លោក អ៊ឹង វុទ្ធី ឈប់​ពី NGO ទៅធ្វើ​នំត្នោត​លក់ ព្រោះ​ចង់​បណ្តុះ​របរ​នេះ​ដល់​កូនចៅ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
លោក អ៊ឹង វុទ្ធី ឈប់​ពី NGO ទៅធ្វើ​នំត្នោត​លក់ ព្រោះ​ចង់​បណ្តុះ​របរ​នេះ​ដល់​កូនចៅ​
17, May 2020 , 12:59 pm        
រូបភាព
​ភ្នំពេញ​៖ លោក អ៊ឹង វុទ្ធី ជា​អ្នកធ្វើ​នំត្នោត​លក់​, នំ​ពង​ទា​ស្នូល​ពង​ទាប្រៃ និង​នំ​ក្រេប​ជាដើម​លក់​នៅមុខ​ផ្ទះ​រប​ស់​ខ្លួន នៅ​ម្តុំ​ផ្សារ​ឈូក​មាស រាជធានី​ភ្នំពេញ​។ លោក​ចាប់ផ្តើម​របរ​នេះ​ប្រមាណ​៥​ខែ​ហើយ ក្រោយ​លោក​លាឈប់​ពី​ការងារ​នៅ​អង្គការ​មួយ​ដែល​លោក​បម្រើការ​ជាង​១០​ឆ្នាំ​មកហើយ​នោះ​។  លោក វុទ្ធី ពន្យល់ថា  ការប្រកប​អាជីវកម្ម​ដោយ​ខ្លួនឯង ធ្វើ​ឲ្យ​លោក​មាន​សេរីភាព​ជាង​ធ្វើការ និង​អាច​បន្សល់ទុក​មុខរប​រ​នេះ​ដល់​កូនចៅ​ជំនាន់​ក្រោយ​។  លោក អ៊ឹង វុទ្ធី ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​រាជធានី​-​ខេត្ត ដូច្នេះ​៖ «​ការងារ​អង្គការ តាមពិតទៅ​មាន​ភាពងាយស្រួល​ម្យ៉ាងដែរ ប៉ុន្តែ​នៅពេល​យើង​គិតពី​លទ្ធផល​ចុងក្រោយ មិនមាន​អ្វី​សម្រាប់​កូនចៅ​ជំនាន់​នោះទេ ដោយ​បានតែ​ខ្លួនឯង និង​ប្រាក់ចំណូល​។ ខ្ញុំ​គិតថា បើ​ងា​កមក​ចាប់ផ្ដើម​អាជីវកម្ម​អ្វីមួយ​សម្រាប់​ខ្លួនឯង ទោះបីជា​ក្នុងដំណាក់កាល​ដំបូង​មិនទាន់​លូតលាស់ តែ​អាច​បន្សល់ទុករ​បរដល់​កូន​ជំនាន់​ក្រោយ​ទៀត​»​។

 

​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​ដូចតទៅ​៖ 

 
 
​មុនដំបូង លោក អ៊ឹង វុទ្ធី ធ្វើ​«​នំត្នោត​»​លក់​។ ផ្តើម​អាជីវកម្ម​ជាមួយនឹង​«​នំត្នោត​» មិនមែនជា​រឿង​ចៃដន្យ​នោះទេ​។ បើតាម លោក វុទ្ធី កាល​លោក​នៅ​ជា​បុគ្គលិក​អង្គការ លោក​ធ្លាប់​ទិញ​«​នំត្នោត​»​ដែល​អ្នកភូមិ​ធ្វើ ហើយ​មាន​នំ​នោះ​មាន​រសជាតិ​ឆ្ងាញ់​។ ដូច្នេះ លោក​ក៏មាន​គំនិត​យក​«​នំត្នោត​» មក​ចាប់ផ្ដើម​អាជីវកម្ម​តែម្តង​។​
 
​ធ្លាប់​ទទួលទាន តែ​មិន​ធ្លាប់ធ្វើ​។ នេះ​គឺជា​បញ្ហា​ប្រឈម​របស់ ម្ចាស់​អាជីវកម្ម​ជើង​ថ្មី​រូបនេះ​។ ដូច្នេះ លោក​ក៏ត្រូវ​ចាប់ផ្តើម​រៀន​ធ្វើ​នំ ពី​ចំណុចសូន្យ​ដែរ​។ បើតាម លោក វុទ្ធី ពេលខ្លះ​ធ្វើ​នំ​មិន​បានល្អ មាន​បញ្ហា ក៏ត្រូវ​បោះចោល​ជា​ញឹកញាប់​។ លោក វុទ្ធី បន្ថែមទៀត​ដូច្នេះ​៖ «​កាល​ដំបូង ផល​លំបាក​សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​មិន​ស្គាល់​អ្វី​ជា​មេនំ​។ បញ្ហា​រសជាតិ មិនដឹងថា​ពេញចិត្ត​សម្រាប់​អ្នកទទួល​ទាន​ឬ​អត់ បញ្ហា​រក​វត្ថុធាតុដើម​(​ត្នោត​) និង​បញ្ហា​ទីផ្សារ​ជាដើម​»​។​
 
​ក្រោយ​ការតស៊ូ​អត់ធ្មត់ និង​ព្យាយាម​អស់​រយៈពេល​ខ្ទង់ ៥​ខែ​មកនេះ លោក អ៊ឹង វុទ្ធី ក៏​អាចធ្វើ​នំ​ដែលមាន​រសជាតិ​ឆ្ងាញ់ អាច​ទទួលយកបាន សម្រាប់​ដាក់លក់​នៅផ្ទះរ​បស់​ខ្លួន​ផង និង​ចែកចាយ​ទៅ​ហាង​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ផង​។ លោក វិ​ទ្ធី  អះអាងថា លោក​អាច​រកប្រាក់​ចំណូល​បាន​ប្រមាណ ១០០​ដុល្លារ ក្នុង​មួយថ្ងៃ ពី​របរ​ធ្វើ​នំ​លក់​នេះ ហើយ លោក ក៏​កំពុង​សិក្សា​ពី​របៀប​ធ្វើ​នំ​ផ្សេងៗ​ទៀត ដើម្បី​ធ្វើ​លក់​បន្ថែម​ផងដែរ​។ ជាមួយគ្នានេះ លោក វុទ្ធី រំពឹងថា​ខ្លួន​អាចបង្កើត​ហាង​នំ​មួយ​ដែល​យក​«​នំត្នោត​ខ្មែរ​»​ជា​នំ​អត្តសញ្ញាណ​ប្រចាំ​ហាង​ផងដែរ​៕
 
 

Tag:
 ជំនួញ​ខ្នាតតូច​
  ThmeyThmey25
  នំ​
© រក្សាសិទ្ធិដោយ thmeythmey.com