ជាតិ
អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បង្កើត​កម្មវិធី​៣ គាំទ្រ​វិស័យ​សិល្បៈ​វប្បធម៌​នៅ​កម្ពុជា​
18, May 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​រួមចំណែក ក្នុងការ​គាំទ្រ​វិស័យ​សិល្បៈ​វប្បធម៌​នៅ​កម្ពុជា ក៏ដូចជា​ការបង្កើត​ឱកាស​នានា​សម្រាប់​សិល្បករ សិស្សសិល្បៈ និង​អ្នក​ដែល​ធ្វើការ ឬ​មាន​ចំណាប់អារម្មណ៍​ក្នុង​វិស័យ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​បង្កើត​កម្មវិធី​សិល្បៈ​ចំនួន​៣ ដែល​ផ្ដោត​ជាពិសេស​លើ​ការអភិវឌ្ឍ​ចំណេះដឹង និង ការបង្ហាញ​អំពី​ទេពកោសល្យ​។


 
​កម្មវិធី​ទាំង​៣​នោះ រួមមាន កម្មវិធី​អាហារូបករណ៍​វគ្គ​បណ្ដុះបណ្ដាល​អំពី «​ការសរសេរ​វិភាគ​ពី​សិល្បៈ​» កម្មវិធី​អាហារូបករណ៍​សិល្បៈ​អមតៈ អាន ច​ន​-​ផន ឆ្នាំ ២០២១ និង កម្មវិធី​ជ្រើសរើស​អត្ថបទ​និពន្ធ​ថ្មី សម្រាប់​ល្ខោន​។​
 
​កម្មវិធី​អាហារូបករណ៍​វគ្គ​បណ្ដុះបណ្ដាល​អំពី «​ការសរសេរ​វិភាគ​ពី​សិល្បៈ​» រៀបចំឡើង​ជាពិសេស និង​ដំបូង​គេ សម្រាប់​បណ្ដុះបណ្ដាល​ធន​ធាន​ផ្នែក​សរសេរ​វិភាគ​សិល្បៈ ដែលជា​ជំនាញ​មាន​អ្នកចេះ​តិចតួច​នៅឡើយ និង​ជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុងការ​ជំរុញ និង​ផ្សព្វផ្សាយ​អំពី​វិស័យ​សិល្បៈ និង​ស្នាដៃ​។​
 
​វគ្គ​នេះ ធ្វើឡើង​ពីថ្ងៃ​ទី​២៥-២៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​ភ្នំពេញ សម្រាប់​អ្នកចូលរួម ១២​នាក់ ហើយ​អ្នកសម្របសម្រួល គឺ​លោក យាន រស្មី ដែលមាន​បទពិសោធន៍​យូរ​ឆ្នាំ​ក្នុងការ​សរសេរ​វិភាគ​ពី​សិល្បៈ​។ សិស្ស​អាហារូបករណ៍ នឹង​ទទួលបាន​គន្លឹះ​នានា​ក្នុងការ​សរសេរ ការចែករំលែក​បទពិសោធ​ន៍​ពី​អ្នកសម្របសម្រួល និង​វាគ្មិន ព្រមទាំង​ឱកាស​ចេញផ្សាយ​អត្ថបទ​ផងដែរ​។ 
 
​បេក្ខជន​ដាក់ពាក្យ អាចជា សិស្ស​-​និស្សិត អ្នកនិពន្ធ អ្នកសារព័ត៌មាន និង​សិល្បករ ធ្លាប់ ឬ​មិន​ធ្លាប់មាន​បទពិសោធ​ន៍ស​រ​សេរ ប៉ុន្តែ​មាន​ចំណាប់អារម្មណ៍​លើ​ការគិត​បែប​ស៊ីជម្រៅ​។ ឈប់​ទទួល​ពាក្យ ត្រឹម​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០​។ សម្រាប់​ការដាក់​ពាក្យ សូម​ទាក់ទង លោក គាត សុ​គីម តាមរយៈ​លេខ ០៧០ ៥៩៦ ០៧៦ ឬ [email protected] ។​
 
​ចំណែក កម្មវិធី​អាហារូបករណ៍​សិល្បៈ​អមតៈ អាន ច​ន​-​ផន ឆ្នាំ ២០២១  បង្កើតឡើង​សម្រាប់​សិស្ស​-​និស្សិត​ផ្នែក​សិល្បៈ គ្រូសិល្បៈ សិល្បករ អ្នកធ្វើការ​ក្នុង​វិស័យ​សិល្បៈ អ្នកស្រាវជ្រាវ អ្នកនិពន្ធ និង​ផ្សេងៗ​ទៀត ដែល​ចង់​អភិវឌ្ឍ​ជំនាញ​សិល្បៈ ឬ​មិនមែន​សិល្បៈ ដើម្បី​អភិវឌ្ឍន៍​ឱកាស​ការងារ​របស់ខ្លួន​ឲ្យ​បាន​កាន់តែ​ប្រសើរ​។ 
 
 សិស្ស​អាហារូបករណ៍​នឹង​ទទួលបាន​ទឹកប្រាក់​ចំនួន ១២០០​ដុល្លារ​/​ឆ្នាំ និង​តាម​ចំនួន​ឆ្នាំ​ដែល​បេក្ខជន​បានស្នើ​សុំ​។ ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០​។ អាហារូបករណ៍​នេះ​ផ្ដល់ជូន ១០ កន្លែង​ជា​រៀងរាល់ឆ្នាំ​។ សម្រាប់​ការដាក់​ពាក្យ និង​អំពី​ពាក្យស្នើសុំ សូម​ទាក់ទង លោក ឥន្ទ សរ​ម៉ា​ណាក់ តាមរយៈ​លេខ ០១០ ៩៤១ ២២៤ ឬ [email protected] ។ 
 
​រីឯ កម្មវិធី​ជ្រើសរើស​អត្ថបទ​និពន្ធ​ថ្មី សម្រាប់​ល្ខោន​។ ដើម្បី​រួមចំណែក​ជួយ​ដល់​អ្នកមាន​ទេពកោសល្យ ឬ​អ្នក​ស្រលាញ់​ការ​តែង​និពន្ធ សិល្បៈ​ខ្មែរ​អមតៈ បាន​បង្កើត​កម្មវិធី​ជ្រើសរើស​អត្ថបទ​និពន្ធ​ថ្មី​សម្រាប់​ដំ​ឡើងជា​ល្ខោន យ៉ាងច្រើន ២០​ទំព័រ សម្រាប់់​តួ ៤ ទៅ​៥​នាក់ និង​ឆ្លើយតប​ទៅនឹង​ប្រធានបទ «​ការបង្ហាញ​អត្តសញ្ញាណ​៖ ពួកគេ និង​ពួកយើង​» ។​
 
 បេក្ខជន​អាចជា អ្នកនិពន្ធ អ្នកសរសេរ​អត្ថបទ​រឿង ឬ​ល្ខោន ឬ​អ្នក​ដែល​ចង់បង្ហាញ​សាច់រឿង​លើ​ឆាក​។ ចំនួន​ស្នាដៃ​ដែល​ត្រូវ​ជ្រើសរើស មាន​ពី ២ ទៅ ៤​ស្នាដៃ​។ អត្ថបទ​ដែលជា​ប់​ជំរើស​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ៤០០​ដុល្លារ ហើយនឹង​ត្រូវបាន​បង្ហាញ​ជា​ល្ខោន​អាន​ក្នុង​កម្មវិធី​សិល្បៈ រដូវ​វប្បធម៌ នៅ​ខែតុលា និង​វិច្ឆិកា ឆ្នាំ ២០២០ ក្នុងពេល​ខាងមុខនេះ​។ ឈប់​ទទួល​ពាក្យ​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០២០​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់់ទង កញ្ញា សុ​ត ច័ន្ទ​ដា​លី តាមរយៈ​លេខ ០៨៦ ៨៩៥ ៥៥៦  ឬ  [email protected]
 
 

Tag:
 សិល្បៈ​
  វប្បធម៌​
  គាំទ្រ​
  វិស័យ​
 
© រក្សាសិទ្ធិដោយ thmeythmey.com