COVID-19
អន្តរជាតិ
រដ្ឋាភិបាល​បាល​ឡាវ ជួយ​រក​ការងារ​ឲ្យ​ពលករ​របស់ខ្លួន​ដែល​ត្រលប់​មកពី​ថៃ ដោយសារ Covid-19
17, May 2020 , 1:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ឡាវ បានប្រកាស​ផ្តល់ និង​ជួយ​រក​ការងារ​ឲ្យ​ពលរដ្ឋ​របស់ខ្លួន ដែលជា​ពលករ​ទើបតែ​ត្រលប់​ពី​ប្រទេស​ថៃ ក្នុងអំឡុង​នៃ​ការផ្ទុះ​រីក​រាលដាល​នៃ​វីរុស Covid-19​។ សេចក្តីប្រកាស​នេះ ធ្វើឡើង​បន្ទាប់​ប្រមុខ រដ្ឋាភិបាល ក៏បាន​បន្ធូរបន្ថយ និង​ដក​វិធានការ​ទប់ស្កាត់ និង​ការពារ​វីរុស Covid-19 មួយចំនួន​នៅក្នុង​ប្រទេស​ផងដែរ​។

 
 
​តាមរយៈ​ក្រសួង​ការងារ និង​សុខមាលភាព​សង្គម​រប​ស់​ខ្លួន រដ្ឋាភិបាល​ឡាវ​បានស្នើ​ឲ្យ​អង្គភាព​ជំនាញ​របស់ខ្លួន​ដែលមាន​មូលដ្ឋាន​តាម​ខេត្ត​ប្រមូល​ទិន្នន័យ​ពី​អាជ្ញាធរ​តាម​ភូមិ​អំពី​ចំនួន​ប្រជាជន​ដែល​ទើបតែ​ត្រលប់​ចូល​ប្រទេស ជាពិសេស​ពលរដ្ឋ​ដែលជា​ពលករ​មកពី​ប្រទេស​ថៃ ក្រោយពី​ការផ្ទុះ​នៃ​វីរុស Covid-19​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Vientiane Times ។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល ទិន្នន័យ​ដែល​ត្រូវ​ប្រមូល​នោះ នឹង​ទាមទារ​ការបញ្ជា​ក់ថា​តើ​មាន​ចំនួន​ប្រជាជន​ប៉ុន្មាន​ភាគរយ ដែល​ត្រូវការ​ជំនួយ និង​កំពុង​អត់​ការងារ​ធ្វើ​។ ហើយ​រដ្ឋាភិបាល​រំពឹងថា វិធានការ​នេះ នឹង​អាចជួយ​ដល់​ពលករ​ដែល​បាន​ត្រលប់មក​ប្រទេស​វិញ ទទួលបាន​ការងារ​ថ្មី នៅ​អាជីវកម្ម​ក្នុងប្រទេស និង​អាច​ទទួលបាន​វគ្គប​ណ្តុះ​បណ្តាល​សមរម្យ មុនពេល​ចូល​បម្រើការ​នេះ​ផងដែរ​។​
 
​តាម​របាយការណ៍​ប៉ាន់ស្មាន​បឋម​រប​ស់គ​ណៈ​ក​ម្មា​ការ​ជាតិ​ទប់ស្កាត់ និង​គ្រប់គ្រង Covid-19 មាន​ពលរដ្ឋ​ឡាវ ដែល​ត្រលប់​មកពី​ថៃ ប្រមាណ​ជិត ៨ ម៉ឺន​នាក់ ក្នុងនោះ​មាន​ពលករ​ដែលជា​ពល​រដ្ឋ​រស់នៅក្នុង​រដ្ឋធានី​វៀងចន្ទន៍ ប្រមាណ ២​ពីរ​នាក់ ផងដែរ​។ 
 
​ជាមួយនឹង​ការប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ប្រជាជន​ដែល​អត់​ការងារ​ធ្វើ​នេះ រដ្ឋាភិបាល​ឡាវ​ក្នុងពេល​តែមួយ ក៏​កំពុងតែ​ប្រមូល​ទិន្ន័យ​ទូទាំងប្រទេស​ស្តីពី​តម្រូវការ​ការងារ ដើម្បី​ជា​មធ្យោបាយ​មួយ​សម្រាប់​ផ្តល់​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល អាច​កំណត់​ឱកាស​ការងារ និង​ទីកន្លែង​ច្បាស់លាស់​សម្រាប់​ប្រជាពលរដ្ឋ ដែល​ចង់​ធ្វើការ​នៅក្នុង​ប្រទេស​។ នេះ ក៏​រាប់បញ្ចូល​ពី​ការសិក្សា​លទ្ធភាព​ឱកាស​ការងារ​ក្រៅប្រទេស​ផងដែរ នៅពេល​ដែ​ស្ថានភាព​ទូទៅ​មាន​ភាពល្អប្រសើរ​៕ 

Tag:
 ឡាវ​
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com