COVID-19
អន្តរជាតិ
COVID-19​កំពុង​អូស​សេដ្ឋកិច្ច​ថៃ​ធ្លាក់ចូល​វិបត្តិ​ដែល​អាក្រក់​ជាង​វិបត្តិ​ឆ្នាំ​១៩៩៨
18, May 2020 , 4:59 pm        
រូបភាព
ដោយ:
 ​សេដ្ឋកិច្ច​ថៃ​នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០២០ បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​បំផុត​ក្នុងពេល​៨​ឆ្នាំ​ចុងក្រោយ ខណៈ​ជំងឺ​រាតត្បាត​សកល COVID-19 ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ក្នុងស្រុក​។ តួលេខ​នេះ រុញច្រាន​ឲ្យ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​២​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ធ្លាក់ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​លឿន​ជាង​ការរំពឹងទុក​។

 
​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សង្គម​និង​សេដ្ឋកិច្ច​ថៃ (NESDC) ដែលជា​ទីភ្នាក់ងារ​រៀបចំ​ផែនការ​រដ្ឋ បានបញ្ជាក់​នៅ​ថ្ងៃទី​១៨ ខែឧសភា​ថា ផលិតផល​ក្នុងស្រុក​សរុប (GDP) សម្រាប់​ត្រីមាស​ទី​១​ដើមឆ្នាំ​២០២០​នេះ បាន​ដាំ​ក្បាល​ចុះ ១,៨ ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​។ នេះ​គឺជា​ធ្លាក់ចុះ​លើកដំបូង ចាប់តាំងពី​ដើមឆ្នាំ​២០១៤​មក ពោលគឺ​នៅពេល​ប្រទេស​ថៃ​បាន​ជួបប្រទះ​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ​។ 
 
​ទន្ទឹមនេះ ទីភ្នាក់ងារ​រៀបចំ​ផែនការ​រដ្ឋ​ថៃ​ដដែល​នេះ បាន​ទម្លាក់​ការ​ព្យាករ GDP សម្រាប់​ឆ្នាំ​២០២០ ពី​កំណើន​ចន្លោះ​ពី​១,៥​ភាគរយ​ទៅ​២,៥​ភាគរយ ដែល​បាន​ព្យាករ​កាលពី​ខែកុម្ភៈ ទៅកាន់​កំណើនសេដ្ឋកិច្ច​ពី​៥-៦​ភាគរយ​ក្រោម​សូន្យ (-៥% ទៅ -៦%)​។ ហើយ​នេះ​នឹង​ក្លាយជា​ដាំ​ក្បាល​ចុះ​ផ្នែក​សេដ្ឋកិច្ច​អាក្រក់​បំផុត​ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក ពោលគឺ​នៅពេល​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​បំផ្លាញ​សេដ្ឋកិច្ច​ថៃ​។ កាលនោះ ថៃ​មាន​កំណើនសេដ្ឋកិច្ច​២​ភាគរយ​ក្រោម​សូន្យ (-២%)​។ 
 
«​ផលប៉ះពាល់​នៃ​ការរីក​រាលដាល COVID-19 ក្នុង​ត្រីមាស​ទី​២ នឹងមាន​ទំហំ​ធំ​ជាង​ក្នុង​ត្រីមាស​ទី​១​ទៅទៀត​»​។ សេដ្ឋវិទូ​ថៃ​នៃ​ធនាគារ​ក្រុង​ថៃ (Krung Thai Bank) លោក Phacharaphot Nugtramas ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បែបនេះ ហើយ​លោក​ក៏​ព្យាករ​ថា សេដ្ឋកិច្ច​ថៃ​នឹង​ធ្លាក់ចុះ​រហូតដល់​៨,៨​ភាគរយ​សម្រាប់​ឆ្នាំ​២០២០​នេះ​។ លោក​បន្តទៀតថា ផលប៉ះពាល់​បង្កឡើង​ដោយ​បទបញ្ជា​បិទ​ប្រទេស ខណៈ​មានការ​ផ្ដើម​បន្ធូរបន្ថយ​ផ្នែក​ខ្លះ នឹង​បន្ត​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការចំណាយ​របស់​ពលរ​ដ្ឋ​ថៃ និង​ការវិនិយោគ​ឯកជន​ស​ម្រា​ប់​ឆ្នាំនេះ​ទាំងមូល​តែម្ដង​។ 
 
​ប្រាប់​សន្និសីទ​ព័ត៌មាន នៅ​ថ្ងៃទី​១៨ ខែឧសភា លោក Thosaporn Sirisumphand ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សង្គម​និង​សេដ្ឋកិច្ចជាតិ​ថៃ (NESDC) អះអាង​ដូចគ្នា​ថា សេដ្ឋកិច្ច​ថៃ នឹងរង​គ្រោះ​ខ្លាំង​បំផុត​ក្នុង​ត្រីមាស​ទី​២ ដោយសារ​ការបិទ​ប្រទេស​។ លោក បន្ដទៀតថា សុខភាព​សេដ្ឋកិច្ច​អាច​ធូរស្បើយ​ឡើយ ប្រសិនបើ​ភ្ញៀវទេសចរ​បរទេស ត្រូវ​អនុញ្ញាត​ឲ្យ​វិល​ត្រលប់មក​ដើរ​កម្សាន្ត​ប្រទេស​ថៃ​វិញ នា ត្រីមាស ទី​៤ ឬ​ទី​៤ ខាងមុខ​។ 
 
​ជា​រឿង​គួរ​ឲ្យ​កត់សម្គាល់ ថៃ នៅ​ថ្ងៃទី​១៧ ខែឧសភា បាន​បើកទ្វារ​ហាង​ទំនើប​និង​ហាង​លក់ទំនិញ​ជា​លើកដំបូង ចាប់តាំងពី​ខែមីនា​មក​។ ការសម្រេច​បើក​ដំណើរ​បែបនេះ ស្ថិតក្នុង​ដំណាក់កាល​ទី​២​នៃ​ការបន្ធូរបន្ថយ​ចំណាត់​ការបិទ​ប្រទេស ដើម្បី​ផ្ដល់​ដង្ហើម​ដល់​សេដ្ឋកិច្ច ខណៈ​ករណី​ឆ្លង COVID-19 ថ្មី​បន្ត​ថមថយ​។ យ៉ាងណាមិញ រដ្ឋាភិបាល​ថៃ បន្ត​ពន្យារ​លើ​ការធ្វើ​ចរាចរណ៍​ផ្លូវអាកាស​សម្រាប់​អ្នកដំណើរ រហូតដល់​ថ្ងៃ​ចុងខែ​មិថុនា​ដើម្បី​ទប់ស្កាត់​ការ​រាលដាល COVID-19 ដែល​ឆ្លង​មនុស្ស​ទូទាំង​សកល​លោ​ល​ជាង​៤​លាន​នាក់ និង​ឆ្លង​មនុស្ស​ក្នុងប្រទេស​ថៃ​ជាង​៣​ពាន់​នាក់​។ 
 
​ម្យ៉ាងវិញទៀត ទីភ្នាក់ងារ​រៀបចំ​ផែនការ​រដ្ឋ​ថៃ​នេះ ក៏បាន​កាត់បន្ថយ​ការ​ព្យាករ​លើ​ការនាំចេញ​និង​ចំនួន​អ្នកទេសចរ​សម្រាប់​ឆ្នាំនេះ​ផងដែរ ដែលជា​ស្នូល​ដ៏​សំខាន់​នៃ​កំណើនសេដ្ឋកិច្ច​ថៃ​។ ឥឡូវនេះ ទីភ្នាក់ងារ​នេះ បាន​រំពឹងថា ការនាំចេញ​នឹង​ធ្លាក់ចុះ ៨​ភាគរយ ហើយ​ចំនួន​ភ្ញៀវទេសចរ​បរទេស​មក​កាន់​ទឹកដី​ថៃ រំពឹង​ធ្លាក់ចុះ​ពី​៣៧​លាន​នាក់មក​ត្រឹម ១២,៧​លាន​នាក់​។ តួលេខ​ព្យាករណ៍​ថ្មី​នេះ​គឺ​ធ្លាក់ចុះ​ជ​៣​ដង បើ​ធៀប​នឹង​ឆ្នាំមុន ដែលមាន ៣៩,៨​លាន​នាក់​។ 
 
​ទោះជា​បែបនេះ លោក Thosaporn ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សង្គម​និង​សេដ្ឋកិច្ចជាតិ​ថៃ (NESDC) សង្កត់ធ្ងន់ថា កម្ចី​ទំហំ​ទឹកប្រាក់​១​ទ្រី​លាន​បាត (៣១,២២​ពាន់​លាន​ដុល្លារ​) របស់​រដ្ឋាភិបាល​ថៃ នឹង​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​បង្កឡើង​ដោយ COVID-19 លើ​សេដ្ឋកិច្ច​ថៃ​។ ត្រង់នេះ សេដ្ឋវិទូ​ថៃ​ភាគច្រើន រំពឹងថា ធនាគារកណ្ដាល​ថៃ នឹង​កាត់​អត្រា​ការប្រាក់​គោល​ច្រើនជាង​អត្រា​ការប្រាក់​ទាប​បំផុត ០,៧៥​ភាគរយ ក្នុង​សប្ដាហ៍​៕ 
 
 

Tag:
 ថៃ​
  សេដ្ឋកិច្ច​
  COVID-19
  GDP
© រក្សាសិទ្ធិដោយ thmeythmey.com