អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១៨ ខែឧសភានេះបានចាប់ផ្តើមសន្និបាតពីចម្ងាយលើកទី១ របស់ខ្លួន។ ការបើកសន្និបាតនេះធ្វើឡើងក្នុងបរិយាកាសនៃភាពតឹងតែងរវាងចិន និងអាមេរិកដែលអាចធ្វើឲ្យរាំងស្ទះដល់ WHO ក្នុងការចេញសកម្មភាពខ្លាំងក្លា និងចាំបាច់ដើម្បីដោះស្រាយជំងឺ COVID-19 ។ នេះយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។
សន្និបាតសុខភាពពិភពលោក ដែលជាទូទៅប្រារព្ធឡើងរយៈពេល៣សប្តាហ៍ បានកាត់បន្ថយមកត្រឹមតែ២ ថ្ងៃ គឺថ្ងៃទី១៨ និង ១៩ ខែឧសភា។ ការផ្តោតសំខាន់របស់សន្និបាតលើកនេះ ត្រូវបានគេរំពឹងថា គឺជំងឺ COVID-1 9តែមួយគត់។ ជំងឺ COVID-19 ដែលមកដល់ពេលនេះបានចម្លងមនុស្សជាង៤,៧លាននាក់ និងសម្លាប់មនុស្ស៣១ម៉ឺននាក់។
ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីសុខាភិបាល និងឥស្សរជនជាច្រើនរូបត្រូវបានគេរំពឹងថានឹងចូលរួមក្នុងសន្និបាតនៅរសៀល ថ្ងៃទី១៨ឧសភានេះ តាមរយៈប្រព័ន្ធអនឡាញ។ លោក Tedros Adhanom Ghebreyesus ប្រមុខ WHO និយាយកាលពីថ្ងៃទី១៦ ខែឧសភាថា ព្រឹត្តិការណ៍នេះ ជាសន្និបាតសុខភាពពិភពលោក ដែលសំខាន់បំផុត តាំងតែពីអង្គការបានបង្កើតឡើងនៅឆ្នាំ១៩៤៨»។
ប៉ុន្តែគេមើលឃើញថា ឱកាសក្នុងការបង្កើតកិច្ចព្រមព្រៀងណាមួយ ដើម្បីដោះស្រាយបញ្ហាសុខភាពសាកល រងការគំរាមកំហែង ដោយសារទំនាក់ទំនងដែលកាន់តែយ៉ាប់យ៉ឺនទៅរវាងចិន និងអាមេរិក។ ដោយកាលពីសប្តាហ៍មុន លោកប្រធានាធិបតី ដូណាល់ ត្រាំ គំរាមផ្តាច់ទំនាក់ទំនងជាមួយចិន និងចោទចិនជាបន្តបន្ទាប់ ទាក់ទងនឹងកំណើតវីរុសដែលចេញពីមន្ទីរពិសោធន៍។ មិនតែប៉ុណ្ណោះ អាមេរិក បានផ្តាច់វិភាគទានទៅ WHO ផងដែរ។
ទោះជាយ៉ាងណាក្តី ប្រទេសជាច្រើនសង្ឃឹមថា គេអាចអនុម័តសេចក្តីសម្រេចចិត្ត ដោយកុងសង់ស៊ុស ក្នុងការឆ្លើយតបទៅនឹងជំងឺឆ្លង។ សេចក្តីព្រាងការសម្រេចចិត្តដែលស្នើដោយសហភាពអឺរ៉ុប បានអំពាវនាវឲ្យមានការវាយតម្លៃជាអន្តរជាតិ ក្នុងការឆ្លើយតបនឹងជំងឺ COVID-19 ដោយមិនលម្អៀង ឯករាជ្យ និងគ្រប់ជ្រុងជ្រោយ។ សេចក្តីសម្រេចចិត្តព្រាងនេះ ក៏បានអំពាវនាវ ឲ្យមានការទទួលបានឧបករណ៍តេស្ត វេជ្ជសាស្ត្រ ថ្នាំព្យាបាល និងវ៉ាក់សាំង នាពេលអនាគតដោយសមភាពផងដែរ។
ជាមួយគ្នានេះ សេចក្តីព្រាងការសម្រេចក៏លើកផងដែរឲ្យ WHO ធ្វើការជិតស្និទ្ធជាមួយភ្នាក់ងារអន្តរជាតិ និងប្រទេសដទៃ ក្នុងការកំណត់សត្វដែលជាប្រភពវីរុស និងការឆ្លងទៅកាន់មនុស្ស។ លើសពីនោះ កិច្ចប្រជុំសន្និបាតនេះ ក៏លើកឡើងពីបញ្ហាចម្រូងចម្រាសដូចជា កំណែទម្រង់ WHO បន្ទាប់ពីបង្ហាញឃើញថា អង្គការនេះ មិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបង្ការវិបត្តិធ្ងន់ធ្ងរ ដូចជា COVID-19 ។
បញ្ហាតៃវ៉ាន់ ក៏ទំនងជាប្រធានបទក្ដៅមួយដែរ។ អាមេរិក និងប្រទេសមួយចំនួន ទាមទារឲ្យ WHO អនុញ្ញាតឲ្យតៃវ៉ាន់ ចូលរួមក្នុងសន្និបាតនេះ ក្នុងឋានៈជាអ្នកសង្កេតការណ៍ និងបញ្ឈប់ការមិនឲ្យតៃវ៉ាន់ចូលរួម។ ចិនជំទាស់វត្តមានតៃវ៉ាន់ ក្រោមហេតុផលថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន។ ឯ WHO ទទូចថា ការធ្វើបែបនេះ ទាមទារឲ្យមានសេចក្តីសម្រេចចិត្តមួយទៀត ព្រោះតាំងពីឆ្នាំ១៩៧២ ប៉េកាំង ជាអ្នកតំណាងស្របច្បាប់តែមួយគត់របស់ចិន។
យ៉ាងណាមិញ អង្គការសុខភាពមួយនេះ ក៏បើកផ្លូវអញ្ជើញតែវ៉ាន់ឲ្យចូលរួម បើសិនជាចិនយល់ព្រម។ តៃវ៉ាន់ធ្លាប់ត្រូវបានអញ្ជើញឲ្យចូលរួមសន្និបាតជាច្រើនឆ្នាំ ប៉ុន្តែត្រូវបានបញ្ឈប់ក្នុងឆ្នាំ២០១៦ បន្ទាប់ពីលោកស្រី Tsai Ing-wen ក្លាយជាប្រធានាធិបតីតៃវ៉ាន់ និងបដិសេធមិនទទួលស្គាល់ថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន។ មកទល់ពេលនេះ មានប្រទេសជាង១៥ ហើយបានសសេរសំបុត្រទៅលោក Tedros ឲ្យលើកការចូលរួមរបស់តៃវ៉ាន់ក្នុងរបៀបវារៈ៕