សេដ្ឋកិច្ចថៃនៅត្រីមាសទី១ឆ្នាំ២០២០ បានដាំក្បាលចុះខ្លាំងបំផុតក្នុងពេល៨ឆ្នាំចុងក្រោយ ខណៈជំងឺរាតត្បាតសកល COVID-19 ប៉ះពាល់ធ្ងន់ធ្ងរលើវិស័យទេសចរណ៍ និងពាណិជ្ជកម្មក្នុងស្រុក។ តួលេខនេះ រុញច្រានឲ្យប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២ក្នុងតំបន់អាស៊ីអាគ្នេយ៍ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចលឿនជាងការរំពឹងទុក។
ក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចថៃ (NESDC) ដែលជាទីភ្នាក់ងាររៀបចំផែនការរដ្ឋ បានបញ្ជាក់នៅថ្ងៃទី១៨ ខែឧសភាថា ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ត្រីមាសទី១ដើមឆ្នាំ២០២០នេះ បានដាំក្បាលចុះ ១,៨ ភាគរយ បើធៀបនឹងឆ្នាំមុន។ នេះគឺជាធ្លាក់ចុះលើកដំបូង ចាប់តាំងពីដើមឆ្នាំ២០១៤មក ពោលគឺនៅពេលប្រទេសថៃបានជួបប្រទះគ្រោះទឹកជំនន់ធ្ងន់ធ្ងរ។
ទន្ទឹមនេះ ទីភ្នាក់ងាររៀបចំផែនការរដ្ឋថៃដដែលនេះ បានទម្លាក់ការព្យាករ GDP សម្រាប់ឆ្នាំ២០២០ ពីកំណើនចន្លោះពី១,៥ភាគរយទៅ២,៥ភាគរយ ដែលបានព្យាករកាលពីខែកុម្ភៈ ទៅកាន់កំណើនសេដ្ឋកិច្ចពី៥-៦ភាគរយក្រោមសូន្យ (-៥% ទៅ -៦%)។ ហើយនេះនឹងក្លាយជាដាំក្បាលចុះផ្នែកសេដ្ឋកិច្ចអាក្រក់បំផុតចាប់តាំងពីឆ្នាំ១៩៩៨មក ពោលគឺនៅពេលវិបត្តិហិរញ្ញវត្ថុអាស៊ីបំផ្លាញសេដ្ឋកិច្ចថៃ។ កាលនោះ ថៃមានកំណើនសេដ្ឋកិច្ច២ភាគរយក្រោមសូន្យ (-២%)។
«ផលប៉ះពាល់នៃការរីករាលដាល COVID-19 ក្នុងត្រីមាសទី២ នឹងមានទំហំធំជាងក្នុងត្រីមាសទី១ទៅទៀត»។ សេដ្ឋវិទូថៃនៃធនាគារក្រុងថៃ (Krung Thai Bank) លោក Phacharaphot Nugtramas ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ ហើយលោកក៏ព្យាករថា សេដ្ឋកិច្ចថៃនឹងធ្លាក់ចុះរហូតដល់៨,៨ភាគរយសម្រាប់ឆ្នាំ២០២០នេះ។ លោកបន្តទៀតថា ផលប៉ះពាល់បង្កឡើងដោយបទបញ្ជាបិទប្រទេស ខណៈមានការផ្ដើមបន្ធូរបន្ថយផ្នែកខ្លះ នឹងបន្តជះឥទ្ធិពលអវិជ្ជមានដល់ការចំណាយរបស់ពលរដ្ឋថៃ និងការវិនិយោគឯកជនសម្រាប់ឆ្នាំនេះទាំងមូលតែម្ដង។
ប្រាប់សន្និសីទព័ត៌មាន នៅថ្ងៃទី១៨ ខែឧសភា លោក Thosaporn Sirisumphand ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិថៃ (NESDC) អះអាងដូចគ្នាថា សេដ្ឋកិច្ចថៃ នឹងរងគ្រោះខ្លាំងបំផុតក្នុងត្រីមាសទី២ ដោយសារការបិទប្រទេស។ លោក បន្ដទៀតថា សុខភាពសេដ្ឋកិច្ចអាចធូរស្បើយឡើយ ប្រសិនបើភ្ញៀវទេសចរបរទេស ត្រូវអនុញ្ញាតឲ្យវិលត្រលប់មកដើរកម្សាន្តប្រទេសថៃវិញ នា ត្រីមាស ទី៤ ឬទី៤ ខាងមុខ។
ជារឿងគួរឲ្យកត់សម្គាល់ ថៃ នៅថ្ងៃទី១៧ ខែឧសភា បានបើកទ្វារហាងទំនើបនិងហាងលក់ទំនិញជាលើកដំបូង ចាប់តាំងពីខែមីនាមក។ ការសម្រេចបើកដំណើរបែបនេះ ស្ថិតក្នុងដំណាក់កាលទី២នៃការបន្ធូរបន្ថយចំណាត់ការបិទប្រទេស ដើម្បីផ្ដល់ដង្ហើមដល់សេដ្ឋកិច្ច ខណៈករណីឆ្លង COVID-19 ថ្មីបន្តថមថយ។ យ៉ាងណាមិញ រដ្ឋាភិបាលថៃ បន្តពន្យារលើការធ្វើចរាចរណ៍ផ្លូវអាកាសសម្រាប់អ្នកដំណើរ រហូតដល់ថ្ងៃចុងខែមិថុនាដើម្បីទប់ស្កាត់ការរាលដាល COVID-19 ដែលឆ្លងមនុស្សទូទាំងសកលលោលជាង៤លាននាក់ និងឆ្លងមនុស្សក្នុងប្រទេសថៃជាង៣ពាន់នាក់។
ម្យ៉ាងវិញទៀត ទីភ្នាក់ងាររៀបចំផែនការរដ្ឋថៃនេះ ក៏បានកាត់បន្ថយការព្យាករលើការនាំចេញនិងចំនួនអ្នកទេសចរសម្រាប់ឆ្នាំនេះផងដែរ ដែលជាស្នូលដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចថៃ។ ឥឡូវនេះ ទីភ្នាក់ងារនេះ បានរំពឹងថា ការនាំចេញនឹងធ្លាក់ចុះ ៨ភាគរយ ហើយចំនួនភ្ញៀវទេសចរបរទេសមកកាន់ទឹកដីថៃ រំពឹងធ្លាក់ចុះពី៣៧លាននាក់មកត្រឹម ១២,៧លាននាក់។ តួលេខព្យាករណ៍ថ្មីនេះគឺធ្លាក់ចុះជ៣ដង បើធៀបនឹងឆ្នាំមុន ដែលមាន ៣៩,៨លាននាក់។
ទោះជាបែបនេះ លោក Thosaporn ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិថៃ (NESDC) សង្កត់ធ្ងន់ថា កម្ចីទំហំទឹកប្រាក់១ទ្រីលានបាត (៣១,២២ពាន់លានដុល្លារ) របស់រដ្ឋាភិបាលថៃ នឹងជួយកាត់បន្ថយផលប៉ះពាល់បង្កឡើងដោយ COVID-19 លើសេដ្ឋកិច្ចថៃ។ ត្រង់នេះ សេដ្ឋវិទូថៃភាគច្រើន រំពឹងថា ធនាគារកណ្ដាលថៃ នឹងកាត់អត្រាការប្រាក់គោលច្រើនជាងអត្រាការប្រាក់ទាបបំផុត ០,៧៥ភាគរយ ក្នុងសប្ដាហ៍៕