បទយកការណ៍ / បទសម្ភាសន៍
លោក ប៉ិច បូឡែន ថារដ្ឋគួរមានកញ្ចប់ថវិកា ដើម្បីជួយស្រោចស្រង់សាលាឯកជន
× ភ្នំពេញ៖ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឲ្យសិស្សចូលវិស្សមកាលតូចមុនកាលកំណត់កាលពីខែមីនា និងបន្តបិទសាលារៀនទាំងរដ្ឋ និងឯកជនរហូតមកដល់បច្ចុប្បន្ននេះ បានធ្វើសាលារៀនឯកជន កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ជាពិសេស ការបាត់បង់ចំណូលជាងពាក់កណ្តាល ដែលជំរុញឲ្យមានការព្យួរការងារគ្រូបង្រៀន ឬកាត់បន្ថយប្រាក់ខែបុគ្គលិកនិងគ្រូបង្រៀន និងបញ្ហាជាច្រើនទៀត។ បើគ្មានអន្តរាគមន៍ពីរដ្ឋាភិបាលទេ សាលារៀនឯកជន អាចនឹងក្ស័យធនជាមិនខាន។
ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសរវាង លោក រ៉ឹម ភារី អ្នកយកព័ត៌មាននៃ សារព័ត៌មានថ្មីៗ ជាមួយលោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Westline Education Group. ដូចតទៅ៖
មានមុខរបរ និងអាជីវកម្មជាច្រើន ដែលបានរងផលប៉ះពាល់ដោយសារវីរុសកូរ៉ូណា ឬជំងឺកូវីដ១៩។ ក្នុងនោះដែរ សាលារៀនឯកជននៅកម្ពុជា ក៏បាននឹងកំពុងប្រឈមបញ្ហាដូចគ្នាដែរ រួមមាន៖ ការបាត់បង់ចំណូលជាងពាក់កណ្តាល ឧបសគ្គក្នុងការបង្រៀនពីចម្ងាយ (បង្រៀនតាមអនឡាញ)។ លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានអះអាងថា សាលារៀនឯកជន កំពុងមានស្ថានភាពមិនប្រាកដប្រជា ព្រោះតែបាត់បង់ចំណូលជាងពាក់កណ្តាល ដែលធ្វើឲ្យសាលាមានបន្ទុកធ្ងន់ៗចំនួន៣សំខាន់ ដូចជា ប្រាក់ខែគ្រូបង្រៀន បង់ថ្លៃឈ្នួលអគារ និងបង់ធនាគារ។
លោកអះអាងយ៉ាងដូច្នេះថា៖ «ក្នុងស្ថាប័នរដ្ឋ ប្រហែលជាអត់អីប៉ុន្មានទេ នៅតែបង្រៀនបានច្រើនបានតិច គឺតាមហ្នឹង។ ហើយឯកជន ជាលក្ខណៈបច្ចេកទេសក៏យើងនៅតែ Support បានដែរនូវការរៀនពីចម្ងាយតាមការណែនាំរបស់ក្រសួង ប៉ុន្តែរឿងសេដ្ឋកិច្ច ជាបញ្ហាក្នុងសាលាភាគច្រើនដែលជាសហព័ន្ធរបស់ខ្ញុំ។ បើក្នុងករណីដែលសេដ្ឋកិច្ចនៅតែបិទអ៊ីចឹង អត់មានចំណូល ឬមានចំណូលតិចបែបហ្នឹង សាលាចាប់ផ្តើមឲ្យសញ្ញាមកហើយ គឺបិទបណ្តើរៗនៅក្នុងអំឡុងមួយខែ ឬពីរខែខាងមុខ។ នេះខ្ញុំនិយាយតែសាលានៅក្នុងសហព័ន្ធរបស់ខ្ញុំ»។
លោកបន្ថែមថា៖ «នេះជាបញ្ហាដែលយើងបារម្ភ យើងអាចធ្វើបានបច្ចេកវិទ្យា យើងអាចជួយគ្នាទៅវិញទៅមកបាន ប៉ុន្តែសំខាន់លំហូរចំណូលសាច់ប្រាក់ អត់មាន ឬមានតិច វាពិបាក។ អ៊ីចឹង យើងអាចឈានទៅកាត់ជាភាគរយប្រាក់ខែបុគ្គលិក ឬយើងសុំផ្អាកការងារបណ្តោះអាសន្នហើយ។ បើក្នុងករណីទៅមុខនៅតែលំបាកទៀត យើងបន្ថយបុគ្គលិក បន្ថយគ្រូបង្រៀន វាប៉ះពាល់ដល់ការសិក្សាពីចម្ងាយ ព្រោះតែយើងមានចំណូលតិច។ អ៊ីចឹង មួយតង់ទៀត យើងអាចបិទសាលាតែម្តង»។
បើតាមលោក ប៉ិច បូឡែន បច្ចុប្បន្ន សិស្សសាលាឯកជនដែលស្ថិតក្នុងសហព័ន្ធរបស់លោក ទទួលបានការអប់រំពីចម្ងាយប្រហែល៥០ទៅ៦០ភាគរយ ហើយក្រៅពីនេះ ពួកគេមិនទទួលបានការអប់រំពីចម្ងាយនោះទេ ពោលគឺ អាណាព្យាបាលសិស្សបានផ្អាកទាំងស្រុង ជាពិសេស សិស្សដែលមានអាយុ៨ឆ្នាំចុះក្រោម ដោយសារ ពួកគាត់ពិបាកប្រើបច្ចេកវិទ្យា ដែលជានិន្នាការថ្មីពេកសម្រាប់បរិបទកូវីដនេះ ឬពួកគាត់រវល់ទៅលើការប្រឹងប្រែងប្រកបមុខរបររបស់គាត់ផងដែរ។
លោកបន្តថា៖ «បញ្ហារឿងសេដ្ឋកិច្ច គឺជារឿងមួយដ៏លំបាក ដោយសារតែចំណូលពីការរៀនអនឡាញនេះ វាតិចតួចមែនទែនជាធម្យមបានប្រហែល៣០ភាគរយអីទេ បើស្ទង់តាមសាលាភាគច្រើន។ តែមានសាលាខ្លះ ដាច់ចំណូលតែម្តង ឬបាន១០ ឬ២០ភាគរយ ជាធម្យមបាន៣០ភាគរយនៃចំណូលដែលបានប្រមូល។ ចំណូលនេះ ទប់មិនរួច ជាមួយបៀវត្ស៍បុគ្គលិក ជាមួយថ្លៃឈ្នួលផ្ទះ។ ដោយសារតែសិស្សភាគច្រើនបានសុំផ្អាក ទោះបីសាលាបានបញ្ចុះតម្លៃតាមសាលាខ្លះ២០,៣០,៤០ ឬ ៥០ភាគរយក៏ដោយ ដល់ពេលគាត់អត់មាន គាត់សុំផ្អាកតែម្តង។ ពេលខ្លះគាត់ខ្វះចំណូល ពេលខ្លះទៀត គាត់គិតថា មិនទាន់ចាំបាច់»។
ទន្ទឹមនឹងការបង្ហាញអំពីភាពប្រឈមរបស់សាលារៀនឯកជនដោយសារជំងឺកូវីដ១៩ ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជារូបនេះ ចង់មានការពិភាក្សាមួយជាមួយក្រសួងអប់រំ និងក្រសួងសុខាភិបាល អំពីលទ្ធភាពនៃការបើកសាលារៀនឡើងវិញ ដោយមានភ្ជាប់នូវស្តង់ដារសុវត្ថិភាព។ តែបើកករណីនេះ ទៅមិនរួចនោះទេ លោកស្នើសុំឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកញ្ចប់ថវិកាណាមួយ ដើម្បីជួយស្រោចស្រង់សាលារៀនឯកជនឲ្យអាចបន្តការអប់រំពីចម្ងាយបាន៕
Tag:
ប៉ិច បូឡែន
សាលាឯកជន
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com