ប្រព័ន្ធសរសៃប្រសាទ ដើរតួនាទីយ៉ាងចាំបាច់ក្នុងរាងកាយ ដោយវាទទួលខុសត្រូវសម្រាប់មុខងារផ្សេងៗគ្នានៃរាងកាយ ចាប់ពីការរំលាយអាហារ ដល់ប្រតិកម្មតបនឹងស្ថានភាពផ្សេងៗដែលអ្នកជួបប្រទះ។ ប្រព័ន្ធសរសៃប្រសាទ ក៏ទទួលខុសត្រូវចំពោះកម្រិតនៃភាពស្ត្រេស ដែលមានន័យថា ប្រសិនបើអ្នកថែរក្សាវាមិនបានត្រឹមត្រូវ ឬនៅពេលប្រព័ន្ធសរសៃប្រសាទ មានបញ្ហាវាអាចបង្កជំងឺផ្សេងៗ រួមទាំងជំងឺផ្លូវចិត្តផងដែរ។ ទោះជាយ៉ាងណា កុំបារម្ភពេក ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗរក្សាប្រព័ន្ធសរសៃប្រសាទ ៖
១. គ្រប់គ្រងជំងឹទឹកនោមផ្អែម
អ្នកជំងឺទឹកនោមផ្អែម ងាយនឹងជួបប្រទះបញ្ហាខូចសរសៃប្រសាទណាស់ ដោយសារកម្រិតនៃជាតិស្ករក្នុងឈាម កើនខ្ពស់។ បញ្ហាខូចសរសៃប្រសាទ ចំពោះអ្នកជំងឺទឹកនោមផ្អែម ច្រើនកើតឡើងត្រង់ប្រអប់ជើង ប៉ុន្តែវាក៏អាចបង្កផលប៉ះពាល់ដល់ជើង ដៃ និងប្រអប់ដៃផងដែរ។ ដើម្បីជាការប្រសើរ ចូរជួបយជាមួយគ្រូពេទ្យជំនាញ ឱ្យបានទៀងទាត់ និងអនុវត្តតាមការណែនាំ ឬវេជ្ជបញ្ជា។
២. ទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន B
វីតាមីន B គឺជាសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់រក្សាសុខភាពសរសៃប្រសាទ និងដើម្បីដំណើរការមុខងារបានយ៉ាងល្អ។ នេះហើយជាមូលហេតុ ដែលអ្នកគួររួមបញ្ចូលអាហារសម្បូរទៅដោយវីតាមីន B ក្នុងរបបអាហារប្រចាំថ្ងៃ។
៣. រក្សាទម្ងន់ត្រឹមត្រូវមួយ
ភាពធាត់ជ្រុល អាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភ លើសុខភាពរាងកាយទាំងមូល ក៏ដូចជាសរសៃប្រសាទ។ ដូច្នេះ ដើម្បីជាការប្រសើរចូររក្សាឱ្យបាននូវទម្ងន់ត្រឹមត្រូវមួយ តាមរយៈជម្រើសនៃរបបអាហារ និងការធ្វើលំហាត់ប្រាណ។
៤. ធ្វើលំហាត់ប្រាណជាប្រចាំ
ដើម្បីរក្សាបាននូវសុខភាពប្រព័ន្ធសរសៃប្រសាទល្អប្រសើរ ចូរព្យាយាមធ្វើលំហាត់ប្រាណទៀងទាត់ជាប្រចាំ។ នេះក៏ព្រោះតែ ការធ្វើលំហាត់ប្រាណ ជួយទប់ស្កាត់ភាពធាត់ជ្រុល និងបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។
៥. ចៀសវាងការជក់បារី និងទទួលទានគ្រឿងស្រវឹងច្រើនពេក
ជាតិពុលក្នុងបារី ដែលជ្រាបចូលក្នុងរាងកាយ អាចបង្កការបំផ្លាញសរសៃប្រសាទគួរឱ្យបារម្ភ។ អ្នកក៏គួរចៀសវាង ទទួលទានគ្រឿងស្រវឹងច្រើនពេកដែរ ក៏ព្រោះវាអាចជះផលប៉ះពាល់ដូចទៅនឹងបារី៕
ត្រួតពិនិត្យដោយ www.health.com.kh