COVID-19
អន្តរជាតិ
ឥណ្ឌា ពន្យារពេល​បិទ​ប្រទេស​រយៈ​ដល់​ដំណាច់​ខែឧសភា​
18, May 2020 , 9:59 pm        
រូបភាព
ពលរដ្ឋឥណ្ឌា និងគ្រួសារ អង្គុយរង់ចាំមធ្យោបាយដឹងជញ្ជនទៅកាន់ស្ថានីយរថភ្លើង។ រូបភាព៖ Reuters
ពលរដ្ឋឥណ្ឌា និងគ្រួសារ អង្គុយរង់ចាំមធ្យោបាយដឹងជញ្ជនទៅកាន់ស្ថានីយរថភ្លើង។ រូបភាព៖ Reuters
ឥណ្ឌា នា​ថ្ងៃទី​១៧ ខែឧសភា បានសម្រេច​ពន្យារពេល​បិទ​ប្រទេស​រហូតដល់​ដំណាច់​ខែឧសភា ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19) ខណៈពេល​តួលេខ​អ្នក​ឆ្លង​សរុប​កើន​ដល់​ជាង ៩​ម៉ឺន​ករណី​។ យ៉ាងណាក៏ដោយ ឥណ្ឌា​ក៏បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត នៅក្នុង​តំបន់​មួយចំនួន​ផងដែរ​។


​ឥណ្ឌា បាន​បិទ​ប្រទេស​តាំងពី​ថ្ងៃទី​២៥ ខែមីនា​មក​ម្លេះ ដោយសារ​បារម្ភ​ពី​ការ​រាតត្បាត​នៃ​កូ​រ៉ូ​ណា​វីរុស​នៅក្នុង​ប្រទេស​។ បទបញ្ជា​នេះ ត្រូវបាន​ឥណ្ឌា​ពន្យារពេល​ជាច្រើនលើក​។ បទបញ្ជា​ចុងក្រោយ បាន​អស់​សុពលភាព​នា​ថ្ងៃទី​១៧ ខែឧសភា​។ ដោយ​មើលឃើញថា ករណី​ឆ្លង​នៅតែ​បន្ត​កើនឡើង ឥណ្ឌា​បានសម្រេច​បន្ថែម​រយៈពេល​បិទ​ប្រទេស​ជាថ្មី រហូតដល់​ដំណាច់​ខែឧសភា​ខាងមុខ​។ 
 
​បើទោះបីជា​បន្ត​បិទ​ប្រទេស​មែន រដ្ឋាភិបាល​ក្រុង​ញូវដែលី បាន​បន្ធូរបន្ថយ​វិធាន​មួយចំនួន​សម្រាប់​តំបន់ ដែលមាន​ករណី​ឆ្លង​តិច​។ បើតាម​បទបញ្ជា​ពន្យារពេល​បិទ​ប្រទេស​ថ្មី សកម្មភាព​ទាំងអស់ នឹងត្រូវ​អនុញ្ញាត​នៅក្រៅ​តំបន់​ទប់ស្កាត់ COVID-19 ឬ​ក្រៅ​តំបន់​មាន​អត្រា​ឆ្លង​COVID-19 ច្រើន ប៉ុន្តែ​ការជួបជុំ​មនុស្ស ក្នុង​ទ្រង់ទ្រាយ​ធំ នៅតែ​បន្ត​ហាមឃាត់​ដដែល​។ ការកំណត់​លើ​បង្កើត​តំបន់​ទប់ស្កាត់ COVID-19 គឺ​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់​អា​ជ្ញា​ធរ​តំបន់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​បទបញ្ជា​បិទ​ប្រទេស​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រជាជន ដែល​រកប្រាក់​ចំណូល​ក្នុង​មួយថ្ងៃៗ​។ បញ្ហា​នេះ បានធ្វើ​ឲ្យ​ប្រជាជន​ចំណាកស្រុក​មួយចំនួន សម្រុក​ទៅ​ស្រុកកំណើត​វិញ​។

ដោយសារតែ​បិទ​ប្រទេស មធ្យោបាយ​ដឹកជញ្ជូន ត្រូវបាន​គេ​រឹតត្បិត និង​មាន​តិច​។ ប្រជាជន​ខ្លះ បាន​ដើរ​ត្រលប់​ទៅ​ស្រុក​វិញ ខ្លះ​ឃាត់​រថយន្ត​ជិះ​តាមផ្លូវ និង​ខ្លះ​រង់ចាំ​រថភ្លើង​។ 
 
​បន្ថែម​ពីលើ​ពី​នោះ ប្រជាជន​ចំណាកស្រុក​នៅក្នុង​តំបន់​មួយចំនួន បានធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​តំបន់ ដែល​បាន​លុបចោល​មធ្យោបាយ​ធ្វើដំណើរ​។ នៅក្នុង​ទីក្រុង Rajkot រដ្ឋ Gujarat ប្រជាជន​ចំណាកស្រុក​ឥណ្ឌា​ប្រមាណ ១៥០០​នាក់ បាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​តំបន់ ដែល​បាន​លុបចោល​សេវា​រថភ្លើង​ពិសេស​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​១៧ ខែឧសភា ឥណ្ឌា​មាន​ករណី COVID-19 សរុប​ចំនួន ៩៥៦៩៨​ករណី អ្នកស្លាប់​ចំនួន ៣០២៥​នាក់ និង​អ្នកជា​សះស្បើយ​ចំនួន ៣៦៧៩៥​នាក់​៕ 

Tag:
 ឥណ្ឌា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com