ​ជាប់ទាក់ទង​នឹង​បញ្ហា​សុខភាព​ផ្លូវកាយ និង​ចិត្ត​ជាច្រើន​។ តាមពិតទៅ វា​ក៏​ត្រូវបាន​គេ​ចាត់ទុកថា​ជា​បញ្ហា​សុខភាព​សាធារណៈ​របស់​ពិភពលោក​យ៉ាង​ធំ​មួយ​ដែរ​។ យ៉ាងណាមិញ មនុស្ស​ភាគច្រើន​កំពុងតែ​ស្វែងរក​ដំណោះស្រាយ​សាមញ្ញៗ​ដើម្បី​ជំរុញ​ដល់​គុណភាព​នៃ​ការ​គេង​របស់​ពួកគេ​ឡើងវិញ​។​ការ​ញ៉ាំ​ទឹកដោះគោ​ក្តៅ​ឧណ្ហៗ​មួយ​កែវ​មុន​គេង​គឺជា​ទំនៀមទម្លាប់​មួយ​មែន តែ​វា​អាចជួយ​ឲ្យ​ធូរស្រាល​ក្នុង​អារម្មណ៍ បំបាត់​ការ​ថប់​អារម្មណ៍ និង​គេង​លក់​ស្រួល​នៅពេល​យប់​ផង​។​

 
​ថ្វីត្បិតតែ​ហេតុផល​ដែល​បញ្ជាក់ថា ទឹកដោះគោ​ក្តៅ​ឧណ្ហៗ​មួយ​កែវ​ជួយ​ឲ្យ​គេង​លក់​ស្រួល មិនមាន​អំណះអំណាង​ច្បាស់លាស់​បញ្ជាក់​ក៏ដោយ តែ​អ្នកជំនាញ​ភាគច្រើន​ជឿថា ភាពខ្លាំង​ដែល​ជំរុញ​ដល់​ការ​គេង​របស់​ទឹកដោះគោ​ទំនងជា​ទាក់ទង​នឹង​សារ​ធាតុគីមី​ពិសេស​ជាច្រើន ឬ​មាន​ឥទ្ធិពល​ផ្លូវចិត្ត​ក្នុងការ​សម្រួល​អារម្មណ៍​ក្នុងពេល​គេង​។ 

​ជំរុញ​ដល់​ការ​គេង​ប្រកបដោយ​សុខភាព​ល្អ​
 
​សារធាតុ​ជាច្រើន​ក្នុង​ទឹកដោះគោ ជាពិសេស Tryptophan និង Melatonin ប្រហែលជា​ជួយ​ឲ្យ​អ្នក​ងងុយគេង​បាន​។ សារធាតុ Tryptophan គឺជា​អាស៊ីតអាមីណេ​មួយ​ប្រភេទ​ដែលមាន​ក្នុង​អាហារ​ជាច្រើន​។ វា​ដើរតួនាទី​ក្នុង​ការផលិត​សារធាតុ​ចម្លង​សរសៃប្រសាទ​ឈ្មោះថា Serotonin ដែល​វា​ជំរុញ​ដល់​អារម្មណ៍ល្អ បន្ធូរ​អារម្មណ៍ និង​មាន​មុខងារ​បង្កើត​អ័រម៉ូន Melatonin ផង​។ 
 
Melatonin ត្រូវបាន​គេ​ដឹងថា ជា​អ័រម៉ូន​ងងុយគេង ហើយ​ត្រូវបាន​បញ្ចេញ​ក្នុង​ខួរក្បាល​។ វា​ជួយ​សម្រួល​ដល់​សង្វាក់​នៃ​ការ​ងងុយគេង និង​ត្រៀមខ្លួន​រាងកាយ​ដើម្បី​ចូលក្នុង​វដ្ត​នៃ​ការ​គេង​។ តួនាទី​របស់ Trptophan និង Melatonin ក្នុងការ​គេង​ខុសធម្មតា ត្រូវបាន​គេ​បញ្ជាក់ថា ការ​លេបថ្នាំ​បំប៉ន​ប្រភេទ​សារធាតុ​ទាំងពីរ​នេះ ប្រហែលជា​ជួយ​ពង្រឹង​ដល់​ការ​គេង និង​បន្ថយ​អាកា​រៈថ​ប់​អារម្មណ៍ និង​បាក់​ទឹកចិត្ត​ពេល​គេង​បាន​។ 
 
​ទោះបីជា​យ៉ាងណាក៏ដោយ មិនមាន​អំណះអំណាង​ថ្មី​ណាមួយ​បញ្ជាក់ថា ការ​ញ៉ាំ​ទឹកដោះ​គោមួយ​កែវ​ដែលមាន​សារធាតុ Tryptophan ឬ Melatonin មួយ​កែវ​សោះ​មាន​ឥទ្ធិពល​ដល់​ការផលិត​សារធាតុ Melatonin ធម្មជាតិ​របស់​រាងកាយ​បាន ឬ​ព្យាបាល​បញ្ហា​នៃ​ការ​គេង​មិន​លក់​ឡើយ​។ 

​ឥទ្ធិពល​ផ្លូវចិត្ត​
 
​អ្នកជំនាញ​ខ្លះ​សង្ស័យថា តួនាទី​ធំៗ​របស់​ទឹកដោះគោ​ក្នុងការ​ជំរុញ​ដល់​ការ​គេង គឺ​តិចតួច​ណាស់​ដែល​ត្រូវធ្វើ​ជាមួយនឹង​ជីវជាតិ​ដែល​វា​មាន ហើយ​វា​ក៏មាន​ជាប់ទាក់ទង​គ្នា​យ៉ាងខ្លាំង​នឹង​ឥទ្ធិពល​ចិត្តសាស្ត្រ​សម្រាប់​ការជួយ​ឲ្យ​រំងាប់​អារម្មណ៍​ក្នុងពេល​គេង​ថែមទៀត​។​
 
​ទ្រឹស្តី​មួយទៀត​គឺថា ការ​ញ៉ាំ​ទឹកដោះគោ​ក្តៅ​ឧណ្ហៗ​អាច​រំលឹក​ដល់ពេល​វេលា​កាលពី​នៅ​ក្មេង​បាន​។ អារម្មណ៍​បែបនេះ​ប្រហែលជា​បញ្ជាក់ថា ខួរក្បាល​របស់​អ្នក​ដល់ពេល​គេង​ហើយ ដែលជា​ហេតុ​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ងងុយគេង​កាន់តែ​ស្រួល​ថែមទៀត​។ ជាថ្មី​ម្តងទៀត ដោយសារតែ​មិនមាន​អំណះអំណាង​គ្រប់គ្រាន់​ដើម្បី​ធានាថា មាន​លទ្ធផល​ពី​ការ​ញ៉ាំ​ទឹកដោះគោ​ពេល​គេង​នៅឡើយ​នោះ ដូច្នេះ​វា​គួរតែមាន​ការសិក្សា​លើ​មនុស្ស​បន្ថែមទៀត​ទើប​ជា​រឿង​ត្រឹមត្រូវ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com