COVID-19
អន្តរជាតិ
រុស្ស៊ី មាន​ករណី​ឆ្លង COVID-19 ច្រើនជាងគេ​នៅ​អឺរ៉ុប និង​ឈរ​នៅ​លំដាប់​ទី​២​លើ​ពិភពលោក​
18, May 2020 , 10:01 am        
រូបភាព
អ្នកកប់សព យកអ្នកស្លាប់ដោយសារ COVID-19 ទៅកប់។ រូបភាព៖ AFP
អ្នកកប់សព យកអ្នកស្លាប់ដោយសារ COVID-19 ទៅកប់។ រូបភាព៖ AFP
​គិត​មក​ត្រឹម​ថ្ងៃទី​១៧ ខែឧសភា រុស្ស៊ី បាន​ក្លាយជា​ប្រទេស​មាន​ករណី​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ច្រើនជាងគេ​បំផុត​នៅ​ទ្វីបអឺរ៉ុប និង​ឈរ​នៅ​លំដាប់​ទី​ពីរ​បន្ទាប់ពី​អាមេរិក​លើ​តារាង​ពិភពលោក​។ ទោះជា​យ៉ាងណា រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​មួយចំនួន​ដើម្បី​សម្រួល​សេដ្ឋកិច្ច​របស់ខ្លួន​។ 


​តាម​តួលេខ​របស់​វេ​ប​សាយ Worldometer រុស្ស៊ី​មាន​ករណី​ឆ្លង COVID-19 សរុប​ចំនួន ២៨១៧៥២​ករណី អ្នកស្លាប់​ចំនួន ២៦៣១​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៦៧៣៧៣​នាក់​។ អត្រា​អ្នក​ឆ្លង​ច្រើន​បែបនេះ បានធ្វើ​ឲ្យ​រុស្ស៊ី​ក្លាយជា​ប្រទេស​មាន​អ្នក​ឆ្លង COVID-19 សរុប​ច្រើនជាងគេ​អឺរ៉ុប និង​ឈរ​នៅ​លំដាប់​ទី​ពីរ បន្ទាប់ពី​អាមេរិក​ដែលមាន​ករណី​ឆ្លង ១៥២៧៦៦៤​ករណី​។ ការណ៍​នេះ បានធ្វើ​ឲ្យ​រុស្ស៊ី​ក្លាយជា​ទីតាំង​ផ្ទុះ COVID-19 ថ្មី ក្នុង​ទី្វ​ប​អឺរ៉ុប​។ 
 
​នាពេល​កន្លងមក លោក​អភិបាលក្រុង​មូ​ស្គូ Sergei Sobyanin ធ្លាប់​ទទួលស្គាល់ថា តួលេខ​អ្នក​ឆ្លង COVID-19 គឺមាន​អត្រា​ច្រើនជាង ៣​ដង​នៃ​តួលេខ ដែលមាន​ក្នុង​បញ្ជី​ផ្លូវការ​។ 
 
​បើទោះបី​ជាមាន​ករណី​ឆ្លង​ក្នុង​មួយថ្ងៃ​ជាច្រើន​ពាន់​នាក់ ឬ​ថ្ងៃ​ខ្លះ​មាន​ករណី​ឆ្លង​រហូតដល់​លើស ១​ម៉ឺន​ករណី​ក៏ដោយ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃទី​១១ ខែឧសភា បាន​លុបចោល​បទបញ្ជា​បិទ​ប្រទេស​ខ្លះ​ហើយ​បន្ទាប់ពី​បិទ​ប្រទេស​ទាំងស្រុង​រយៈពេល ៦​សប្តាហ៍​។ ប្រជាជន​មួយចំនួន ត្រូវបាន​គេ​បញ្ជូន​ត្រលប់​ទៅធ្វើ​ការ​វិញ​ហើយ ខណៈពេល​រដ្ឋាភិបាល​បាន​លើកទឹកចិត្ត កុំ​ឲ្យ​ប្រជាជន​គិត​រឿង​កូ​រ៉ូ​ណាវី​រុស​ច្រើនពេក​។ 
 
​ចំណែក​សកម្មភាព​សេដ្ឋកិច្ច​មួយចំនួន​នៅក្នុង​ទីក្រុង​មូ​ស្គូ នៅតែ​បន្ត​បិទ​ដដែល ដូចជា​កន្លែង​លក់​រថយន្ត ហាង​ដែល​មិន​លក់​ម្ហូបអាហារ និង​កន្លែង​កាត់សក់​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Time៕ 
 

Tag:
 ​រុស្ស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com