COVID-19
អន្តរជាតិ
សកម្មជន​ម្នាក់​ចង់​ធ្វើ​ស្តូប​ដើម្បី​រំឭក​ដល់​ឪពុក​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ តែ​រដ្ឋាភិបាល​ចិន​ចង់​បំបិទមាត់​លោក​
17, May 2020 , 7:59 pm        
រូបភាព
បុគ្គលិក​សុខាភិបាល​ក្នុង​ឈុត​ការពារ​មើល​ថែ​អ្នក​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​វូហាន ខេត្ត Hubei ប្រទេស​ចិន កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។
បុគ្គលិក​សុខាភិបាល​ក្នុង​ឈុត​ការពារ​មើល​ថែ​អ្នក​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​វូហាន ខេត្ត Hubei ប្រទេស​ចិន កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ​លោក​បានជ្រើសរើស​ថ្ងៃ​ប្រកាស​អំពី​ព័ត៌មាន​នេះ​នៅ​ថ្ងៃទី​៤ ខែឧសភា ដោយសារតែ​វា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​សម្រាប់​ពលរដ្ឋ​ចិន​ជាច្រើន​។ ចលនា​ថ្ងៃទី​៤ ខែឧសភា ឬ ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា «​ចលនា​វប្បធម៌​ថ្មី​» បង្ហាញ​ពី​ការ​ភ្ញាក់ខ្លួន​ផ្នែក​នយោបាយ​របស់​យុវជន​ចិន និង​ជា​ចលនា​ឆ្ពោះទៅរក​ប្រទេស​ចិន​បែប​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ​១៩១៩​។ សេរីភាព​បញ្ចេញមតិ ស្ថិតក្នុង​ចំណោម​ការទា​ម​ទារ​សំខាន់ៗ​ផ្សេងទៀត​របស់​ក្រុមអ្នកតវ៉ា​នៅពេលនោះ​។​

 
​លោក Zhang បាន​បាត់បង់​ឪពុក​របស់លោក​ដោយសា​រ​តែ​វីរុស​កូ​រ៉ូ​ណា​ដែល​បានចាប់ផ្តើម​ដំបូង​នៅក្នុង​ក្រុង​វូ​ហាន​។ លោក​បាន​និយាយថា សារ​ដែលមាន​អាយុកាល​១០១​ឆ្នាំនេះ មាន​ទំនាក់ទំនង​ពិសេស​សម្រាប់​ពេល​សព្វថ្ងៃនេះ​។​
 
​លោក​បាន​ប្រាប់ VOA នៅក្នុង​បទសម្ភាសន៍​មួយ​ថា​៖
 
«​ដោយសារតែ​មនុស្ស​គ្រប់គ្នា​ដែល​បាន​ស្លាប់ រួមទាំង​ឪពុក​របស់ខ្ញុំ​ផងដែរ គឺជា​ជនរងគ្រោះ​ដោយសារ​ការទទួលបាន​ព័ត៌មាន​ខុស​។ ស្តូប​នេះ នឹង​រំឭក​ពួកយើង​ពី​ពេលវេលា​ដ៏​ខ្មៅ​ងងឹត ដើម្បី​ធ្វើឱ្យ​ប្រាកដថា រឿងរ៉ាវ​បែបនេះ នឹងមិន​កើតឡើង​ម្តងទៀត​ទេ​»​។​
 
​លោក Zhang បាន​និយាយថា លោក​នៅតែ​គាំទ្រ​គណបក្ស​កុំម្មុយនិស្ត​ចិន​ដែលជា​គណបក្សកាន់អំណាច ប៉ុន្តែ​លោក​គិតថា មន្ត្រី​មូលដ្ឋាន​គួរតែ​ទទួលខុសត្រូវ​ចំពោះ​ការ​លាក់បាំង​ការពិត​ពីដំបូង អំពី​ការណ៍​ដែល​វីរុស​នេះ អាច​ចម្លង​ពី​មនុស្ស​ទៅ​មនុ​ស្សបាន​។​
 
​ឪពុក​របស់លោក Zhang Hai គឺ​លោក Zhang Lifa​។ លោក​ជា​អតីតយុទ្ធជន​នៃ​កងទ័ព​រំដោះប្រជាជន​ចិន ដែល​បាន​ចំណាយពេល​រាប់​ទសវត្សរ៍​ធ្វើការ​លើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន​។ លោក​បាន​ស្លាប់​នៅ​ថ្ងៃទី​១ ខែកុម្ភៈ​នៅ​មន្ទីរពេទ្យ​មួយ​នៅក្នុង​ក្រុង​វូ​ហាន​ដោយសារតែ​វីរុស​កូ​រ៉ូ​ណា​នេះ​។​
 
​លោក Zhang Hai បាន​និយាយថា កាលពី​ខែមករា ឪពុក​របស់លោក​បាន​ដួល ហើយ​បាន​បាក់ជើង​។ ពួកគេ បានធ្វើ​ដំណើរ​ពី​ខេត្ត Guangdong ទី​ដែល​ពួកគេ​ធ្លាប់​រស់នៅ មកកាន់​ក្រុង​វូ​ហាន ដែលជា​ស្រុកកំណើត​របស់​ពួកគេ ដើម្បី​ធ្វើការ​វះកាត់​។ វីរុស​កំពុងតែ​រីក​រាលដាល​នៅក្នុង​ក្រុង​វូ​ហាន​នៅពេលនោះ ប៉ុន្តែ​ក្រុមមន្ត្រី​មូលដ្ឋាន​មើលស្រាល​ហានិភ័យ​នៃ​ការចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៃ​វីរុស​កូ​រ៉ូ​ណា​។ លោក Zhang Hai ច្បាស់​ក្នុង​ចិត្ត​ថា ឪពុក​របស់លោក បាន​ឆ្លង​វីរុស​នេះ ក្នុងអំឡុងពេល​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​
 
​លោក Zhang Hai បាន​និយាយ​ក្នុង​សម្តី​ដើម​ថា​៖
 
«​ប្រសិនបើ​ខ្ញុំ​ដឹង​ពី​ហានិភ័យ​នេះ ខ្ញុំ​នឹងមិន​ឲ្យ​ឪពុក​ធ្វើដំណើរ​ទៅ​ក្រុង​វូ​ហាន​ទេ​។ ឪពុក​របស់ខ្ញុំ​បានរួម​ចំណែក​ដល់​ប្រទេស​នេះ​ច្រើនណាស់ ហើយ​ឥឡូវនេះ​លោក​បាន​ស្លាប់​ដោយសារតែ​កំហុស​ដ៏​ធំ​មួយ​របស់​អាជ្ញាធរ​មូល​ដ្ឋា​ន​។ ហេតុអ្វី​បានជា​យើង​មិនអាច​ទាមទារ​ឱ្យមាន​ការទទួលខុសត្រូវ​?»​។​
 
​ការជំរុញឱ្យ​មានការ​ទទួលខុសត្រូវ​ពី​សំណាក់​ពលរដ្ឋ​ចិន​នេះ គឺជា​ប្រធានបទ​ដែល​ក្រុមមន្ត្រី​អាមេរិកាំង​បានលើកឡើង​នៅក្នុងពេល​ថ្មីៗ​នេះ ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​បង្ហាញថា តើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្វែរ​ការស៊ើបអង្កេត​របស់​អន្តរជាតិ​ពី​ប្រភព​វីរុស​នេះ​ដោយ​របៀប​ណា និង​ថា​តើ​ប្រទេស​ចិន​បន្ត​កម្ចាត់​អ្នក​រិះគន់​ផ្ទៃក្នុង​ដោយ​របៀប​ណា ទោះបីជា​ការរិះគន់​នោះ​មាន​លក្ខណៈ​តូចតាច​ប៉ុនណា​ក៏ដោយ​នោះ​។​
 
​លោក Matthew Pottinger ជា​ជំនួយការ​ជាន់ខ្ពស់​ផ្នែក​សន្តិសុខ​ជាតិ​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ធ្លាប់​ធ្វើជា​អ្នកកាសែត​នៅក្នុង​ប្រទេស​ចិន​នៅពេលដែល​លោក​បានចាប់ផ្តើម​ការងា​រ​ដំបូង​។ លោក​បាន​សរសើរ​វេជ្ជ​បណ្ឌិត​ពីររូប​ដែល​លួច​បង្ហើប​ព័ត៌មាន និង​ដែល​ត្រូវបាន​អាជ្ញាធរ​ស្តីបន្ទោស​ចំពោះ​ការព្រមាន​សហការី​រប​ស់​ពួកគេ អំពី​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ខែធ្នូ​កន្លងទៅនេះ​។​
 
​ទោះបីជា​ប្រទេស​ចិន​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​ការ​រឹតត្បិត​ការបញ្ចេញមតិ​របស់​វេជ្ជបណ្ឌិត និង​បានចាត់ទុក​ពួកគេ​ថា ជា​អ្នក​សេ្ន​ហា​ជាតិ​ចាប់តាំងពី​ពេល​នោះមក​ក្តី រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅតែ​មិន​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន​ទៅលើ​អ្នក​ដែល​រិះគន់​ដល់​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​នោះទេ​។​
 
​លោក Zhang Hai ដែលជា​សកម្មជន​មួយរូប បាន​និយាយ​បន្ត​ក្នុង​សម្តី​ដើម​ថា​៖
 
«​ខ្ញុំ​ត្រូវតែ​ធ្វើការ​ទាមទារ​នេះ ជូន​ឪពុក​របស់ខ្ញុំ​»​។​
 
​លោក Zhang Hai មិនទាន់​ទទួលបាន​ធាតុ​របស់​ឪពុក​លោក​នៅឡើយ​ទេ រហូតមកដល់​ពេលនេះ ហើយ​លោក​មិន​ពេញចិត្ត​ជាខ្លាំង ចំពោះ​របៀប​ដែល​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​មរណភាព​របស់​ឪពុក​លោក​។​
 
​លោក Zhang បាន​និយាយថា​៖
 
«​ចាប់តាំងពី​ពេលដែល​ឪពុក​របស់ខ្ញុំ​ស្លាប់​នៅ​ថ្ងៃទី​១ ខែកុម្ភៈ គឺ​វា​មាន​រយៈពេល​យូរហើយ​។ គ្មាន​អ្នកណាម្នាក់​ឆ្លើយ​សំណួរ​របស់ខ្ញុំ​ទេ​ថា តើ​ធាតុ​របស់​ឪពុក​ខ្ញុំ​នៅទីណា​នោះ ប៉ុន្តែ​ផ្ទុយទៅវិញ​ខ្ញុំ​ត្រូវបាន​គេ​តាមដាន​នៅក្នុង​គណនី WeChat របស់ខ្ញុំ ទូរស័ព្ទ​របស់ខ្ញុំ និង​ទំព័រ​ប្លុក​របស់ខ្ញុំ​»​។​
 
​លោក Zhang បាន​និយាយថា លោក​ត្រូវបាន​ប៉ូលិស​កោះហៅ​ឲ្យ​ទៅ​ស្ថានីយ​ប៉ូលិស​ជា​លើក​ទី​២​នៅ​ថ្ងៃទី​៤ ខែឧសភា ហើយ​ប៉ូលិស​បង្ហាញ​លោក​បញ្ជី​មួយ​។ លោក​បាន​និយាយថា «​វា​ជា​ប្រវត្តិ​នៃ​ការឆ្លើយ​ឆ្លង​ទាំងអស់​របស់ខ្ញុំ​នៅលើ​បណ្តាញ WeChat»​។​
 
​លោក Zhang Hai បាន​និយាយថា ប៉ូលិស​បាន​ប្រា​ប់លោក​ពី​មូលហេតុ​សម្រាប់​ការតាមដាន​យ៉ាង​ម៉ឺងម៉ាត់​នេះ គឺ​ដោយសារ​លោក​បាន​បង្កើត​ក្រុម​អន​ឡាញ​មួយ​ដែលមាន​សមាជិកគ្រួសារ​របស់​ជនរងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​១៩​។​
 
​លោក​បាន​និយាយថា ប៉ូលិស​បាន​ប្រាប់​លោក​ថា «​ធាតុ​ផ្សំ​នៃ​ការប្រឆាំង​ចិន​អាច​នឹង​ជ្រាបចូល​ទៅក្នុង​ក្រុម​នោះ​»​។​
 
​លោក Zhang Hai បាន​សើច​ចំពោះ​លេស​នេះ​។ លោក​បាន​និយាយថា លោក និង​អ្នក​ដទៃទៀត​គ្រាន់តែ​កាន់ទុក្ខ​តាម​អន​ឡាញ​ជាមួយគ្នា ហើយ​ពួកគេ​មិនបាន​បំពាន​ច្បាប់​អ្វីមួយ​នោះទេ​។ លោក​បាន​បន្ថែមថា ផ្ទុយទៅវិញ លោក​ប្តេជ្ញា​ទាមទារ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ទទួលខុសត្រូវ​ចំពោះ​ការ​លាក់បាំង​ព័ត៌មាន​អំពី​ជំងឺ​កូ​វីដ​១៩​។​
 
​លោក​បាន​ប្រាប់ VOA ថា​៖ «​ខ្ញុំ​មិន​ខ្វល់​ថា ខ្ញុំ​ត្រូវ​បាត់បង់​អ្វី​នោះទេ​។ ខ្ញុំ​ជំពាក់​ឪពុក​ខ្ញុំ​នូវ​ការពន្យល់​មួយ​»​។​
 
​ខណៈពេលដែល​អាជ្ញាធរ​អាចនឹងទទួល​បាន​ជោគជ័យ​ក្នុង​ការមិន​ឲ្យ​មាន​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​នោះ លោក Yang Zhanqing ដែលជា​សកម្មជន​សិទ្ធិ​អតីតយុទ្ធជន​បាន​ប្រ​មើរ​មើលថា ការរិះគន់​ពី​សំណាក់​ពលរដ្ឋ​ចិន​នឹងមាន​កាន់តែច្រើន នៅពេលដែល​ការ​រាតត្បាត​នៅតែមាន​ជា​បន្ត ហើយ​អាជ្ញាធរ អាច​នឹងមាន​ការលំបាក​ក្នុងការ​គ្រប់គ្រង​វា ប្រសិនបើ​មនុស្សម្នា​ដូច​លោក Zhang Hai នៅតែ​បន្ត​តវ៉ា​នោះ​។​
 
​លោក Yang បាន​ប្រាប់ VOA ថា​៖
 
«​យើងទាំងអស់គ្នា​គួរតែ​សរសើរ​ភាពក្លាហាន​របស់លោក Zhang Hai​។ លោក​បាន​និយាយ​ចេញ​នូវ​អ្វីដែល​គ្រួសារ​ផ្សេង​ចង់​និយាយ ប៉ុន្តែ​មិន​ហ៊ាន​។ នេះ គឺជា​រឿង​កម្រ​នឹងមាន​ណាស់​»​។​
 
​បន្ទាប់ពី​លោក Zhang បាន​បង្ហោះ​ការប្រកាស​តាម​អន​ឡាញ​ដើម្បី​រៃអង្គាសប្រាក់​នេះ អាជ្ញាធរ​បាន​លុប​វា​ចោល​ភ្លាមៗ​។ លោក​បាន​បង្ហោះ​វា​ម្តងទៀត ហើយ​វា​ត្រូវបាន​គេ​លុបចោល​ម្តងទៀត​។​
 
​លោក Pottinger ដែលជា​ទីប្រឹក្សា​រង​ផ្នែក​សន្តិសុខ​ជាតិ​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និយាយថា ការ​រាំងខ្ទប់​ទ្រង់ទ្រាយ​តូច​បែបនេះ ដែលជា​រឿង​ពិត​នៃ​ជីវិត​ប្រចាំថ្ងៃ​នៅក្នុង​ប្រទេស​ចិន អាច​នាំឱ្យមាន​ការជំរុញ​ឱ្យមាន​ការផ្លាស់ប្តូ​រកា​ន់​តែ​ខ្លាំង​ទៅៗ​។​
 
​លោក Pottinger បាន​និយាយ​នៅក្នុង​សុន្ទរកថា​របស់លោក​នៅ​មជ្ឈមណ្ឌល Miller Center នៃ​សាកលវិទ្យាល័យ University of Virginia ថា​៖
 
«​នៅពេលដែល​សកម្មភាព​ក្លាហាន​តូចតាច ត្រូវបាន​រដ្ឋាភិបាល​គាបសង្កត់ ភាពក្លាហាន​ទ្រង់ទ្រាយ​ធំ​នឹង​កើតឡើង​»​។​
 
​លោក​បាន​និយាយថា លោក​សង្ឃឹមថា ការ​ថ្លែង​សុន្ទរកថា​ជា​ភាសា​ចិន​កុក​ងឺ​អាច «​ធ្វើឱ្យមាន​ការបើកផ្លូវ​សម្រាប់​កិច្ចសន្ទនា​ជាមួយនឹង​មិត្ត​នៅក្នុង​ប្រទេស​ចិន និង​នៅ​ជុំវិញ​ពិភពលោក​»​។​
 
​ក្រសួងការបរទេស​ចិន​បាន​ច្រានចោល​ការរិះគន់​របស់​លោក Pottinger អំពី​ការបង្ក្រាប​ទាក់ទង​នឹង​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ប្រទេស​ចិន ដោយ​លើកឡើងថា លោក «​អាច​នឹងមិន​សូវ​យល់​ពី​ប្រទេស​ចិន​» និង​ថា​លោក​គួរតែ​ផ្តោតលើ​ការឆ្លើយតប​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​១៩​វិញ​ទៅ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com