COVID-19
អន្តរជាតិ
ក្រោយត្រូវរិះគន់រឿង COVID-19, លោកត្រាំ បោះសម្ដីថា លោកអូបាម៉ា ជាប្រធានាធិបតីគ្មានសមត្ថភាព
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានវាយបកទៅកាន់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលរិះគន់ចំណាត់ការរដ្ឋបាលរបស់លោកលើការគ្រប់គ្រងជំងឺ COVID-19 ។ ទំនងក្ដៅស្លឹកត្រចៀកខ្លាំង លោក ត្រាំ បានហៅលោក អូបាម៉ា ជាប្រធានាធិបតីគ្មានសមត្ថភាព។
ប្រធានាធិបតីទី៤៤ និងទី៤៥ របស់អាមេរិក បានបោះសម្ដីដាក់គ្នាទៅវិញទៅមកលើការដោះស្រាយវិបត្តិ COVID-19 ដែលរាតត្បាតពេញទឹកដីអាមេរិក។ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីទី៤៤ បានរិះគន់លោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៥ របស់អាមេរិកដែលមិនអាចដោះស្រាយបញ្ហាសុខាភិបាលនេះឲ្យបាន។
ក្នុងសារវីដេអូដើម្បីអបអរការបញ្ចប់ការសិក្សារបស់សិស្សអាមេរិកដែលផ្សាយនៅថ្ងៃទី១៦ ខែឧសភា លោក អូបាម៉ា និយាយថា ការឆ្លើយតបរបស់រដ្ឋបាលប្រធានាធិបតី ត្រាំ ជាមហន្តរាយមួយ។ ជាការរិះគន់ដ៏កម្រមួយលើអ្នកបន្តតំណែងរបស់ខ្លួន លោក អូបាម៉ា លើកឡើងថា វិបត្តិ COVID-19 បានទម្លាក់វាំងនននៃគំនិតដែលថា មានមេដឹកនាំជាច្រើនកំពុងដឹកនាំប្រទេស។ ដោយមិនបញ្ចេញឈ្មោះអ្នកណា
លោក អូបាម៉ា និយាយឥតលាក់លៀមថា មានមេដឹកនាំជាច្រើន មិនទាំងបានសម្ដែងថា ពួកគេកំពុងដឹកនាំប្រទេសផង។
សម្ដីលោក អូបាម៉ា ធ្វើឲ្យលោក ត្រាំ រង្កៀសចិត្តយ៉ាងខ្លាំង។ ប្រាប់អ្នកសារព័ត៌មានពេលចុះពីយន្តហោះ Marine One នៅថ្ងៃទី១៧ ខែឧសភា លោក ត្រាំ បានរិះគន់លោក អូបាម៉ា ខ្លាំងៗហើយចាត់ទុកជាមេដឹកនាំគ្មានសមត្ថភាព។
«គាត់ជាប្រធានាធិបតីគ្មានសមត្ថភាព។ នេះជាអ្វីដែលខ្ញុំអាចនិយាយបាន។ ប្រធានាធិបតីគ្មានសមត្ថភាព។» នេះជាការបញ្ជាក់របស់លោក ត្រាំ ដែលទីភ្នាក់ងារព័ត៌មាន Xinhua ។ ក្នុងសារ Twitter ក្រោយមក មេដឹកនាំអាមេរិករូបនេះបន្តវាយប្រហារលោក អូបាម៉ា ដោយអះអាងថា រដ្ឋបាលលោក អូបាម៉ា ជារដ្ឋបាលដែលពុករលួយ និងគ្មានសមត្ថភាពបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។ លោកបន្តថា លោក អូបាម៉ា និងអនុប្រធានាធិបតី ចូ បៃឌិន ជាមូលហេតុដែលលោកឈានជើងចូលសេតវិមាន។
មកទល់ពេលនេះ អាមេរិកមានករណីឆ្លង COVID-19 ចំនួនជាង១លាន៥សែននាក់ និងស្លាប់ជាង៩ម៉ឺននាក់។ នេះបើតាមវេបសាយ Worldometers ។
Tag:
អាមេរិក
ដូណាល់ ត្រាំ
បារ៉ាក់ អូបាម៉ា
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com