ត្រៀមកម្លាំង តាំងពីតូច ខូចខាត់កែ
ក្រុងដូចស្រែ កែតម្រង់ ផ្ចង់តម្រាប់
សីលធម៌ ធម៌ឧត្តម ផ្សំទាំងច្បាប់
ក្មេងងាយត្រាប់ ឆាប់ដុះដាន បានអ្នកស្នង។
ជំនាន់ថ្មី ថ្មីគំនិត គិតរហ័ស
រៀនពីចាស់ ឆ្លាស់ឆ្លាក់ច្នៃ ក្រៃច្បាស់ច្បង
ចាស់បណ្តុះ ចុះបាចដាំ ចាំចែងចង
ត្រៀមអ្នកស្នង ក្រងក្រមក្រឹត្យ ប្រិតប្រដៅ។
កុំបណ្តោយ ឲ្យស្រអាប់ ឆាប់ដុះខាត់
ដោយប្រយ័ត្ន ចាត់ប្រយែង ក្រែងក្រុមក្រៅ
ក្មេងទំនើង ទើងទាញទាក់ ជាក់ធ្លាក់ខ្លៅ
ឃើញខុសហៅ ដៅអប់រំ ជុំដាស់តឿន។
ត្រៀមអ្នកស្នង ចងក្រងក្រុម ផ្តុំអ្នកខ្លាំង
ត្រៀមមុនច្បាំង តាំងឲ្យច្បាស់ ផ្លាស់ឲ្យលឿន
លោកសម័យ ច្នៃធនធាន ហ៊ានជំរឿន
ត្រៀមបានលឿន តឿនបានលះ ឈ្នះរួមគ្នា៕