ជាតិ
លោក កើត រិ​ទ្ធ​៖ មន្ត្រី​យុត្តិធម៌ កុំ​ធ្វើជា «​ត្រីងៀត​ឆ្លៀត​ពង​» នៅក្នុង​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​
18, May 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងយុត្តិធម៌ ប្រកាស​ដាក់ចេញ​«​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត​» ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​សេវា​យុត្តិធម៌ សម្រាប់​ប្រជាពលរដ្ឋ​។ ទន្ទឹមនឹង​ការដាក់ចេញ​យុទ្ធនាការ​នេះ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក៏​ស្នើ​មន្ត្រី​ខ្លួន​ទាំងអស់ កុំ​ធ្វើជា​«​ត្រីងៀត​ឆ្លៀត​ពង​» ដែល​ឆក់យក​ឱកាស​អនុវត្ត​វិធានការ​នេះ ទៅ​ប្រព្រឹត្តិ​អំពើ​ពុក​លួ​យ​។​

 
​ដើម្បី​ធានា​ដល់​ការដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ឱ្យមាន​ភាពម៉ឺងម៉ាត់ និង​ត្រឹមត្រូវ​នោះ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានដាក់​ចេញ​នូវ​អភិក្រម​ចំនួន​ពីរ សម្រាប់​ឱ្យ​មន្ត្រី​យុត្តិធម៌​អនុវត្ត​។ ត្រង់ចំណុច​នេះ​លោក​កើត រិ​ទ្ធ បាន​បញ្ជាក់ថា មន្ត្រី​ទាំងអស់ ត្រូវអនុវត្ត​ការងារ​ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ ជាពិសេស​ចំណាត់ការ​ដោះស្រាយ​សំណុំរឿង ស្របតាម​ច្បាប់ បទដ្ឋាន​គតិយុត្ត និង​នីតិវិធី​ជា​ធរមាន​។ 
 
​បន្ថែម​ពីនេះ លោក កើត រិ​ទ្ធ ក៏បាន​សង្កត់ធ្ងន់ថា មន្ត្រី​ត្រូវបំពេញ​ការងារ​លើ​មូលដ្ឋាន​នៃ​យុត្ត​ធម៌ សុចរិត​ភាព និង​ភាពត្រឹមត្រូវ ដោយ​មិនត្រូវ​ឱ្យមាន​ជាដាច់ខាត​នូវ​ស្ថានភាព​«​ត្រីងៀត​ឆ្លៀត​ពង​» នៅក្នុង​យុទ្ធនាការ​នេះឡើយ​។ «​ត្រីងៀត​ឆ្លៀត​ពង​»​នេះ គឺ​លោក កើត រិ​ទ្ធ ចង់​រំឭក​មន្ត្រី​យុត្តិធម៌​ទាំងអស់ មិនត្រូវ​ប្រព្រឹត្ត​អំពើពុករលួយ ដែល​ខុសពី​វិជ្ជាជីវៈ ក្រមសីលធម៌ និង​ប្រាសចាក​ពី​គុណ​តម្លៃ​យុត្តិធម៌​ឡើយ​។​
 
​ថ្លែង​ក្នុង​សន្និសីទកាសែត ស្តីពី​«​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត​»​នៅ​ព្រឹក​ថ្ងៃទី​១៨ ឧសភា​នេះ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​វ័យក្មេង​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ផ្អែកលើ​អភិក្រម​ទាំងពីរ​នេះ​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬ​តួអង្គ​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​បាន​ចូលរួម​អនុវត្ត​វិធានការ​បាន​ត្រឹមត្រូវ​និង​ទទួលបាន​លទ្ធផល​ល្អ នឹង​ត្រូវបាន​កត់ត្រា​ទុក​ជា​គុណសម្បត្តិ​ការងារ ។ ប៉ុន្តែ​ផ្ទុយ​មកវិញ​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬ​តួអង្គ​ពាក់ព័ន្ធ​ផ្សេងៗ ដែល​បាន​ប្រព្រឹត្ត​ខុសច្បាប់ ឬ​បាន​ឆ្លៀត​យក​ឱកាស​នៃ​យុទ្ធនាការ​នេះ ដើម្បី​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន តាមរបៀប ត្រីងៀត​ឆ្លៀត​ពង នឹងត្រូវ​កត់ត្រា​ទុកជា​កំហុស​ដែល​នឹងត្រូវ​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​ជាមួយនឹង​ការទទួលខុសត្រូវ​ទាំង​ផ្នែក​វិជ្ជាជីវៈ ទាំង​ផ្នែក​ផ្លូវច្បាប់​»​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៤ មេសា សាលាដំបូង​រាជធានី ខេត្ត មាន​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​កំពុង​ចាត់ការ​សរុប​៣៩,១៥២​សំណុំរឿង​(​ក្នុងនោះ​សំណុំរឿង​គ្រឿងញៀន​៦,២៦០​ករណី​) និង​មាន​អ្នក​ជាប់ឃុំ​សរុប​ចំនួន​១២,៦៥១​នាក់ (​អ្នក​ជាប់ឃុំ​នៅក្នុង​សំណុំរឿង​គ្រឿងញៀន ៦,៩០០​នាក់​) ។ សំណុំរឿង​ទាំងនេះ ត្រូវបាន​បែងចែក​ជា​៣​ដំណាក់កាល ដោយ​នៅត្រឹម​អយ្យកា​មាន​៦,៦៩៣​សំណុំរឿង នៅ​ដំណាក់កាល​ស៊ើបសួរ​មាន​២០,៧៤៧​សំណុំរឿង (​ក្នុងនោះ​សំណុំរឿង​មានខ្លួន​៤,៣៦៦​សំណុំរឿង និង​មាន​ជន​ត្រូវ​ចោទ​៦,៨២៨​នាក់​) និង​ដំណាក់កាល​ចុងក្រោយ គឺ​ជំនុំជម្រះ​មាន ១១,៧១២​សំណុំរឿង​និង​មាន​ជនជាប់ចោទ ហើយ​ត្រូវ​ឃុំ​៥,៨២៣​នាក់​។ នេះ​បើតាម​របាយការណ៍​ក្រសួងយុត្តិធម៌ ដែល​អាន​ដោយ​លោក កើត រិ​ទ្ធ ។​
 
​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ផ្អែក​តាម​ទិន្នន័យ​ដែល​ប្រមូលបាន គ្រាន់តែ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ សំណុំរឿង​ដែល​នៅសល់​មិនទាន់​ចាត់ការ​រួច​ពី​ឆ្នាំ​២០១៩ មាន​រហូតដល់​១២,០០០​សំណុំរឿង ហើយ​សំណុំរឿង​ដែល​ចូល​ថ្មី មាន​ជា​មធ្យម​ប្រមាណ​ពី​៧០០​រឿង​ទៅ​៩០០​រឿង​ក្នុង​មួយខែ ដែល​ធ្វើឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុងស្ថានភាព​បច្ចុប្បន្ន​មិនអាច​ឆ្លើយតប​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ បាន​ដោយ​ខ្លួនឯង​នោះទេ​។​សាលាដំបូង​មួយចំនួនទៀត​នៅតាម​បណ្ដា​ខេត្ត ក៏​ជួប​បញ្ហា​ប្រឈម​ដូចគ្នានេះដែរ ជាពិសេស​ខេត្ត​ដែលមាន​បទល្មើស​គ្រឿងញៀន​»​។​
 
​តាមពិត​សំណុំរឿង​គរ​ច្រើន​នៅក្នុង​តុលាការ​នោះ កើតមាន​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ ដោយ​សំណុំរឿង​ខ្លះ​អូស​បន្លាយពេល​ដោះស្រាយ​ពី​១​ឆ្នាំទៅ​២​ឆ្នាំ ឬ​លើសពីនេះ​ក៏មាន​។ ជុំវិញ​បញ្ហា​នេះ មានមតិ​មួយចំនួន បាន​រិះគន់ថា ការអូសបន្លាយ​ពេល​ដោះស្រាយ​បញ្ហា​រហូតដល់​សំណុំរឿង​ឡើងគរ​ដូច​ភ្នំ​នេះ អាចមកពី​អំពើ​ពុករលួយ​ក្នុង​តុលាការ តាមរយៈ​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬ​តួអង្គ​ពាក់ព័ន្ធ​ផ្សេងៗ ។ ក្នុងន័យនេះ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​លោក សន ជ័យ បាន​បន្ថែមថា ដំណើរការ​ដោះស្រាយ​បញ្ហាយឺតយ៉ាវ​នៅ​ប្រព័ន្ធតុលាការ​នេះ ក៏​ទំនង​មានការ​ប្រព្រឹត្ត​ដូច​ការរិះគន់​កន្លងមក​នេះ​មែន​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សន ជ័យ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការយឺតយ៉ាវ ការអូសបន្លាយ​ពេល​សំណុំរឿង សម្រាប់​ដំណើរការ​នីតិវិធី​មួយ​ហ្នឹង វា​សុទ្ធតែ​បង្ក​ភាពមិនប្រក្រតី​ហើយ​។ ភាពមិនប្រក្រតី បើ​មានការ​ស៊ើបអង្កេត បើ​មានការ​វែកញែករ​កមូ​ល​ហេតុ គឺ​ចៀស​មិន​រួច​ទេ ពី​រឿង​បន្ទច់បង្អាក់ ដែលនាំឱ្យ​មានការ​ទូទាត់​ជា​លុយ​ជា​កាក់ ដើម្បី​ព​ន្លឿ​ន​នីតិវិធី ព​ន្លឿ​ន​សំណុំរឿង ។ នេះ​ខ្ញុំ​មើល​ទៅលើ​ទិដ្ឋភាព​រដ្ឋបាល​»​។ 
 
​តែ​យ៉ាងណា​លោក កើត រិ​ទ្ធ បាន​អះអាងថា ការយឺតយ៉ាវ​ដោះស្រាយ​បញ្ហា​សំណុំរឿង ដែលនាំឱ្យ​មានការ​កកស្ទះ​នេះ គឺ​មិនមែន​មកពី​បញ្ហា​ពុករលួយ​ក្នុង​ប្រព័ន្ធតុលាការ​ទេ ប៉ុន្តែ​មកពី​ករណី​បទល្មើស​កើតឡើង​ច្រើន ស្របពេល​ការអនុវត្ត​វិធានការ​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​ទាំងនោះ មាន​ប្រសិទ្ធភាព​។​
 
​ឆ្លើយតប​នឹង​សំនួរ​របស់​អ្នកសារព័ត៌មាន​ជុំវិញ​ករណីនេះ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រសួងយុត្តិធម៌ បាន​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហើយ ជាពិសេស​ការធានា​អភិក្រម​ទាំងពីរ មានន័យថា អនុវត្ត​ដោះស្រាយ​ការកកស្ទះ​(​សំណុំរឿង​) ដោយ​ផ្អែក​តាមផ្លូវ​ច្បាប់ ហើយ​ទី​ពីរ គឺ​ធានា​កុំឱ្យ​មាន​ករណី​ត្រីងៀត​ឆ្លៀត​ពង​។ អ៊ីចឹង​បើសិន​មាន​ករណីនេះ​កើតឡើង ខ្ញុំ​សុំ​បញ្ជាក់​ម្ដង​ហើយ​ម្ដងទៀត ហើយ​សុំ​បញ្ជាក់​ជាថ្មី​ថា បើ​មាន​ករណី​(​មន្ត្រី​យុត្តិធម៌​ប្រព្រឹត្ត​ពុករលួយ​ក្នុងការ​ដោះស្រាយ​សំណុំរឿង​) ចែករំលែក​ព័ត៌មាន​នេះ មក​ក្រសួង ឬ​(​ពលរដ្ឋ​) ក៏​អាច​ប្ដឹងទៅ​ACU (​អង្គភាព​ប្រឆាំង​អំពើពុករលួយ​)​ក៏បាន​។ បើសិនជា​រកឃើញ​(​ករណី​ពុករលួយ​) ក្រសួងយុត្តិធម៌ នឹង​ចាត់​នីតិវិធី​តាមច្បាប់​យ៉ាង​ម៉ឺងម៉ាត់​»​។​
 
​ក្រៅពី​ករណី​បង្ក្រាប​បទល្មើស​បាន​ច្រើន​ហើយ ការប្រើប្រាស់​នីតិវិធី​សើ​ប​សួរ និង​ចំនួន​ព្រះរាជអាជ្ញា​តិចជាង​សំណុំរឿង​ក៏​ជា​មូលហេតុ​ដែលនាំឱ្យ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​ដែរ​។ លោក កើត រិ​ទ្ធ បាន​បន្ថែមថា តាម​នីតិវិធី​ច្បាប់ ព្រះរាជអាជ្ញា​មាន​៣​ជម្រើស​ក្នុងការ​ចោទប្រកាន់ គឺ​ការបញ្ជូន​សំណុំរឿង​ទៅ​ជម្រះ​ផ្ទាល់ ការបង្ហាញ​ខ្លួន​ភ្លាម និង​ការបញ្ជូន​រឿង​ទៅ​ចៅក្រម​ស៊ើបសួរ​។ ប៉ុន្តែ​ជាក់ស្ដែង​កន្លងមក ព្រះរាជអាជ្ញា​ច្រើន​ចេញ​ការចោទប្រកាន់ តាមបែប​ការបញ្ជូន​រឿង​ទៅ​ចៅក្រម​ស៊ើបសួរ ដែលនាំឱ្យ​អូសបន្លាយ​ពេល​យូរ​។ 
 
​បើតាម​រដ្ឋមន្ត្រី​វ័យក្មេង​នៃ​ក្រសួងយុត្តិធម៌​នេះ បទឧក្រិដ្ឋ និង​បទមជ្ឈិម​ដែល​ស្មុគស្មាញ ទើប​តម្រូវ​ឲ្យ​មាន​បើក​ការ​ស៊ើបសួរ​។ ចំណែក​បទលហុ​គឺ​មិន​តម្រូវ​ឲ្យ​មាន​បើក​ការ​ស៊ើបសួរ​ឡើយ​។ លោក កើត រិ​ទ្ធ បន្ថែមថា បទមជ្ឈិម​មួយចំនួន និង​បទលហុ គឺមាន​នីតិវិធី​២​ផ្សេងទៀត គឺ​ព្រះរាជអាជ្ញា​ប្រើ​វិធី​ចោទ​ដោយ​បញ្ជូន​រឿង​ទៅ​ចៅក្រម​ជំនុំជម្រះ​ផ្ទាល់ និង​ការ​បង្ហាញខ្លួន​ភ្លាម​។​
 
«​សំណុំរឿង​ដែល​ច្រើនជាងគេ​ក្នុងការ​កកស្ទះ​ធ្វើការ​ពិនិត្យ​គឺ កកស្ទះ​នៅ​ដំណាក់​ការ​ស៊ើបសួរ​នេះ​ក៏​ច្រើន​ដែរ អ៊ីចឹង​យើង​លើកទឹកចិត្ត​ជាការ​គាំទ្រ​ផ្នែក​ច្បាប់ លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​វិធី​ចោទប្រកាន់ ពីរ​ផ្សេងទៀត ក្រៅពី​ការបើក​ការ​ស៊ើបសួរ​ទៅ​ចៅក្រម​ស៊ើបសួរ ដែល​ធ្វើ​ឲ្យ​រឿង​កកស្ទះ​នៅ​ទៅនោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក កើត រិ​ទ្ធ ដែល​បាន​អះអាងថា បច្ចុប្បន្ន​ចៅក្រម​១​នាក់ អាច​ដោះស្រាយ​សំណុំរឿង​១២៩​ករណី​ក្នុង​១​ឆ្នាំ បើ​គិត​ជា​មធ្យម​។​
 
​តែ​យ៉ាងណា​លោក សន ជ័យ នៅតែ​ស្នើឱ្យ​ក្រសួងយុត្តិធម៌ ស៊ើបអង្កេត​ឱ្យបាន​ស៊ីជម្រៅ​លើ​ករណី​យឺតយ៉ាវ​កន្លងមកនេះ ព្រោះ​វា​បានធ្វើឱ្យ​ប៉ះពាល់​កម្រិតជីវភាព និង​ការរស់នៅ​របស់​ពលរ​ដ្ឋ​ខ្លាំង​។ ជាពិសេស​ព​ន្លឿ​ន​នីតិវិធី​ដោះស្រាយ​សំណុំរឿង​។ «​ប្រព័ន្ធ ឬ​មូលហេតុ​នៃ​ការយឺតយ៉ាវ​នៅក្នុង​ការចាត់ការ​នៅក្នុង​សំណុំរឿង វា​គួរតែមាន​ការស៊ើបអង្កេត​ឱ្យ​ស៊ីជម្រៅ​ដែរ​។ ចំណុច​នេះ​ខ្ញុំ​គិតថា​ក្រសួងយុត្តិធម៌ គួរតែ​ជួយ​ព​ន្លឿ​ន​។ ក្រសួងយុត្តិធម៌​មិនមែនជា​អារកាត់​ជំនួស​តុលាការ​ទេ ក៏ប៉ុន្តែ​ត្រូវ​រក​វិធី​មួយ ដើម្បី​ជំរុញ​នីតិវិធី​ឱ្យមាន​ការចាត់ការ​នៅក្នុង​សំណុំរឿង​ហ្នឹង​ឱ្យបាន​ឆាបរហ័ស កុំឱ្យ​អូសបន្លាយ​។ ការអូសបន្លាយ​តាម​បច្ចេកទេស វា​តែងតែ​នាំឱ្យមាន​ផលប៉ះពាល់​ទៅដល់​ក្រុម​ដែល​រងគ្រោះ​ពី​បញ្ហា និង​បទល្មើស​»​។ នេះ​ជាការ​លើកឡើង​របស់​នា​យក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​។​
 
​ក្រសួងយុត្តិធម៌ រំពឹងថា យុទ្ធនាការ​នេះ នឹង​អាច​កាត់បន្ថយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត ពី​៥០​ភាគរយ ទៅ​៧០​ភាគរយ នៅក្នុង​រយៈពេល​៦​ខែ ដែល​អាចជួយ​ឱ្យ​ស្ថាប័ន​តុលាការ មាន​សមត្ថភាព​កាន់តែ​ប្រសើរឡើង​ជាង​មុន ក្នុង​ការផ្ដល់សេវា​យុត្តិធម៌ ក៏ដូចជា​សោះ​ស្រាយ​សំណុំរឿង​ឱ្យបាន​ឆាប់រហ័ស ស្របតាម​ច្បាប់​ជា​ធរមាន​។ «​បន្ទាប់ពី​ដាក់ចេញ​នូវ​យុទ្ធនាការ​នេះ ក្រសួងយុត្តិធម៌ នឹង​តាមដាន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​យុទ្ធនាការ ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​អាច​កើតមានឡើង​ក្នុងអំឡុងពេល​យុ​ទ្ទ​នា​ការ ព្រមទាំង​បូកសរុប​និង​វាយតម្លៃ​អំពី​លទ្ធផល​នៃ​ការអនុវត្ត​យុទ្ធនាការ ដែល​អាច​ប្រើ​ជា​មូលដ្ឋាន​សម្រាប់​ទិសដៅ​កំណែទម្រង់​នាពេល​អនាគត​»​។ នេះ​ជាការ​បន្ថែម​របស់​រដ្ឋ​មន្ត្រី​យុត្តិធម៌​៕
 
 

Tag:
 កើត រិ​ទ្ធ​
  ក្រសួងយុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com