ជាតិ
គម្រោង​ស្តារ​សេវាកម្ម និង​ប្រព័ន្ធ​បរិស្ថាន​នៅ​ជួរ​ភ្នំក្រវាញ ទទួលបាន​ថវិកា​គាំទ្រ ១,៥​លាន​ដុល្លារ​
18, May 2020 , 8:39 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា មូល​និ​ធី​បរិស្ថាន​សាកល (GEF)  និង កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា (UNDP Cambodia)  ផ្ដល់​ថវិកា​រួមគ្នា​ប្រមាណ​១,៥​លាន​ដុល្លារ សម្រាប់​អនុវត្ត​គម្រោង​ស្ដីពី «​ការគ្រប់គ្រង​រួមគ្នា​ដើម្បី​ការពារ ស្ដារ​សេវាកម្ម​ទី​ជម្រាល និង​ប្រព័ន្ធ​បរិស្ថាន​នៅ​តំបន់​ជួរ​ភ្នំ​ជួរ​ភ្នំក្រវាញ​ប៉ែក​ខាងលើ នៃ​អាង​ស្ទឹង​ព្រែក​ត្នោត​» ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

 
 
​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួមជាមួយ​លោក Nick Beresford ប្រធាន​អង្គការ UNDP ប្រចាំ​នៅ​កម្ពុជា និង លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ចុះទៅពិនិត្យ​គម្រោង​ស្តារ​សេវាកម្ម​ទី​ជម្រាល និង​ប្រព័ន្ធ​បរិស្ថាន​នៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ ដែល​អនុវត្ត​ដោយ​សហគមន៍​តំបន់ការពារធម្មជាតិ​រស្មី​សាមគ្គី​។ 
​ការអនុវត្ត​គម្រោង​នេះ មានដូចជា ការផ្គត់ផ្គង់ និង​ការប្រើប្រាស់​ទឹក​, ស្រះ​ទឹក និង​ព្រៃឈើ​សហគមន៍ រួមទាំង​ផលិតផល​ដំណាំ​បន្លែ​ផងដែរ​។ ក្រៅពីនោះ លោក ម៉ុ​ន សំអាត ប្រធាន​សហគមន៍ និង​លោក ឈាង តុលា ប្រធាន​មន្ទីរ​កសិកម្ម បាន​រាយការណ៍​ពី​ការគ្រប់គ្រង​ព្រៃឈើ​សហគមន៍ និង​ផលប្រយោជន៍​នៃ​ប្រើប្រាស់​ទឹកស្អាត ផល​និង​អនុផល​ព្រៃឈើ រួមទាំង​ដំណាំ​រួមផ្សំ​បង្កើន​ផល​ដើមរដូវ​វស្សា និង​ស្ថានភាព​សហគមន៍​ព្រៃឈើ​ទូទាំង​ខេត្ត​។ 
 
​ក្នុង​គម្រោង​នេះ ប្រធាន​អង្គការ UNDP ផ្តោត​សំខាន់​ទៅលើ​ការផ្គត់ផ្គង់ និង​ប្រើប្រាស់​ទឹក ព្រោះ​វា​បាន​បន្ថយ​បញ្ហា និង​ផ្ដល់​ភាពងាយស្រួល​សម្រាប់​ការដាំដុះ​ព្រៃឈើ​សហគមន៍ ដើម្បី​ជាការ​កែលម្អ និង​អភិរក្ស​គម្រប​ព្រៃឈើ ក៏ដូចជា​ដី​កសិកម្ម ពិសេស​ជីវភាព​របស់​សមាជិក​សហគមន៍​។​
 
​រដ្ឋមន្ត្រី​កសិកម្ម បាន​លើ​ឡើង​ពី​ការអនុវត្ត​គម្រោង​សម្រេច​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​ដែលមាន​ដូចជា​ការទាញយក​ទឹកធម្មជាតិ​ពី​ភ្នំ​ឱ​រ៉ា​ល់​មកប្រើប្រាស់​ក្នុង​សហគមន៍​, ការជីក​ស្រះ​ស្តុក​ទឹក​, ការការពារ និង​អភិរក្ស​ព្រៃឈើ​សហគមន៍​, ការគ្រប់គ្រង​ដី​ជម្រាល និង​ដី​កសិកម្ម​, កាយ​ព្រំដី​ព្រៃឈើ​សហគមន៍ និង​ដាំ​ឫស្សី និង បន្លែ​រួមផ្សំ ដែល​នាំ​ឲ្យ​ជីវភាព​ប្រជាជន​ក្នុង​សហគមន៍​បាន​ប្រសើរឡើង​។ 
 
​ក្រៅពីនោះ លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ទៅ​លោក មាស ពិសិដ្ឋ ជា​ម្ចាស់​គម្រោង និង​អង្គការ UNDP ឲ្យ​ជួយ​បណ្ដុះបណ្ដាល​បច្ចេកទេស​ក​សិ​កម្ម​ថ្មីៗ ដែល​ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ និង​បង្កើត​របរ​កសិកម្ម​បន្ថែម​ដូចជា​ការចិញ្ចឹម​មាន់ និង​ដាំ​ដំណាំ​ដោយ​ប្រើ​ទឹក​តិច​ជាដើម ដើម្បី​ប្រែក្លាយ​សហគមន៍​តំបន់ការពារធម្មជាតិ​រស្មី​សាមគ្គី​ឱ្យ​កាន់តែ​រីកចម្រើន​។​
 
​លោក មាស ពិសិដ្ឋ បាន​លើកឡើងថា គម្រោង​នេះ​មាន​គោលបំណង​ស្តារ កែលម្អ និង​ថែរក្សា​គម្រប​ព្រៃឈើ ធ្វើឱ្យ​មុខងារ​ទី​ជម្រាល​មាន​ស្ថិរភាព លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ និង​ផ្តល់​សេវាកម្ម​ប្រព័ន្ធ​បរិស្ថាន​ឱ្យមាន​និរន្តរភាព​។ ជាក់ស្តែង​ទុយោ​ទឹក​ប្រវែង ២៧០០០​ម៉ែត្រ ត្រូវបាន​ត​ចូលក្នុង​៣​ភូមិ ហើយ​ផ្តល់​លទ្ធភាព​ឱ្យ​ពលរដ្ឋ ចំនួន​២៤៣​គ្រួសារ​ប្រើប្រាស់​ទឹក និង​សម្រាប់ធ្វើ​កសិកម្ម​។ ស្រះ​ទឹកធំៗ​ចំនួន​៣ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​សហគមន៍ កសិករ ៣៤​គ្រួសារ​បាន​ដាំ​ឫស្សី​ផ្អែម ខ្ញី រំដេង និង​ស្លឹកគ្រៃ ស្វាយចន្ទី គ្រប់គ្រង​និង​ថែរក្សា​ព្រៃឈើ​សហគមន៍​បាន​ចំនួន​៤០៧៨​ហិកតា​៕
 
 

Tag:
 GEF
  UNDP
© រក្សាសិទ្ធិដោយ thmeythmey.com