Drive-in Movie Theater ជាប្រពណីមើលកុនពីរថយន្តរបស់ពលរដ្ឋអាមេរិក តាំងពីអំឡុងឆ្នាំ១៩៥០ មក។ ដើម្បីកាត់បន្ថយភាពតប់ប្រមល់របស់ពលរដ្ឋដែលខកខានចេញក្រៅ និងលំហែអារម្មណ៍នាវិបត្តិ COVID-19 អាជីវកម្មនេះ បានរស់ឡើងវិញនៅបណ្តារដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក រួមទាំងប្រទេសមួយចំនួន។
«យើងចង់ធ្វើឲ្យប្រពៃណីបែបនេះរស់ឡើងវិញ។ យើងពិតជារីករាយខ្លាំងណាស់ចំពោះការគាំទ្ររបស់ពលរដ្ឋនៅសហគមន៍»។ នេះជាការលើកឡើងរបស់លោក Mike និងអ្នកស្រី Lisa Chenette ដែលផ្តួចផ្តើមអាជីវកម្ម Jericho Drive-In នៅញូវយ៉ក។
យោងតាមការផ្សាយរបស់ Spectrum News ក្រុងញូវយ៉ក ដែលរងគ្រោះខ្លាំងដោយ COVID-19 បានបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន ហេតុដូច្នេះហើយបានជាក្រុមគ្រួសាររបស់លោក Mike បើកដំណើរការចាក់បញ្ចាំងភាពយន្តនៅកន្លែងចតរថយន្ត ដោយអនុញ្ញាតឲ្យអ្នកទស្សនាភាពយន្តពីក្នុងរថយន្តរបស់ខ្លួន។
«យើងបានបង្កើតការកក់សំបុត្រតាមអនឡាញ ហើយរាល់ការទិញអាហារសំរន់ ភេសជ្ជៈ ឬការ៉េម ជាដើម សុទ្ធតែមិនចាំបាច់ទូទាត់ដោយក្រដាសប្រាក់ផ្ទាល់នោះឡើយ»។ នេះជាការបញ្ជាក់របស់លោកស្រី Lisa ដោយអះអាងថា អតិថិជន ត្រូវបានតម្រូវឲ្យរក្សាគម្លាតសុវត្ថិភាពផងដែរ ប៉ុន្តែមិនចាំបាច់ពាក់ម៉ាស់នោះឡើយ ខណៈអង្គុយក្នុងរថយន្តផ្ទាល់ខ្លួន។
តម្រូវការចាំបាច់របស់អតិថិជនរបស់ Jericho Drive-In នោះគឺការគោរពតាមគោលការណ៍សុខាភិបាលលើការទប់ស្កាត់ COVID-19 (COVID-19 Rules) ហើយពួកគេត្រូវបង់ប្រាក់តាម MasterCard, Visa, Discover ឬ American Express។
មិនមែនតែញូវយ៉កនោះឡើយ បណ្តារដ្ឋផ្សេងទៀត ក៏បានដំណើរការអាជីវកម្ម Drive-in Movie Theatre ផងដែរតាមរយៈការប្រើប្រាស់ទីតាំងចំណតរថយន្តធំៗ រួមទាំងបរិវេណកីឡដ្ឋាន ដើម្បីរួមចំណែកកាត់បន្ថយអារម្មណ៍តប់ប្រមល់ដោយសារ COVID-19។
នៅ Enzian Theater ដែលស្ថិតនៅ Maitland សំបុត្រភាពយន្តរឿង The Princess Bride បានលក់ដាច់អស់ត្រឹមតែរយៈពេល៣០នាទីប៉ុណ្ណោះ។ ម្ចាស់អាជីវកម្មភាគច្រើនចង់ប្រើប្រាស់ឱកាសនេះ ដើម្បីរំលឹកក្មេងៗឲ្យពីប្រពៃណីរបស់ចាស់ជំនាន់មុន។ យុវជនភាគច្រើនសុទ្ធតែបានអះអាងថា ពួកគេមិនអារម្មណ៍ប្លែក និងរីករាយចំពោះបទពិសោធន៍មើលកុនពីក្នុងរថយន្តលើកដំបូង។
ក្រៅពីសហរដ្ឋអាមេរិក ប្រទេសផ្សេងទៀតក៏បានបើកដំណើរការទស្សនីយភាព Drive-In Cinema ផងដែរ ក្នុងនោះមានដូចជា កាណាដា បារាំង អ៊ីរ៉ង់ លីទុយអានី អាល្លឺម៉ង់ ក្រិក អេមីរ៉ាតអារ៉ាប់រួម ឥណ្ឌូណេស៊ី ជាដើម៕