COVID-19
អន្តរជាតិ
ក្រោយ​ត្រូវ​រិះគន់​រឿង COVID-19, លោក​ត្រាំ បោះសម្ដី​ថា លោក​អូ​បា​ម៉ា ជា​ប្រធានាធិបតី​គ្មាន​សមត្ថភាព​
18, May 2020 , 11:19 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​វាយបក​ទៅកាន់​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​រិះគន់​ចំណាត់ការ​រដ្ឋបាល​រប​ស់លោក​លើ​ការគ្រប់គ្រង​ជំងឺ COVID-19 ។ ទំនង​ក្ដៅស្លឹកត្រចៀក​ខ្លាំង លោក ត្រាំ បាន​ហៅ​លោក អូ​បា​ម៉ា ជា​ប្រធានាធិបតី​គ្មាន​សមត្ថភាព​។

 
​ប្រធានាធិបតី​ទី​៤៤ និង​ទី​៤៥ របស់​អាមេរិក បាន​បោះសម្ដី​ដាក់គ្នា​ទៅវិញទៅមក​លើ​ការដោះស្រាយ​វិបត្តិ COVID-19 ដែល​រាតត្បាត​ពេញ​ទឹកដី​អាមេរិក​។ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​ទី​៤៤ បាន​រិះគន់​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​ទី​៤៥ របស់​អាមេរិក​ដែល​មិនអាច​ដោះស្រាយ​បញ្ហា​សុខាភិបាល​នេះ​ឲ្យ​បាន​។​
 
​ក្នុង​សារ​វីដេអូ​ដើម្បី​អបអរ​ការបញ្ចប់​ការសិក្សា​របស់​សិស្ស​អាមេរិក​ដែល​ផ្សាយ​នៅ​ថ្ងៃទី​១៦ ខែឧសភា លោក អូ​បា​ម៉ា និយាយថា ការឆ្លើយតប​របស់រ​ដ្ឋ​បាល​ប្រធានាធិបតី ត្រាំ ជា​មហន្តរាយ​មួយ​។ ជាការ​រិះគន់​ដ៏​កម្រ​មួយ​លើ​អ្នក​បន្ត​តំណែង​របស់ខ្លួន លោក អូ​បា​ម៉ា លើកឡើងថា វិបត្តិ COVID-19 បាន​ទម្លាក់​វាំងនន​នៃ​គំនិត​ដែលថា មាន​មេដឹកនាំ​ជាច្រើន​កំពុង​ដឹកនាំ​ប្រទេស​។ ដោយ​មិន​បញ្ចេញ​ឈ្មោះ​អ្នកណា​
​លោក អូ​បា​ម៉ា និយាយ​ឥត​លាក់លៀម​ថា មាន​មេដឹកនាំ​ជាច្រើន មិន​ទាំង​បាន​សម្ដែង​ថា ពួកគេ​កំពុង​ដឹកនាំ​ប្រទេស​ផង​។​
 
​សម្ដី​លោក អូ​បា​ម៉ា ធ្វើ​ឲ្យ​លោក ត្រាំ រង្កៀស​ចិត្ត​យ៉ាងខ្លាំង​។ ប្រាប់​អ្នកសារព័ត៌មាន​ពេល​ចុះ​ពី​យន្តហោះ Marine One នៅ​ថ្ងៃទី​១៧ ខែឧសភា លោក ត្រាំ បាន​រិះគន់​លោក អូ​បា​ម៉ា ខ្លាំងៗ​ហើយ​ចាត់ទុកជា​មេដឹកនាំ​គ្មាន​សមត្ថភាព​។ 
 
«​គាត់​ជា​ប្រធានាធិបតី​គ្មាន​សមត្ថភាព​។ នេះ​ជា​អ្វីដែល​ខ្ញុំ​អាចនិយាយបាន​។ ប្រធានាធិបតី​គ្មាន​សមត្ថភាព​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ត្រាំ ដែល​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។ ក្នុង​សារ Twitter ក្រោយមក មេដឹកនាំ​អាមេរិក​រូបនេះ​បន្ត​វាយប្រហារ​លោក អូ​បា​ម៉ា ដោយ​អះអាងថា រដ្ឋបាល​លោក អូ​បា​ម៉ា ជា​រដ្ឋបាល​ដែល​ពុករលួយ និង​គ្មាន​សមត្ថភាព​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។ លោក​បន្តថា លោក អូ​បា​ម៉ា និង​អនុ​ប្រធានាធិបតី ចូ បៃ​ឌិន ជា​មូល​ហេតុដែល​លោក​ឈាន​ជើង​ចូល​សេត​វិមាន​។ 
 
​មកទល់ពេលនេះ អាមេរិក​មាន​ករណី​ឆ្លង COVID-19 ចំនួន​ជាង​១​លាន​៥​សែន​នាក់ និង​ស្លាប់​ជាង​៩​ម៉ឺន​នាក់​។ នេះ​បើតាម​វេ​ប​សាយ Worldometers ។​
 
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com